ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកខ្សាច់ កិនបុរសម្នាក់ ជាសិល្បករផ្នែករាំ ចូលក្រោមកង់ដាច់ជើងទាំងសងខាងស្លាប់

63

 

ភ្នំពេញ ÷ បុរសម្នាក់ជាសិល្បករបានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូក្នុងល្បឿនលឿនវ៉ាជែងពីមុខរថយន្ត ខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរអិលចាប់ហ្រ្វាំងដួល ចូលក្រោមកង់រថយន្តដឹកខ្សាច់កិនដាច់ជើងទាំងសងខាងនៅម៉ោង ៧ និង៣០ នាទីយប់ថ្ងៃសៅរ៍ទី ៨ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ចំណុចជិតនឹងស្តុបទំនប់កប់ស្រូវ ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពមានឈ្មោះ គឹមសែ ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបជាសិល្បករផ្នែករាំ បច្ចុប្បន្នរស់នៅ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើ គេបានឃើញ រថយន្តដឹកខ្សាច់មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយក្បាលពណ៌ ទឹកប្រាក់ពាក់ផ្លាកលេខ កណ្តាល 3-A 2932 បើកបរដោយបុរសម្នាក់ ធ្វើរដំណើរតាមបណ្តោយផ្លួវជាតិលេខ៤ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគេឃើញបុរសម្នាក់ទៀត ជិះម៉ូតូម៉ាក ZOOMERXមួយគ្រឿង
ពណ៌ខ្មៅលាយក្រហមពាក់ផ្លាកលេខ ភ្នំពេញ1-GS 7122 ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនលឿនវ៉ាជែង ខណៈពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរអិលចាប់ហ្រ្វាំងដួលចូលក្រោមកង់រថយន្ត កិនពីលើដាច់ជើង ទាំងសងខាងបណ្តាលឲ្យជនរងគ្រោះស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកឯតៃកុងរថយន្តបង្ក បានបើកទ្វារ រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តបង្កនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង