ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការចូលធ្វើការឡើងវិញ និងការបើកប្រាក់ឈ្នួល របស់បងប្អូនកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស ដែលបើកដំណើរការឡើងវិញ ក្រោយការបញ្ចប់វិធានការបិទខ្ទប់

66

 

ភ្នំពេញ ៖ ក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានចេញ សេចក្តីជូនដំណឹងស្តីពីការចូលធ្វើការឡើងវិញ និងការបើកប្រាក់ឈ្នួលរបស់បងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសដែលបើកដំណើរការឡើងវិញ ក្រោយការបញ្ចប់វិធានការបិទខ្ទប់។

យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបដល់ម្ចាស់ ឬនាយករោងចក សហគ្រាស និងបងប្អូនកម្មករនិយោជិត ដែលស្ថិតនៅក្នុងតំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ហើយបើកដំណើរការសកម្មភាពអាជីវកម្ម/ផលិតកម្មឡើងវិញ ជ្រាបថា៖

១. នៅក្នុងការបើកដំណើរការសកម្មភាពអាជីវកម្ម /ផលិតកម្មឡើងវិញនេះ គឺមិនត្រូវមានភ្ជាប់លក្ខខណ្ឌ ទៅនឹងការចាក់វ៉ាក់សាំងនោះឡើយ។

២. មន្ត្រីអធិការកិច្ចការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងចុះធ្វើអធិការកិច្ចលើករណីនេះភ្លាម ប្រសិនជាទទួលបានព័ត៌មាន។ សូមបងប្អូនកម្មករនិយោជិតជូនដំណឹងមកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាបន្ទាន់តាមរយៈតេឡេក្រាម https://t.me/KhmerWorkerChat ប្រសិនជាមានការភ្ជាប់លក្ខខណ្ឌចាក់វ៉ាក់សាំងនេះ។

៣. ការបើកប្រាក់ឈ្នួលសម្រាប់ខែមេសា ចំនួន ៥០% និងប្រាក់ឧបត្ថម្ភនានា ដែលបានពន្យារពេលនៅក្នុង អំឡុងពេលនៃការបិទខ្ទប់កន្លងទៅ គឺត្រូវចាប់ផ្តើមបើកជូនបងប្អូនកម្មករនិយោជិតមិនឱ្យហួសពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឡើយ។ ចំពោះបងប្អូនកម្មករនិយោជិត ដែលកំពុងស្ថិតនៅក្នុងតំបន់ក្រហម ឬលឿងទុំ គឺសូមម្ចាស់ ឬនាយក រោងចក្រ សហគ្រាស ពិចារណារកវិធីបើកប្រាក់ឈ្នួល និងប្រាក់ឧបត្ថម្ភនេះ តាមប្រព័ន្ធធនាគារជូនបងប្អូនកម្មករនិយោជិត ផងដែរ។

ទន្ទឹមនឹងនេះ សារជាថ្មីម្តងទៀត ក្រសួងសូមអំពាវនាវ ដល់ម្ចាស់ផ្ទះជួលទាំងអស់ មេត្តាយោគយល់ លើកលែង ថ្លៃជួលបន្ទប់ ឬបន្ធូរបន្ថយថ្លៃជួលបន្ទប់ ឬពន្យារការបង់ថ្លៃជួលបន្ទប់ ជូនអ្នកជួលដែលជាកម្មករនិយោជិត ឱ្យអស់លទ្ធភាព នៅក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពនៅក្នុងដំណាក់កាលនេះ។

ក្រសួងមានសេចក្តីជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស កម្មករនិយោជិត និងម្ចាស់ផ្ទះជួលនឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង