ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ឪពុកក្មេក ចាក់​កូនប្រសា បណ្ដាលឱ្យ​ស្លាប់​

99

 

​ស្ទឹងត្រែង ៖ សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមីនា​ថា ករណី​ឪពុកក្មេក​ចាក់​កូនប្រសា បណ្ដាល​ឱ្យស្លាប់​ចាប់ខ្លួន បាន​ហើយ​កាលពី​ថ្ងៃទី ១៦ ខែមីនា​ឆ្នាំ ២០២១​ម្សិលមិញ ក្រោយពី​គេចខ្លួន​មួយរយៈ ហើយ​ត្រូវ​កម្មករ​ចៀរ​ជ័រកៅស៊ូ​ប្រទះឃើញ ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​។​

លោក​ដួង ស៊ី​វុត្ថា ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​ឱ្យដឹងថា ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អូត ស៊ី​វុត្ថា ស្នងការ​នគរបាល​ខេត្ត ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ក៏បាន​ចាត់​កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​នៅក្នុង​ចម្ការកៅស៊ូ​មួយកន្លែង ស្ថិតក្នុង​ចំណុច​អូរ​ឈើទាល ភូមិ​កាំ​ង​ដីស សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង​។​

ប្រធានការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត បាន​ប្រាប់ទៀតថា ជនសង្ស័យ​ពេល​សមត្ថកិច្ច​ទៅដល់​ឃើញ​មាន​សភាព​មិនសូវ​ស្រួល​ដោយ​ជនសង្ស័យ​ហាក់បីដូចជា អស់កម្លាំង​សង្ស័យថា​ផឹក​ថ្នាំពុល​ដើម្បី​សម្លាប់ខ្លួន​។​

សមត្ថកិច្ច​ឃើញ​សភាព​ដូច​នោះ ក៏បាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត ដើម្បី​សង្គ្រោះ​ជីវិត​។​
នៅ​ព្រឹក​ថ្ងៃ​១៧​ខែមីនា​នេះ ជនសង្ស័យ​ដែល​ត្រូវជា​ឪពុកក្មេក ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ចាក់​សម្លាប់​កូនប្រសា​ខ្លួនឯង​នោះ កំពុងស្ថិត​នៅក្នុង​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ​។ ក្រុមគ្រូពេទ្យ​កំពុងតែ​សង្គ្រោះ​។​

សមត្ថកិច្ច​បាន​ប្រាប់ទៀតថា ជនសង្ស័យ​ឈ្មោះ​ឈន់ មឿ​ន អាយុ​៤៩​ឆ្នាំ គឺជា​កម្មករ​ជ័រកៅស៊ូ នៅ​ចំណុច​អូរ​ឈើទាល​ភូមិ​កាំ​ង​ដីស​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង​។​

​គួរ​រំលឹក​ផង​ថា កាលពី​វេលា​ម៉ោងជាង ១១ យប់​ថ្ងៃទី ២ ខែមីនា​ឆ្នាំ ២០២១ ជនសង្ស័យ​ដែល​ត្រូវជា​ឪពុកក្មេក បានគេច​ខ្លួន​ក្រោយពី​ចាក់​សម្លាប់​កូនប្រសា​។ ជនរងគ្រោះ​ឈ្មោះ​ចាន់ ឆាយ​រ៉ាវ​ណ្ណៈ អាយុ​៣៦​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​កា​កាប ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ បានមក​រកស៊ី​យកប្រពន្ធ​នៅ​ភូមិ​កាំ​ង​ដីស សង្កាត់​ព្រះបាទ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង និង​ធ្វើជា​កម្មករ​ចៀ​ជ័រកៅស៊ូ​មុនពេល​ស្លាប់​។​

ករណី​ឃាតកម្ម​ខាងលើនេះ កើតឡើង​ដោយសារតែ​ជម្លោះ​ពាក្យសំដី រវាង​កូនប្រសា​និង​ឪពុកក្មេក ក្នុងពេល​ផឹកស៊ី​រហូត​ឈានដល់​ចាក់​សម្លាប់​តែម្តង​៕

អត្ថបទដែលជាប់ទាក់ទង