ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ បិទទីក្រុងភ្នំពេញ ?

81

ភ្នំពេញ៖បិទទីក្រុងភ្នំពេញត្រូវពពួកមនុស្សពាលលើកយកមកបំភ័យតាមរយៈបណ្ដាញសង្គម សឹងតែស្ទើររាល់ថ្ងៃហើយចុងក្រោយ ពួកនេះប្រើពាក្យសុំទោសតែមួយម៉ាត់ក៏រួចខ្លួនមកវិញ ។
បិទទីក្រុងភ្នំពេញ ! តាមពិតបិទមែនគឺបិទតាមបណ្ដាកន្លែងមួយចំនួនដែលមានការពាក់ព័ន្ធជាមួយកូវីដ ១៩ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយទីកន្លែងនោះមកធ្វើចត្តាឡីស័កតាមការកំណត់ដែលមានរយៈពេល១៤ថ្ងៃប៉ុណ្ណោះ ។បូរីខ្លះបិទដុំៗដើម្បីធ្វើចត្តាឡីស័កដែល ការធ្វើរបៀបនេះគ្មានអ្វីក្រៅពីទប់ស្កាត់ នូវការរីករាលដាលនៃជម្ងឺដ៏កាចសាហាវនេះឡើយ ។

ពាក្យថាបិទទីក្រុងភ្នំពេញដែលគេពោលក្នុងស្ថានភាពដែលសកម្មសេដ្ឋកិច្ច វប្បធម៌ ទីផ្សារ បណ្ដាសេវាកម្មសាធារណៈជាច្រើន ដែលមិនមានការពាក់ព័ន្ធជាមួយកូវីដ ១៩នៅតែមានសកម្មភាពធម្មតានោះ ។បើនិយាយតាមភាសាដ៏យុត្តិធម៌មួយពាក្យថាបិទទីក្រុងភ្នំពេញ ស្មើនឹងពាក្យញុះញង់ ឬ ក៏អាចថាជាដើមហេតុនៃការបង្កនូវភេរវកម្មដោយចេតនា ។

និយាយបែបនេះគួរតែគុកមិនគួរអាជ្ញាធរទទួលយកត្រឹមតែពាក្យសុំទោសនោះឡើយ។ការទះកំភ្លៀងគេមួយកំភ្លៀងទៅហើយបែរជាពោលពាក្យត្រឹមសុំទោសវាដូចជាស្រាលបន្តិចហើយអយុត្តិធម៌ណាស់សម្រាប់អ្នកដែលត្រូវមួយកំភ្លៀងនោះ ។តាមពិតការសងសឹកវាជា រឿងកម្លៅមែនហើយ ព្រោះវាជាបញ្ហាដែលកើតមាននៅក្នុងរឿង កាប់ដាវបែបគុននិយមរបស់ចិនតែប៉ុណ្ណោះ ។
តាមភាពជាក់ស្ដែងនៃសង្គមក្នុងថានៈជានីតិរដ្ឋការដោះស្រាយតាមផ្លូវច្បាប់ទើបវាជារឿងត្រឹមត្រូវ ។ការទន់ភ្លន់របស់អាជ្ញាធរវា បានធ្វើឲ្យអ្នកដែលចង់ប្រព្រឹត្តិសកម្មភាពពាលបំពុលសង្គម គេមិនញញើតឡើយ ព្រោះក្រោយពីអាជ្ញាធរស្វែងរកចាប់ខ្លួនគេគ្រាន់តែប្រើពាក្យថា សុំទោសគេនឹងរួចចាកផុតពីផ្លូវច្បាប់ ។
ហេស ហេ ! អាជ្ញាធរតើថ្ងៃណាទើបអស់ច្បាប់ឲ្យគេសុំនោះ ។ចុះអាអ្នកសុំទោសនោះមិនចេះរអៀសខ្លួនទេអ្ហី ចេះតែប្រព្រឹត្តិខុសហើយសុំទោសទៅឬ ?៕

អត្ថបទដែលជាប់ទាក់ទង