ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្ដ​ប៉ៃលិន​ថា​៖ ការដឹង​សុខទុក្ខ​ដល់​បងប្អូន​អតីតយុទ្ធជន​ជាការ​ឆ្លើយតប​ទៅនឹង​គោ​លន​យោ បាយ​របស់​រាជរដ្ឋាភិបាល​

135

ប៉ៃលិន​៖ លោកស្រី បាន ស្រីមុំ ឣ​ភិ​បាល​ខេត្ត និង​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ព្រមទាំង​ក្រុមការងារ និង​អាជ្ញា​មូលដ្ឋាន បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​ទៅ​ឧបត្ថម្ភ​ដល់​បងប្អូន​អតីតយុទ្ធជន ចំនួន ៨០​គ្រួសារ មកពី​ឃុំ​ទាំង ០៤ ក្នុងស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ ឣ​ង្ករ ,​ទឹកស៊ីអ៊ីវ​, ត្រីខ​, មី​, ឣា​ល់​កុល និង​ថវិកា ចំនួន ៥​ម៉ឺន​រៀល ដែលជា​ឣំ​ណោ​យ​របស់ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃទី​០៧ មីនា ឆ្នាំ​២០២១ ។

លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន បាន បញ្ជាក់ថា​៖ ការចុះ​សាកសួរ​សុខទុក្ខ​ដោយផ្ទាល់​នៅ​មូលដ្ឋាន ជាមួយ​បងប្អូន​អតីតយុទ្ធជន​កម្ពុជា គឺជា​កត្តា​ដ៏​សំខាន់​សំរាប់ធ្វើ​ការដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា នូវ​បញ្ហា​ប្រឈម​ដែល​កើត​ឡើងលើ​ពួកគាត់ រួមមាន​៖ ជីវភាព​ក្រីក្រ គ្មាន​ទីពឹង គ្មាន​លំនៅឋាន ជាដើម ដូច្នេះ​ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន ក៍​ដូចជា​ថ្នាក់ដឹកនាំ និង​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត ត្រូវ​យកចិត្តទុកដាក់​ជួយ​សាងសង់​ផ្ទះសំបែង ផ្តល់​ដី​បង្កបង្កើនផល ព្រមទាំង​ឧបត្ថម្ភ​ថវិកា ស្បៀងអាហារ​ផ្សេងៗ ជូន​បងប្អូន​ដែលមាន​ជីវភាព​ខ្វះខាត ដើម្បីឱ្យ​ក្រុមគ្រួសារ​អតីតយុទ្ធជន​យើង មានលទ្ធភាព​បន្តការងារ​ប្រកបមុខរបរ​ចិញ្ចឹមជីវិត តាម​លទ្ធភាព​រៀងៗ​ខ្លួន ព្រោះថា​បងប្អូន​បានធ្វើ​ពលី​កម្ម​បូជា​សាច់​ស្រស់​ឈាម​ស្រស់ លះបង់​កម្លាំងកាយ​ចិត្ត និង​ក្តី​សុខ​ផ្ទាល់ខ្លួន ដើម្បី​ការពារជាតិ​មាតុភូមិ ក្នុងសម័យ​សង្គ្រាម ដោយ​ដណ្តើមយក​សន្តិភាព​ជូន​ដល់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។​

លោកស្រី អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​បញ្ជាក់ថា​៖ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ និង​ប្រជាជន​កម្ពុជា​គ្រប់រូប បាន​ចងចាំ​នូវ​ពលី​កម្ម​ដ៏​ធំធេង​មិនអាច​កាត់ថ្លៃ​បាន​ចំពោះ​យុទ្ធជន យុទ្ធ​នារី ប្រជាជន និង​អ្នកស្នេហាជាតិ​ទាំងឡាយ ដែល​បានធ្វើ​ពលី​កម្ម​បូជា​សាច់​ស្រស់​ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​គ្រប់​ដំណាក់កាល ព្រោះ​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍​ដែល​បាន​បំផ្លិចបំផ្លាញ​សង្គមជាតិ​ខ្ទេចខ្ទី​ដល់​ប្ញ​សគល់ ព្រមទាំង​បាន​បន្សល់ទុក​នូវ​អតីតយុទ្ធជន ដែលជា​ជនពិការ និវត្តន៍​ជន ជន​បាត់បង់​សមត្ថភាព​ការងារ និង​គ្រួសារ​យុទ្ធជន​ពលី មរណៈ​ជាច្រើន ហើយ​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ មក រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ជានិច្ច​ជា​កាល​បានគិត​គូរ​ដល់​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​អតីតយុទ្ធជន និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ តាមរយៈ​ការអភិវឌ្ឍ​មូលដ្ឋាន ផ្តល់​សម្ភារ​ជួយ​ជីវភាព ព្រមទាំង​ការចុះ​សួរសុខទុក្ខ​ដល់​អង្គភាព​ផងដែរ​។​

នៅក្នុង​ឱកាស​នោះ លោកស្រី បាន ស្រីមុំ ក៍បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​អតីតយុទ្ធជន​កម្ពុជា​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​របស់ខ្លួន​ឱ្យបាន​ល្អ ហើយ​បើសិន​មាន​អាការ​មិន​ស្រួល ឬ​សង្ស័យថា​ខ្លួន​កើត​ជំងឺ​តម្កាត់​ផ្សេងៗ ត្រូវយក​ប័ណ្ណ ប​.​ស​.​ស ទៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​ខេត្ត ដែល​នៅ​ជិត ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ជម្ងឺ ឱ្យបាន​ទាន់ពេលវេលា ដោយ​ឥតគិតថ្លៃ​។​
សូមបញ្ជាក់ថា​៖ បច្ចុប្បន្ន​អតីត យុទ្ធជន​កម្ពុជា​ខេត្ត​ប៉ៃលិន មាន​ចំនួន​សរុប ១៣៧៩ នាក់ ក្នុងនោះ​យុទ្ធជន​ពិការ ចំនួន ៨១៧​នាក់ និវត្តន៍​ជន ចំនួន ៣៧១​នាក់ បាត់បង់​សមត្ថភាព ចំនួន ១៥​នាក់ ពលី ១៤០​នាក់ មរណៈ​ចំនួន ៣៦​នាក់ ក្នុងនោះ​មុខសញ្ញា​ដែល​គ្មាន​ដី គ្មាន​ផ្ទះ និង​រស់នៅ​លើដី​សាធារណៈ​សរុប ៣៦ គ្រួសារ​៕.​សំរិត​

អត្ថបទដែលជាប់ទាក់ទង