ឃុំខ្លួនលោកឧកញ៉ាធី ហួត ករណីរំលោភលើទំនុកចិត្ត ជួលរថយន្តធុនធំ យកទៅប្រើការ បែរជាបញ្ចាំ និងលក់
កំពត ៖ ប្រធានក្រុមហ៊ុនហ្គោលរៀលអ៊ីស្ទេត លោកឧកញ៉ា ធី ហួត ត្រូវបានចៅក្រមសាលាដំបូងខេត្តកំពតបានសម្រេចដីការឃុំខ្លួនបណ្តោះអាសន្ន នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ពីបទរំលោភលើទំនុកចិត្ត ជួលរថយន្តធុនធំអ្នកដទៃជាង១០គ្រឿង យកទៅប្រើការ បែរជាបញ្ចាំ និងលក់គ្មានសល់។
បើយោងតាមលោកវរសេនីយ៍ឯក លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តកំពត បានប្រាប់កាសែតក្នុងស្រុកថា កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពត បានសម្រេចឃុំខ្លួនឈ្មោះ ធី ហួត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅ ភូមិសំរោង ឃុំប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ពីបទរំលោភលើទំនុកចិត្ត ព្រោះឧកញ៉ាម្នាក់នេះត្រូវបានគេប្ដឹងច្រើនរហូតជាង១០បណ្ដឹង។ កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ ក្នុងនាមជាប្រធានក្រុមហ៊ុនហ្គោលរៀលអ៊ីស្ទេត លោកឧកញ៉ា ធី ហួត បានជួលរថយន្តធុនធំជាង១០គ្រឿង ពីប្រជាពលរដ្ឋនៅខេត្តកំពត ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។ ព្រោះតែជួបវិបត្តិហិរញ្ញវត្ថុ លោកឧកញ៉ារូបនេះ បានយករថយន្តទាំងនោះទៅលក់ និងបញ្ចាំដាច់ទាំងអស់ ដូច្នេះហើយទើបម្ចាស់រថយន្តបានដាក់ពាក្យបណ្ដឹងនៅខេត្តកំពត រហូតសាលាដំបូងតម្រូវឱ្យចូលខ្លួន តែជនសង្ស័យបានព្យាយាមគេចវេះ។
លោក លក ញ៉ាវ បានបន្តថា ជាមួយដីកាបង្គាប់ឱ្យនាំខ្លួនរបស់សាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដាក់បទបញ្ជាដល់កម្លាំងក្រោមឱវាទឱ្យអនុវត្តដោយយកចិត្តទុកដាក់បំផុត។ លុះដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ពេលកំពុងល្បាតតាមដងផ្លូវជាតិលេខ៣ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យ ធ្វើដំណើរលើផ្លូវជាតិលេខ៣ ក៏នាំគ្នាដេញតាមទាន់ និងឃាត់ ខ្លួនបានពេលឆ្លងចូលដល់ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្ត តាកែវ នាំមកអនុវត្តតាមនីតិវិធីតែម្តង៕