ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​រដ្ឋបាល​ស្រុកស្ទឹងហាវ ​នឹង​ចាត់វិធានការ​កាយ​ដី​​ចេញ និង​បន្ត​ស្វែងរក​អ្នក​ដែល​បាន​ចាក់ដី​ចូល​ដី​ឆ្នេរសមុទ្រ

78

 

​ភ្នំពេញ ៖ សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ស្រុក​ស្ទឹងហាវ ស្តីពី​ករណី​ជន​ឆ្លៀតឱកាស​ចាក់ដី​ចូលក្នុង​សមុទ្រ​នៅ​ចំណុច​ទីតាំង​មុខ ក្រុមហ៊ុន​កម្ពុជា​តេ​លា ស្ថិតនៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​។​

​សេចក្តីជូនដំណឹង​រប​ស់​រដ្ឋបាល​ស្រុក​ស្ទឹងហាវ ក្នុងពេល​ថ្មីៗ​នេះ ពេលដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​និង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ទទួលខុសត្រូវ​សាងសង់ កំណាត់​ផ្លូវ​លេខ​១៤៨ នៅ​ចំណុច​ទីតាំង​មុខ​ក្រុមហ៊ុន​កម្ពុជា​តេ​លា​ស្ថិតនៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បានធ្វើកា​រវាងផ្លូវ​ចាស់​កាត់​ទីតាំង​ដី​ជាប់​ឆ្នេរសមុទ្រ​នៅ​ទីតាំង​នោះ ក៏មាន​ប្រជាពលរដ្ឋ​ដែល​មិន​ស្គាល់ឈ្មោះ​ឆ្លៀតឱកាស​ដើម្បី​ចាក់ដី​ចូលក្នុង​សមុទ្រ ។​

​អនុលោម​តាម​សារាចរ​ណែនាំ​លេខ ០១ សរ​ណន ចុះ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១២ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការអភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​យោង​កំណត់ហេតុ​ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ ២០២១ និង​កំណត់ហេតុ​ចុះ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ របស់​រដ្ឋបាល​ស្រុក​ស្ទឹងហាវ ស្តីពី​ការចុះពិនិត្យ និង​ផ្អាក​សកម្មភាព​ការចាក់ដី​ចូល​សមុទ្រ​ស្ថិត នៅមុខ​ក្រុមហ៊ុន​តេ​លា ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​លិខិត​ការអនុញ្ញាត គ្មាន​អ្នកចេញ​មុខមក​ទទួល​ខុសត្រូវ ព្រមទាំង​បានគេច​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

​បើតាម​ក្រុមការងារ​បាន​សាកសួរ​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន នៅ​ទីនោះ​បញ្ជាក់ថា​សកម្មភាព​លួច​ចាក់ដី​នេះ បានធ្វើ​ឡើង​នៅពេល​យប់​។​

​រដ្ឋបាល​ស្រុក​ស្ទឹងហាវ​សូម​ជូនដំណឹង​ដល់​លោក​-​លោកស្រី ដែល​បាន​លួច​ធ្វើ​សកម្មភាព​ចាក់ដី​ចូល សមុទ្រ​នៅ​ពេលយប់​កន្លងមកនេះ​ថា ៖ ដី​ចំណី​ឆ្នេរសមុទ្រ​ត្រូវបាន​ចាត់ថ្នាក់​ជា​ដី​សាធារណៈ​របស់​រដ្ឋ និង​ត្រូវ​ហាមឃាត់​រាល់​ការកាន់កាប់ ឬ​សាងសង់​សំណង់​នានា ហើយ​បានកំណត់​ទុកជា​តំបន់​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​។

​ការអនុញ្ញាត​ក្នុងការ​ប្រើប្រាស់ ដី​ចំណី​ឆ្នេរសមុទ្រ​ត្រូវបាន​អនុវត្តតាម​ប្លង់គោល​ប្រើប្រាស់ ដី និង ផែនការ​ប្រើប្រាស់​ដី​រប​ស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែលមាន​សេចក្តីណែនាំ​លម្អិត​សម្រាប់​អនុវត្ត និង​បទ​ប្បញ្ញា​ត្តិ​ជា​ធរមាន ដើម្បី​ធានា​សុវត្ថិភាព​សាធារណៈ​សង្គម និង​បរិស្ថាន​។

​ដូចនេះ​រដ្ឋបាល​ស្រុក​តម្រូវ​ឲ្យ​លោក លោកស្រី​ដែលជា​អ្នកចាក់ដី​ចូល​សមុទ្រ នៅ​ទីតាំង​ទល់មុខ​ក្រុមហ៊ុន​តេ​លា​ធ្វើការ​កាយ​ចេញ​វិញ​ជាបន្ទាន់ និង​ចេញ​មុខមក​ដោះស្រាយ​ជាមួយ​រដ្ឋបាល​ស្រុក ពុំ​នោះទេ​រដ្ឋបាល​ស្រុក​នឹង​ចាត់វិធានការ​កាយ​ដី​នេះ​ចេញ និង​បន្ត​ស្វែងរក​អ្នក​ដែល​បាន​ចាក់ដី​ចូល​ដី​ឆ្នេរសមុទ្រ ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង