ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវទេសចរសប្បាយរីករាយនៅពេលបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងតំបន់រមណីយដ្ឋានអង្គរ

120

 

សៀមរាប ៖ នៅពេលធ្វើដំណើរមកដល់តំបន់អង្គរ ភ្ញៀវទេសចរ ពិតជាបានឃើញអំពីទិដ្ឋភាព ដ៏មមាញឹកនៃមន្រ្តី អាជ្ញាធរជាតិអប្សរា និងភ្នាក់ងារទេសចរណ៍ ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំងសម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាង យកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។

កញ្ញា ស្រីរ័ត្ន អាយុ៣២ឆ្នាំ ប្រជាពលរដ្ឋរស់នៅស្រុកពួក ខេត្តសៀមរាប បានឱ្យដឹងថា នៅពេលបានមកទស្សនា រមណីយដ្ឋានអង្គរ ក្រោយការប្រកាសបើកដំណើរការ ទទួលស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ធ្វើឱ្យកញ្ញាបំភ្លេចអស់ រាល់ក្តីកង្វល់នានា ដោយនឹកឃើញតែភាពបៃតងស្រស់ស្អាត នៅក្នុងរមណីយដ្ឋានអង្គរ។
កញ្ញាបន្តទៀតថា តំបន់រមណីយដ្ឋានអង្គរ ពិតជាមានភាពស្រស់ស្អាត នៅពេលដែលអាជ្ញាធរជាតិអប្សរា បានអភិវឌ្ឍនិងអភិរក្ស ដោយមានការរៀបចំជាសួន និងមានដាំដើមផ្កា ដាំស្មៅ និងដាំដើមឈើបន្ថែម ដែលធ្វើឱ្យបរិវេណខាងមុខប្រាសាទអង្គរវត្ត និងតាមបណ្តាប្រាសាទនានា មានភាពបៃតងស្រស់ស្អាត។

ចំណែកលោក ឌី រស្មី រស់នៅក្នុងក្រុងសៀមរាប បានរៀបរាប់ដោយក្តីរំភើប ក្រោយពេលដែលរាជរដ្ឋាភិបាល បានប្រកាសបើករមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសឡើងវិញនេះ ព្រោះក្រោយពេលសម្រាក ពីការងារលោកតែងតែទៅលម្ហែអារម្មណ៍ នៅរមណីយដ្ឋានអង្គរ ដោយសារទីនោះ ប្រជុំទៅដោយទេសភាពបៃតង នៅពេលដែលអាជ្ញាធរជាតិអប្សរា បានធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងតំបន់អង្គរទាំងមូល។
លោកបន្តថា នៅពេលដែលបញ្ចប់វិបត្តិ នៃជំងឺកូវីដនេះ ភ្ញៀវទេសចរដែលមកកម្សាន្ត នៅក្នុងរមណីយដ្ឋានអង្គរ នឹងកាន់តែទទួលបានភាពរីករាយ ជាមួយសម្រស់ធម្មជាតិ ដ៏ស្រស់បំព្រងដែលអាជ្ញាធរបានរៀបចំនេះ។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាសាកល នៃជំងឺកូវីដ១៩ ជានិច្ចកាល អាជ្ញាធរជាតិអប្សរា បានដាក់ចេញវិធានការសម្រាប់ មន្ត្រី ភ្នាក់ងារបំពេញកិច្ចការ តាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្តន៍ជាប្រចាំ នូវវិធានការ៣កុំ និង៣ការពារឱ្យបានជាប់ជាប្រចាំ។
ចំពោះប្រជាពលរដ្ឋនិង ភ្ញៀវទេសចរ មុនពេលចូលទស្សនាប្រាសាទគឺ តម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធីQR Code ដើម្បីចូលរួមតាមដាន និងទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩។ ជាពិសេសមិនឱ្យមានការប្រមូលផ្តុំ និងត្រូវដើរឬក៏ឈរដោយរក្សាគម្លាតឆ្ងាយៗពីគ្នា៕

អត្ថបទដែលជាប់ទាក់ទង