ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដុត​កម្ទេច​ទំនិញ​ខូចគុណភាព និង​ក្លែងបន្លំ​ម៉ាក​សញ្ញា ចំនួន ០៩​មុខ ទម្ងន់​ជាង​១​តោន

93

 

​សៀមរាប ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ដុត​បំផ្លាញចោល​ទំនិញ​ខូចគុណភាព និង​ក្លែងបន្លំ​ម៉ាក​សញ្ញា​ចំនួន​០៩​មុខ ស្មើនឹង​ទម្ងន់​ជាង ០១​តោន ឯ​ជនសង្ស័យ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ។​

​ពិធី​នេះ​ធ្វើឡើង​នៅ​ទីលាន​ចាក់សំរាម ស្ថិតនៅ​ក្នុងភូមិ​អន្លង់​ពីរ ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក ជ្រិញ គឹម​នី នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការដុត​កម្ទេច​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ ធារ៉ា ស្នងការរង ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច តំណាង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ដោយមាន​ការចូលរួម​ពី​លោក ថេ​ង សំណាង ព្រះរាជអាជ្ញារង នៃ​អយ្យការ អម​សាលាដំបូង​ខេត្តសៀមរាប លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទូច យុ​ទ្ធា អនុប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ លោក លឹម កង អនុប្រធាន​ការិយាល័យ​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តសៀមរាប លោក សូរ ប្លា​តុង អភិបាល នៃ​គណៈ​អភិបាលស្រុក​ប្រាសាទបាគង លោក​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង និង​អាជ្ញាធរ​មូលដ្ឋាន​។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ មន្ត្រី​ជំនាញ​នៃ​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តសៀមរាប និង​អាជ្ញាធរ​មូលដ្ឋាន ដោយមាន​ការដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ លោក ថេ​ង សំណាង ព្រះរាជអាជ្ញារង អម​សាលា​ដំបូល​ខេត្តសៀមរាប បាន​ចុះបង្ក្រាប​ករណី​បទ​រំលោភ​កម្មសិទ្ធិបញ្ញា ដែល​បាន​ស្ដុក លក់ និង​ចែកចាយ​ផលិតផល​ក្លែងក្លាយ​បន្លំ​ម៉ាក​សញ្ញា Lotus with leg in Japanese Characters និង​ម៉ាក​សញ្ញា Bento & Device ស្ថិតនៅ​ផ្ទះ​លេខ ១១២-១១៤ ផ្លូវ​លេខ ១២ (​បុរី​សៀង​ណាំ​) ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដែលមាន​ម្ចាស់​ឈ្មោះ ផុ​ក ឆៃ អាយុ ៤៧​ឆ្នាំ សញ្ញ្ជាតិ​ខ្មែរ និង​ប្រពន្ធ​ឈ្មោះ អ៊ឹង ជូ អាយុ ៣៦​ឆ្នាំ សញ្ជាតិ​ខ្មែរ ។​

​សមត្ថកិច្ច​ចម្រុះ បាន​ដកហូត​វត្ថុតាង​ទំនិញ​ខូចគុណភាព ដែល​ក្លែងបន្លំ​ម៉ាក​សញ្ញា និង​ផុត​កាលបរិច្ឆេទ​ប្រើប្រាស់ សរុប​ចំនួន ០៩​មុខ ស្មើនឹង​ទម្ងន់​ជាង ០១ តោន រួមមាន​៖១-​នំ Stick Biscuit កញ្ចប់​ពណ៌​ក្រហម​-​លឿង ចំនួន ៤៤៨០​កញ្ចប់​។ ២-​សំបក​វេច​ខ្ជ​ប់ Good Taste (​លឿង​-​ខៀវ​) ចំនួន ០៨​គីឡូក្រាម​។ ៣-​សំបក​វេច​ខ្ជ​ប់ Good Taste (​លឿង​-​បៃតង​) ចំនួន ១៨​គីឡូក្រាម​។​
៤-​នំ​សរសៃ​មឹក (​មិនទាន់​វេច​ខ្ជ​ប់​) ចំនួន ០២​ស្បោង ១១​គីឡូក្រាម ។ ៥-​មី​សេះ​ក្រហម ចំនួន ៤៨​កេស ស្មើនឹង ២៤០០​កញ្ចប់​។​៦-​នំ​ម្ទេស​ខ្លា Showka មិនទាន់​វេច​ខ្ជ​ប់ ចំនួន ០៨​បាវ ស្មើនឹង ៥៦​គីឡូក្រាម ។ ៧-​នំ​ពាក់កណ្ដាល​សម្រេច ចំនួន ២១​បាវ ស្មើនឹង ៥៧៨​គីឡូក្រាម ។ ៨-​សំបក​វេច​ខ្ជ​ប់ Showka (​លឿង​) ចំនួន ១៤​គីឡូក្រាម ។ ៩-​នំកង​បំពង​មឹក​រួយ ចំនួន ២៣​ការុង​ធំ ។​

​ចំពោះ​ជនសង្ស័យ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ៕​

អត្ថបទដែលជាប់ទាក់ទង