ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ស្ត្រី​ម្នាក់ ប្រើ​អំពើ​ហឹ​ង្សា​លើ​កូនស្រី​អាយុ ៧​ឆ្នាំ ត្រូវបាន​មន្ត្រីនគរបាល​ឃាត់ខ្លួន​

43

 

​ខេត្តពោធិ៍សាត់ ៖ ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានធ្វើ​ចំណាត់ការ​ករណី​ហិង្សា ដែល​ត្រូវបាន​បណ្ដាញ​ទំនាក់ទំនង​សង្គម​បង្ហោះ និង​ចែករំលែក​ជា​បន្តបន្ទាប់ ដាក់ជូន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ដើម្បី​ចាត់វិធានការ​អនុវត្ត​ជំនាញ ។​

​នៅ​ថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២១ ឯកឧត្តម ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានបញ្ជាក់​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​បើក​ការស្រាវជ្រាវ​ទទួលបាន​លទ្ធផល​ដូចខាងក្រោម ៖ ជា​ករណី​ហឹ​ង្សា​ក្នុង​គ្រួសារ បង្កឡើង​ដោយ​ម្តាយបង្កើត ឈ្មោះ វ៉ែន សុ​ធន់ អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ បាន​វាយ​កូនស្រី​បណ្តាល​ឲ្យ​រងរបួស កើតហេតុ​នា​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ផ្ទះ​មុខសញ្ញា ស្ថិតនៅ​ភូមិ​កណ្តុរស ឃុំ​បឹង​កន្ទួត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។​

​ជន​រង​គ្រោ​ឈ្មោះ ឈឿន ណា​រី ភេទ​ស្រី អាយុ​៧​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​កូនបង្កើត​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បានចេញ​របាយការណ៍​សង្ខេប​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១
​វេលា​ម៉ោង​ប្រហែល​៨​និង​០០​នាទី​ព្រឹក​ជនរងគ្រោះ បាន​យកលុយ​ចំនួន​២០០០៛(​ពីរពាន់​រៀល​) ទៅ​ទិញ​ទឹក​ខ្នុរ​ក្រឡុក​ចំនួន ៤​ដប ចែក​បងប្អូន​ផឹក ពេលមកដល់​ផ្ទះ ម្តាយ​ជនរងគ្រោះ​បាន​សួរនាំ​កូន ហើយ​កូន​បាន​ឆ្លើយ​ប្រាប់ថា​៖ មកពី​ទិញ​ទឹក​ខ្នុរ​ក្រឡុក​ចែក​បងប្អូន​ផឹក​
​ស្រាប់តែ ម្តាយ​បាន​ស្ទុះ​ទៅ​វាយ​បោចសក់ ទះកំផ្លៀង និង​ជាន់ក​ទៅលើ​ដី បណ្តាល​ឲ្យ​ជនរងគ្រោះ រងរបួស​គ្រាំ​ខាងក្នុង​ខ្លួន ។ មូលហេតុ ដោយសារតែ​ជនរងគ្រោះ​បាន​យកលុយ​ទៅ​ចាយ​អស់​២០០០៛ ទើប​ត្រូវជា​ម្តាយ​វាយ​ធ្វើបាប​ដូច្នេះ​។​

​នៅ​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ ដោយមាន​ការសម្របសម្រួល​ពី ឯកឧត្តម កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តពោធិ៍សាត់ កម្លាំង​ជំនាញ នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ក្រគរ បានធ្វើការ​គាត់​ខ្លួន ឈ្មោះ វ៉ែន សុ​ធន់ ភេទ​ស្រី អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង