ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​មេ​ភូមិក​ណ្តា​ល​ស្លាប់នៅក្នុង​រថយន្ត ជា​ករណី​ខ្យល់គរ ពុំមែន​ស្លាប់​ដោយសារ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ទេ​

45


​ពោធិ៍សាត់ ៖ គេហទំព័រ​ឈ្មោះ News Assembly និង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sum Seyha បានចេញ​ផ្សាយ​ព័ត៌មាន​ថា​មាន មេភូមិ​កណ្តាល​ស្លាប់ នៅក្នុង​រថយន្ត ដោយសារ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ប៉ុន្តែ​ទោះយ៉ាងណា រដ្ឋបាល​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០២១​នេះ បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការស្លាប់​របស់លោក​មេភូមិ​កណ្តាល ឃុំ​ថ្មដា ស្រុក​វាលវែង គឺជា​ករណី​ខ្យល់គរ​ពេល​កំពុងធ្វើដំណើរ​តាម​ឡាន ពុំមែន​ស្លាប់​បណ្តាលមកពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូច​ការចុះផ្សាយ​របស់​គេហទំព័រ​ឈ្មោះ News Assembly និង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sum Seyha នោះឡើយ​។​

រដ្ឋបាល​ស្រុក​វាលវែង សូម​គោរព​ជម្រាបជូន​ដំណឹង​ដល់​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា នៅវេលា​ម៉ោង​៨ និង​៤៦​នាទី​ព្រឹក ថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០២១ កន្លងមកនេះ មាន​ករណី​កើតហេតុ​ស្លាប់​មនុស្ស​ម្នាក់​ឈ្មោះ ហែម រឿន ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ មាន​តួនាទី​ជា​មេភូមិ មាន​ទីលំនៅ​ស្ថិតនៅ​ភូមិ​កណ្តាល ឃុំ​ថ្មដា ស្រុក វាលវែង ខេត្តពោធិ៍សាត់​។​

​សម្រាប់​ករណីនេះ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ ស្រុក បាន​ទៅ​ចូលរួម​រំលែក​ទុក្ខ​គ្រសារ​សព និង​បាន​សាកសួរ​អំពី​ប្រវត្តិ​ស្ថានភាព​ជំងឺ​របស់​សព​កន្លងមក ដោយ​គ្រួសារ​សព​បាន​បញ្ជាក់ប្រាប់​អាជ្ញាធរ​ថា លោក ហែម រឿន កន្លងមក​មាន​ប្រវត្តិ​ជំងឺលើសឈាម និង​ឧស្សាហ៍​គាំងបេះដូង តែ​ត្រូវបាន​កូនចៅ​នៅ​ជិត ជួយសង្គ្រោះ​គាត់​ទាន់ពេលវេលា​។​

​អាជ្ញាធរ​ឃុំ​ក៏បាន​បញ្ជាក់​បន្ថែមថា កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ លោក ហែម រឿន បាន​ជិះ​រថយន្ត​ចេញទៅ​ខេត្តពោធិ៍សាត់ ដើម្បី​ទៅ​បំភ្លឺ​តាម​ដីកាកោះ​អញ្ជើញ​របស់​សាលាដំបូង​ខេត្ត នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ និង​ម្យ៉ាងទៀត ត្រូវយក​រថយន្ត​ទៅធ្វើ​នៅ​ទី​រួម​ខេត្តពោធិ៍សាត់ ដោយ​ធ្វើដំណើរ​តែម្នាក់ឯង​។​

​លុះ​ធ្វើដំណើរ​មកដល់​ចំណុច​អូរ​១៧ ស្ថិត​ក្នុងភូមិ​ដីក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ក៏មាន​អា​ការៈមិន​ស្រួលខ្លួន​ទើប​ឈប់​រថយន្ត​អែប​គៀន​ផ្លូវ និង​បាន​ស្លាប់បាត់​បង់ជីវិត​នៅត្រង់ចំណុច​កើតហេតុ​ខាងលើ​តែម្តង​។ អាជ្ញាធរ​មូលដ្ឋាន​សន្និដ្ឋាន​ថា ការស្លាប់​របស់លោក ហែម រឿន ជា​ករណី​ខ្យល់គរ ពុំមែន​ស្លាប់​បណ្តាលមកពី​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូច​ការចុះផ្សាយ​របស់​គេហទំព័រ​ឈ្មោះ News Assembly និង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sum Seyha នោះឡើយ​៕​

អត្ថបទដែលជាប់ទាក់ទង