ការងារអភិវឌ្ឍនៅតែបន្តជាក់ស្ដែងកំណាត់ផ្លូវជាតិលេខ៥ ឈានដល់ចាក់អ៊ុតកៅស៊ូ ទោះបីស្ថិតក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ក្ដី
ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៥ បានឈានដល់ការងារចាក់អ៊ុតស៊ូ២ស្រទាប់ កម្រាស់ ៩សង់ទីម៉ែត្រ ចាប់ពីផ្លូវភ្លោះមុខរោងចក្រ SKD ដល់មុខយឿត្រីត្រង់គីឡូម៉ែត្រលេខ៩ក្នុងខណ្ឌប្ញស្សីកែវគ្រោងបញ្ចប់នៅចុងខែមីនានេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញឱ្យដឹងនៅថ្ងៃទី១៥មីនានេះថា៖ គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៥ ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលឡើងវិញជាមួយនិងការពង្រីកទទឹងផ្លូវជាតិនេះផងដែរ ដែលគិតមកដល់ពេលនេះ ឈានដល់ការងារអ៊ុតកៅស៊ូហើយ ក្រោយពីបានធ្វើគ្រឹះនិងជួសជុលសំបុកមាន់រួចរាល់ ហើយការងារនេះគ្រោងនឹងបញ្ចប់
១០០ភាគរយនៅថ្ងៃទី២៥ មិនាខាងមុខនេះ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បើទោះបីស្ថិតក្នុងដំណាក់កាលការ រីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី តែរដ្ឋបាលរាជធានីភ្នំពេញដៃម្ខាងនៅតែធ្វើការអភិវឌ្ឍ ហើយដៃម្ខាងទៀតប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាក់សម្រាប់ពេលនេះស្របពេលដែលរាជធានីភ្នំពេញកំពុងប្រឈមនិងការរីករាលដាលជំងឺកូវីដ-១៩ តែក្រុមការងារនៅតែធ្វើការជួសជុលនិងការពង្រីកទទឹងផ្លូវជាតិលេខ៥ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ដោយចាប់ផ្តើមពីរោងចក្រSKD ដល់មុខយឿត្រី គីឡូម៉ែត្រលេខ៩ ។
មន្ត្រីដដែរបញ្ជាក់ទៀតថា៖ ចំពោះការងារដែលត្រូវអនុវត្តនោះរួមមាន ក្រុមការងារជួសជុលគ្រឹះនឹងអ៊ុតកៅស៊ូកម្រាស់៥សង់ទីម៉ែត្រ ប្រវែង២៧៦៥ម៉ែត្រទទឹងចន្លោះពី១០ម៉ែត្រទៅ១៣ម៉ែត្រ។ ការងារពង្រីកចិញ្ជើម ២ម៉ែត្រកន្លះសងខាង នឹងអ៊ុតកៅស៊ូកម្រាស់ ៩សង់ទីម៉ែត្រ ប្រវែង ១០៨៥ម៉ែត្រទទឺង៥ម៉ែត្រ ដោយចាប់ផ្ដើមអ៊ុតកាលពីថ្ងៃទី១០មីនា ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៥ មីនាខាងមុខនេះ។
បើតាមមន្ត្រីសាលាខណ្ឌឬស្សីកែវឲ្យដឹងដែរថា៖ ទីតាំងដែលកំពុងជួសជុលនេះតែងទទួលរងការដក់ទឹកភ្លៀង ជាប្រចាំទើប កាលពីពេលថ្មីៗនេះអាជ្ញាធរខណ្ឌបានបើកមុខទឹកមួយកន្លែង ដើម្បីនាំទឹកភ្លៀងដែលដក់លើផ្លូវនេះហូរទៅទន្លេ តាមប្រព័ន្ធលូមុខកាត់១ម៉ែត្រកន្លះប្រវែង២៥០ម៉ែត្រ។
ក្នុងនាមប្រជាពលរដ្ឋក្នុងខណ្ឌឬស្សីកែវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានធ្វើការជួសជុល កែលម្អរផ្លូវកំណាត់ផ្លូវជាតិ ដែលរងខូចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក ដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរ។
ចំពោះការងារជួសជុលកែលម្អរផ្លូវនេះនឹងបន្តធ្វើនៅគ្រប់ ទីតាំងឬផ្លូវដែលមានការខូចខាតក្រោយជំនន់ទឹកភ្លៀង ដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោង នឹងធ្វើការជួសជុល កែលម្អរ សរុប២៩ខ្សែក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ ៕