កម្មករបូមខ្សាច់ម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ ពេលបំពេញការងារ
កណ្ដាល ៖ បើយោងតាមរបាយការណ៍របស់ក្រុមសមត្ថកិច្ចប៉ូលិសស្រុកកៀនស្វាយ បានឲ្យដឹងថា ករណី កម្មករបូមខ្សាច់ម្នាក់ ត្រូវខ្សែភ្លើងអគ្គិសនីឆក់ធ្លាក់ចូលទឹកក្នុងរណ្ដៅបូមខ្សាច់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីព្រឹកថ្ងៃទី១៨ខែមីនាឆ្នាំ២០២១នេះ
នៅចំណុចរណ្តៅបូមខ្សច់មួយកន្លែងស្ថិតនៅភូមិ ឈើទាលឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ហំ សេងលី ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបូមខ្សាច់ មានស្រុកកំណើតនៅភូមិបឹង ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅទីលំនៅភូមិឃុំកើតហេតុខាងលើនេះ។
តាមការបំភ្លឺ របស់ឈ្មោះ ហំ រតនា ភេទ ប្រុស អាយុ ១៨ឆ្នាំ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ បានបំភ្លឺប្រាប់ដល់សមត្ថកិច្ចប៉ូលិសថា មុខពេលកើតហេតុ ដោយជនរងគ្រោះ រួមជាមួយខ្លួន នឹងឈ្មោះ សុខគ្រី ភេទប្រុស អាយុ២៥ឆ្នាំ ដែលជាកម្មករបូមខ្សាច់ជាមួយគ្នា នៅមុនពេលកើតហេតុ បាននាំគ្នាចុះទៅបញ្ឆេះម៉ាស៊ីនបូមខ្សាច់ដូចរាល់ថ្ងៃ ដោយឈ្មោះ សុខ គ្រី បានដើរទៅមុនដល់ម៉ាស៊ីនបូមខ្សាច់មុន រួចបញ្ឆេះម៉ាស៊ីនបានប្រហែល១០នាទី ហើយខ្លួននឹងជនរងគ្រោះ ចាំទម្លាក់ប្រេងម៉ាស៊ូតតាមខ្សែទៅតាមក្រោយ មួយសន្ទុះក្រោយមក ជនរងគ្រោះ បានដើរទៅរកកន្លែងម៉ាស៊ីនបូមខ្សាច់ដែល ស្រាប់តែដើរដល់ពាក់កណ្តាល (ដើរតាមបំពង់ទុយោ) ក៏បានប៉ះជាមួយជាមួយខ្សែភ្លើង (ឆក់) ហើយស្រែកឲ្យគេឯងជួយហើយក៏ធ្លាក់ចូលទឹកបាត់ទៅ។ ភ្លាមនោះឈ្មោះហំ រតនាភេទប្រុស បានរត់ទៅបិទភ្លើង ហើយនាំគ្នា ចុះទឹករាវរក ជនរងគ្រោះដែលតែរកមិនឃើញសោះ ដោយសារទឹកមានជម្រៅជ្រៅពេក។ លុះដល់ម៉ោង៩និង១០ថ្ងៃខែឆ្នាំដដែល ទើបរកឃើញជនរងគ្រោះ។
ក្រោយទទួលបានព័ត៌មាន នគរបាលប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុដោយសហការ ជាមួយកម្លាំងជំនាញកោសល្យវិច័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យលើជនគ្រោះ។
ក្រោយពីក្រុមការងារពិនិត្យរួច ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារ ឆក់ចន្តអគ្គិសនី រួចធ្លាក់ចូលទឹកបណ្តាលឲ្យស្លាប់ ពិតប្រាកដមែន មិនមានស្លាកស្នាម ពាក់ពន្ធ័ជាមួយបទល្មើសផ្សេងឡើយ។ ចំពោះសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យ៕
