ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះករុណា ព្រះមហាក្សត្រ ប្រោស​ព្រះរាជទាន​សវនាការ ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​ទីក្រុង​សៀង​ហៃ

48

 

​ប៉េកាំង ៖ បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ព្រះបរមរាជវាំង​ថា នា​វេលា​រសៀល​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការ​:​ដ៏​ខ្ពង់​ខ្ពស់បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ទទួល​ជួប​សវន​ការ​ជាមួយ ឯកឧត្តម Li Qiang លេខាធិការ​នៃ​គណៈកម្មាធិការ​គណបក្ស​ក្រុង​សៀង​ហៃ និង​ឯកឧត្តម Gao Zheng អភិបាលក្រុង​សៀង​ហៃ ក្នុងឱកាស​ដែល​ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ស្តេចយាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​សៀង​ហៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

​ស្ថិតក្នុង​ព្រះរាជសវនាការ​ដ៏​ឧត្តុង្គឧត្តម​នោះ ឯកឧត្តម Li Qiang ក្នុងនាម​គណៈកម្មាធិកា​រ​គណបក្ស​ក្រុង រដ្ឋបាល​ក្រុង និង​ប្រជាជន​ទាំងអស់​នៃ​ទីក្រុង​សៀង​ហៃ បាន​ថ្វាយ​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត ចំពោះ​ព្រះរាជដំណើរ​ទស្សនកិច្ច​របស់ ព្រះអង្គ មកកាន់​ទីក្រុង​សៀង​ហៃ នៅពេលនេះ និង​បានទូល​ថ្វាយ​អំពី​ភាព​រីកចម្រើន​នានា​ទាំងឡាយ​ដែល​ទីក្រុង​សៀង​ហៃ​សម្រេចបាន​។

​ឯកឧត្តម បាន​បន្តថា ចំណងមិត្តភាព​ចិន – កម្ពុជា មាន​ប្រវត្តិសាស្ត្រ​យូរអង្វែង​ណាស់​មកហើយ ចំណងមិត្តភាព​រវាង​ប្រជាជន​ទាំងពីរ​មាន​ភាព​ស៊ីជម្រៅ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ការផ្លាស់ប្តូរ​នៅក្នុង​វិស័យ​ផ្សេងៗ​បន្ត​កាន់តែ​ស៊ីជម្រៅ​ជា​បន្តបន្ទាប់​ទៀត ដែល​បង្ហាញ​ពី​ចំណងមិត្តភាព​“ ដែកថែប​” មិនអាច​បំបែក​បាន​រវាង​ចិន​និង​កម្ពុជា​។

​ឯកឧត្តម បានលើកឡើង​ទៀតថា ទីក្រុង​សៀង​ហៃ គឺជា​ទីកន្លែង​កំណើត​របស់​បក្សកុម្មុយនិស្ត​ចិន ដែលជា​ទីក្រុង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​របស់​ចិន និង​ជា​ព្រំដែន​នៃ​ការកែទម្រង់ ដោយបាន​នឹង​កំពុង​អនុវត្ត​នូវ​ការណែនាំ​ដ៏​សំខាន់ៗ​របស់ ឯកឧត្តម​ប្រធានាធិបតី Xi JinPing មកកាន់​ទីក្រុង​សៀង​ហៃ និង​ព​ន្លឿ​ន​ការស្ថាបនា «​មជ្ឈមណ្ឌល​ទាំង​៥» និង​ទីក្រុង​អន្តរជាតិ​សង្គមនិយម​ទំនើប​មួយ​ដែលមាន​ភាព​រីកចម្រើន និង​បង្ហាញ​ពី​លក្ខណៈ​ដ៏​ពិសេស​នេះ​ទៅកាន់​ពិភពលោក​។ ឯកឧត្តម សង្ឃឹមថា​តាមរយៈ​ព្រះរាជដំណើរ​ទស្សនកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ នឹងធ្វើ​ឱ្យមាន​ការយល់​ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​ទីក្រុង​សៀង​ហៃ ព្រមទាំង​ជំរុញ​ការផ្លាស់ប្តូរ​មិត្តភាព​រវាង​ភាគី​ទាំងពីរ​ឱ្យ​ឈានដល់​កម្រិត​ថ្មី​មួយទៀត​។ ឯកឧត្តម ក៏បាន​លើកឡើង​ផងដែរ​ថា​យើង​នឹង​អនុវត្ត​ការមូល​មតិ​គ្នា​ដោយ​អស់ពី​ចិត្ត​ដោយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​គ្នា​លើ​វិស័យ​ផ្សេងៗ និង​ចូលរួម​វិភាគទាន​កាន់តែច្រើន​ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន – កម្ពុជា​។​

​ព្រះករុណា ព្រះមហាក្សត្រ ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជបន្ទូល​សំណេះសំណាល ក្នុង​ព្រះរាជសវនាការ​ដ៏​ឧត្តុង្គឧត្តម​នោះ​ថា ក្នុង​ដំណើរ​ព្រះរាជទស្សនកិច្ច​នៅ​ទីក្រុង​សៀង​ហៃ​នៅពេលនេះ ព្រះអង្គ​បាន​ទត​ឃើញ​អំពី​ការអភិវឌ្ឍន៍​ដ៏​រីកចម្រើន​នៃ​ទីក្រុង​អន្តរជាតិ​មួយ​នេះ ដែល​បាន​រំលឹក​ដល់ទី​តាំង​នៃ​មហាសន្និបាត​លើក​ទី ១ នៃ​បក្សកុម្មុយនិស្ត​ចិន និង​បានធ្វើ​ឲ្យ ព្រះអង្គ កាន់តែ​ឈ្វេងយល់​យ៉ាង​ស៊ីជម្រៅ​ថែមទៀត​ចំពោះ​សមិទ្ធិផល​ដ៏​អស្ចារ្យ​ដែល​ប្រជាជន​ចិន​សម្រេចបាន​ក្រោម​ការដឹកនាំ​របស់​បក្ស​កុ​ម្មុយ​និ​ស្ត​ចិន​។ ព្រះអង្គ បង្ហាញ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា​ប្រទេស​ចិន​នឹង​ទទួលបាន​នូវ​ការអភិវឌ្ឍ​ថ្មីៗ និង​កាន់តែ​ល្អ​ប្រសើរឡើងទៀត​ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម​ប្រធានាធិបតី Xi JinPing​។ ជា​ចុងបញ្ចប់ ព្រះអង្គ បាន​បន្តថា ព្រះអង្គ នឹងចូលរួម​ជាមួយ ឯកឧត្តម​ប្រធានាធិបតី Xi JinPing ដើម្បី​ទទួល​មរតក​ដ៏​វិសេសវិសាល​នេះ និង​បន្ត​នូវ​ចំណងមិត្តភាព​ដ៏​ជ្រាលជ្រៅ​រវាង​មេដឹកនាំ​ជំនាន់​ចាស់​នៃ​ប្រទេស​ទាំងពីរ ហើយ​និង​កត់ត្រា​ជំពូក​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​កម្ពុជា – ចិន​៕

អត្ថបទដែលជាប់ទាក់ទង