ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តសៀមរាប ឃុំខ្លួនអាជីវករផ្សារក្រោមម្នាក់ គេចវេះមិនធ្វើចត្តាឡីស័ក ដើរទៅចម្លងជំងឺកូវីដ ដល់អ្នកដទៃ

76

 

សៀមរាប ៖ ចៅក្រមសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន ចំពោះឈ្មោះ អ៊ឹង ថៃលី ជាអាជីវករលក់ដូរនៅផ្សារក្រោម ក្រុងសៀមរាប ដែលបានគេចវេះពីការធ្វើចត្តាឡីស័ក បណ្តាលឲ្យមានការចម្លងជំងឺកូវីដ-១៩ ទៅដល់អ្នកដទៃ រហូតដល់ទៅ៧នាក់។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន ដែលនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ លោក អ៊ឹង ថៃលី អាយុ២២ឆ្នាំ ត្រូវបាន សាលា ដំបូងខេត្តសៀមរាប ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទគេចវេះពីការធ្វើចត្តាឡីស័ក ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដែលបទល្មើសព្រហ្មទណ្ឌនេះ មានចែងឲ្យផ្តន្ទាទោស តាមច្បាប់បញ្ញត្តិ មាត្រា៧ នៃច្បាប់ស្តី ពីការទប់ ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ។

ដើមចមដែលនាំឲ្យមានកាចាត់វិធានការច្បាប់លើបុរសរូបនេះ គឺកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្រេចបិទហាងកាហ្វេលឹង្គ១០០០ជាបណ្តោះអាសន្ន ដោយសារតែនៅទីនោះ មានពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ការបិទនេះ អាជ្ញាធរខេត្តបានអំពាវនាវឲ្យប្រជា ពលរដ្ឋ ដែលមានទំនាក់ទំនងទីតាំងនោះ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ រួសរាន់ឲ្យគ្រូពេទ្យធ្វើ វិភាគ សំណាករកមេរោគកូវីដ-១៩ នៅសាលាគរុកោសល្យខេត្ត និងធ្វើចត្តាឡីស័កតាមការណែនាំរបស់គ្រូពេទ្យ។

ជនសង្ស័យឈ្មោះ អ៊ឹង ថៃលី ភេទប្រុស អាយុ២២ឆ្នាំ ជាអាជីករនៅផ្សារក្រោម សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាបុគ្គល ម្នាក់រូបធ្លាប់បានចេញចូលហាងកាហ្វេ ដែលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩នោះ។ ក្នុងចំណោមអ្នកវិជ្ជមានទាំងនោះ ក៏មានមិត្តភ័ក្រ្តរបស់ អ៊ឹង ថៃលី ផងដែរ។ បើទោះជាខ្លួនបានទទួលព័ត៌មាននេះ ជនសង្ស័យ នៅតែបន្តទៅលក់ដូរនៅ ផ្សារក្រោមជាធម្មតា និងបានទៅកន្លែងផ្សេងទៀត មិនខ្វល់អំពីការឆ្លង និងការចម្លងអ្វីទាំងអស់ រហូតដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ទើបក្រុមការងារស្រាវជ្រាវរកឃើញ និងបញ្ជូន ថៃលី ទៅធ្វើតេស្តសំណាក និងធ្វើចត្តាឡីស័កនៅសាលាគរុ កោសល្យ។ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានបង្ហាញលទ្ធផលថា បុគ្គល អ៊ឹង ថៃលី វិជ្ជមានកូវីដ-១៩ ។ អំពើគេចវេះនេះ បានបណ្តាលឲ្យមានការចម្លងបន្តចំនួន០៧នាក់ផ្សេងទៀត ក្នុងសហគមន៍ ដែលជាអាជីវករលក់ដូរ នៅផ្សារក្រោមជាមួយគ្នា។

បន្ទាប់ពីព្យាបាលជាសះស្បើយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យ អ៊ឹង ថៃលី ត្រឡប់ទៅផ្ទះធ្វើចត្តាឡីស័កបន្ត និងត្រូវធ្វើវិភាគវត្ថុសំណាកម្តងទៀត នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ ក្រោយ ពីទទួលបានលទ្ធផលអវិជ្ជមាន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ ទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ច បានបញ្ជូនជនសង្ស័យ ឈ្មោះអ៊ឹង ថៃលី ទៅសាលាដំបូងខេត្តសៀមរាប ហើយក៏ត្រូវតុលាការឃុំខ្លួនបណ្តោះអាសន្នតែម្តង៕

អត្ថបទដែលជាប់ទាក់ទង