ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ បាន​យល់​ពី​កំហុស​ថា​បានដាក់​វិន័យ​ទៅដល់ ភិក្ខុសង្ឃ និង​សាមណេរ​ក្នុង​រូបភាព​នេះ គឺជា​ការផ្ទុយ​នឹង​ច្បាប់​កម្ពុជា ព្រមទាំង​បានធ្វើ​កិច្ចសន្យា បញ្ឈប់​នូវ​ការធ្វើ​អំពើ​របៀបនេះ

96

សៀមរាប ៖ សកម្មភាព​របស់​ព្រះ​តេជគុណ ពិន សែម​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប ដែល​បានដាក់​វិន័យ ក្នុងការ​ប្រៀនប្រដៅ ដោយ​ប្រើ​រំពាត់​វាយ​ធ្ងន់ៗ​ទៅលើ​កូនសិស្ស​ជា​ព្រះសង្ឃ ចំនួន​៩​អង្គ ដែល​ធ្វើ​ខុស និង​ខ្ជិល​រៀន គឺ​មិនមែនជា​អំពើហិង្សា​ធ្វើ​ទារុណកម្ម ទណ្ឌកម្ម​ឃោរឃៅ​នោះទេ តែ​គឺជា​អំពើ​ទូន្មាន​ប្រៀនប្រដៅ និង​ការដាក់វិន័យ​របស់​ព្រះគ្រូ​ចៅអធិការ​ដល់ ភិក្ខុ និង​សាមណេរ ដែល​ប្រព្រឹត្ត​ខុស​និង​វិន័យ ដែល​បានចែង​ក្នុង​បទ​កំណត់​ផ្ទៃក្នុង​របស់​វត្ត​រាជ​បូ​ណ៌​តែប៉ុណ្ណោះ ប៉ុន្តែ ព្រះគ្រូ​ចៅអធិការ​ក៏បាន​យល់​ពី​កំហុស​ថា​បានដាក់​វិន័យ​ទៅដល់ ភិក្ខុសង្ឃ និង​សាមណេរ​ក្នុង​រូបភាព​នេះ គឺជា​ការផ្ទុយ​នឹង​ច្បាប់​កម្ពុជា ព្រមទាំង​បានធ្វើ​កិច្ចសន្យា បញ្ឈប់​នូវ​ការធ្វើ​អំពើ​របៀបនេះ​ទៀត​។​

​រឿង​នៅ​វត្ត​រាជ​បូរ ដំណោះស្រាយ​គឺថា បើ​លោក​អង្គណា នៅ​តស៊ូ​នៅក្នុង​វិន័យ​សង្ឃ​នេះ​មិន​បានទេ ក៏​សូម​អញ្ជើញ​ទៅ​នៅ​វត្ត​ផ្សេង​ទៅ​។ ឬមួយ​ទទួល​វិន័យ​នេះ ឬមួយ​សឹក​ចេញ ឬមួយ​ទៅ​នៅ​វត្ត​ផ្សេង ជា​សិទ្ធិ​របស់ខ្លួន​ទេ​។ ព្រោះ​ថាបើ​វត្ត​អត់​មាន​វិន័យ​ត្រឹមត្រូវ​ទេ ក្នុង​សម័យនេះ រក​ព្រះសង្ឃ​ដ៏​ល្អ​ម្នាក់ យកមក​គោរព​ថ្វាយបង្គុំ​អត់​បាន​ផង អីចឹង​ត្រូវតែ​ពត់​លោកសង្ឃ​ទាំងនេះ​អោយ​ត្រង់​ផ្លូវ តាម​មា​គា​របស់​ព្រះពុទ្ធ​អង្គ​។ មួយវិញទៀត មុន​ដាក់វិន័យ​ដល់​សង្ឃ​ទាំងឡាយ គឺមាន​ការប្រជុំ​គណៈ​ង្ឃ​យ៉ាង​ត្រឹមត្រូវ ដើម្បី​បើក​បង្ហាញ​ប្រាប់​ពី​ទោស កំហុស ទាំងឡាយ រហូត​ឈានដល់​ការដាក់ពិន័យ​ឬ​ទណ្ឌកម្ម តែ​ត្រូវអោយ​សង្ឃ​ទាំងអស់នោះ ស្ម័គ្រចិត្ត​ទទួលយក​ការដាក់ពិន័យ​នេះ​ដោយ​ខ្លួនឯង គឺថា​ព្រម​ទទួលយក ឬ​មិន​សុខចិត្ត​ទេ​ក៏​ចាក​ចេញទៅ​នៅ​វត្ត​ផ្សេង​ទៅ ឬមួយ​សឹក​ចេញទៅ​។ តែបើ​ព្រម​ទទួលយក​ការដាក់ពិន័យ​នេះហើយ ហេតុអ្វី​ក៏មាន​អ្នក​លួច​ថត យកមក​បង្ហោះ​? អ្នក​លួច​ថត​បង្ហោះ ក្នុង​ចេតនា​អី​? ជា​រនុកក្នុង​? ចង់​កម្ចាត់​ព្រះសង្ឃ​ដែល​ប្រតិបត្តិ​ល្អ​ក្នុង​ព្រះពុទ្ធសាសនា​?​។​

បើតាម​សេចក្តីជូនដំណឹង​របស់​គណៈសង្ឃ​នាយក​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា ករណី​ព្រះ​តេជគុណ ពិន សែម ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប ខេត្តសៀមរាប ដាក់វិន័យ​កូនសិស្ស​ដោយ​ប្រើ​ហិង្សា ត្រូវបាន​ដោះស្រាយ​រួចរាល់​ហើយ​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​នៃ​កម្ពុជា​, គណៈសង្ឃ​នាយក ថែមទាំង​បាន​សំណូមពរ ដល់​ព្រះ​មន្ត្រី​សង្ឃ ព្រះ​ថេ​រា​នុ​ថេរៈ និង​សាធារណជន ព្រះមេត្តា និង​មេត្តា​ទទួលយក និង​រក្សា​ភាព​ស្ងៀមស្ងាត់ បញ្ចប់​ការលើកឡើង​ពី​បញ្ហា​នេះ​បន្តទៀត​។​

បន្ទាប់ពី​បែកធ្លាយ​វីដេអូ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​រិះគន់​ជាខ្លាំង​ចំពោះ​សកម្មភាព​របស់​ព្រះ​តេជគុណ ពិន សែម ដែល​បានដាក់​វិន័យ ក្នុងការ​ប្រៀនប្រដៅ ដោយ​ប្រើ​រំពាត់​វាយ​ធ្ងន់ៗ​ទៅលើ​កូនសិស្ស​ជា​ព្រះសង្ឃ ចំនួន​៩​អង្គ ដែល​ធ្វើ​ខុស និង​ខ្ជិល​រៀន ប៉ុន្តែ​ករណីនេះ​ពេល​ស្រាវជ្រាវ​ទៅ មិនមែនជា​អំពើហិង្សា​ធ្វើ​ទារុណកម្ម ទណ្ឌកម្ម​ឃោរឃៅ​នោះទេ តែ​គឺជា​អំពើ​ទូន្មាន​ប្រៀនប្រដៅ និង​ការដាក់វិន័យ​របស់​ព្រះគ្រូ​ចៅអធិការ​ដល់ ភិក្ខុ និង​សាមណេរ ដែល​ប្រព្រឹត្ត​ខុស​នឹង​វិន័យ​។​

​បន្ទាប់ពី​ដោះស្រាយ​រួចរាល់​ហើយ​នោះ គណៈសង្ឃ​នាយក ថែមទាំង​បាន​ប្រគេន និង​ជម្រាបជូន ព្រះ​រាជាគណៈ ព្រះ​មន្ត្រី​សង្ឃ ព្រះ​ថេ​រា​នុ​ថេរៈ និង​សាធារណជន ព្រះមេត្តា និង​មេត្តា​ជ្រាប​ស្តីពី កំណត់ហេតុ​សម្របសម្រួល​ករណី​ហិង្សា​ព្រះសង្ឃ និង​ព្រះសង្ឃ និង​កិច្ចសន្យា​របស់ ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌ ក្រុង​សៀមរាប​ផងដែរ​។​

​ក្នុង​កំណត់ហេតុ​នោះ បាន​បញ្ជាក់ថា ដោយបាន​ពិនិត្យមើល​សេចក្តីបំភ្លឺ និង​ចម្លើយ របស់​ភិក្ខុ និង​សាមណេរ ០៩ ព្រះអង្គ និង​ចម្លើយ​របស់ ព្រះ​តេជគុណ ពិន សែម ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៌​រួចមក យើង​សន្និដ្ឋានបានថា ករណីនេះ​មិនមែនជា​អំពើហិង្សា​ធ្វើ​ទារុណកម្ម ទណ្ឌកម្ម​ឃោរឃៅ​នោះទេ តែ​គឺជា​អំពើ​ទូន្មាន​ប្រៀនប្រដៅ និង​ការដាក់វិន័យ​របស់​ព្រះគ្រូ​ចៅអធិការ​ដល់ ភិក្ខុ និង​សាមណេរ ដែល​ប្រព្រឹត្ត​ខុស​និង​វិន័យ ដែល​បានចែង​ក្នុង​បទ​កំណត់​ផ្ទៃក្នុង​របស់​វត្ត​រាជ​បូ​ណ៌​តែប៉ុណ្ណោះ ហើយ​ព្រះសង្ឃ​ដែល​ធ្លាប់​ទទួល​វិន័យ​ទាំង​០៩​អង្គ​សុទ្ធ​តែមាន​សង្ឃដីកា​ថា ពួកខ្លួន​ពិតជា​យល់ព្រម​ទទួល​នូវ​វិន័យ​ទាំងនេះ​។ ហើយ​ព្រះគ្រូ​ចៅអធិការ​ក៏បាន​យល់​ពី​កំហុស​ថា​បានដាក់​វិន័យ​ទៅដល់ ភិក្ខុសង្ឃ និង​សាមណេរ​ក្នុង​រូបភាព​នេះ គឺជា​ការផ្ទុយ​នឹង​ច្បាប់​កម្ពុជា ព្រមទាំង​បានធ្វើ​កិច្ចសន្យា បញ្ឈប់​នូវ​ការធ្វើ​អំពើ​របៀបនេះ​ទៀត​។​

បើតាម​កិច្ចសន្យា​របស់​ព្រះ​តេជគុណ ពិន សែម ដែលមាន​ព្រះ​ជុន្មាយុ ៨០​ព្រះវស្សា បាន​ឲ្យ​ដឹងថា​៖

១. ស្វែងយល់​ពី​ច្បាប់​នៃ​ព្រះរាជណាចក្រ​កម្ពុជា ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ និង​កិច្ចការពារ​ជនរងគ្រោះ ច្បាប់​ស្តីពី​សិទ្ធិមនុស្ស ច្បាប់​ស្តីពី​កិច្ចការពារ​កុមារ​។​

២. អាត្មាភាព​ឈប់​អប់រំ​ភិក្ខុ និង​សាមណេរ តាមបែប​ប្រើ​អំពើហិង្សា​វាយដំ​ចាប់ពី​ថ្ងៃនេះ​តទៅ​។​

៣. អាត្មាភាព​សូម​កែប្រែ​នូវ​ការអប់រំ ទូន្មាន​ប្រដៅ​ដល់​ភិក្ខុ និង​សាមណេរ​តាមបែប​វិន័យ​ព្រះពុទ្ធសាសនា និង​អហិង្សា​វិញ​។​

៤. ចាប់ពី​ថ្ងៃនេះ​តទៅ​អាត្មា​ភាពមិន​មានការ​គុំ​គួ​ន ស្អប់ខ្ពើម​រើសអើង​ដល់​ភិក្ខុ និង​សាមណេរ ដែល​បាន​ប្រព្រឹត្ត​ខុស​ក្នុង​វត្ត​រាជ​បូ​ណ៌ ឬ​បោះបង់​គ្រប់​សង្ឃ​
​ដែល​ប្រព្រឹត្ត​កំហុស​នោះឡើយ គឺ​ប្រៀនប្រដៅ​ដោយ​យុត្តិធម៌ និង​មិន​លំអៀង​។​

៥. អាត្មាភាព​បន្ត​ការដឹកនាំ​ភិក្ខុ និង​សាមណេរ នៅក្នុង​វត្ត​រាជ​បូ​ណ៌ ដើម្បី​ឲ្យ​មាន​ភាព​រីកចំរើន​ប្រកបដោយ​កិត្តិយស​ក្នុង​ព្រះពុទ្ធសាសនា​៕

អត្ថបទដែលជាប់ទាក់ទង