ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រើនរំលឹក ដើម្បីធានាឱ្យមានប្រក្រតីភាព ក្នុងការផ្តល់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យសាធារណៈ ក្នុងស្ថានភាព ដែលមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩

49

ភ្នំពេញ ៖ នៅ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានចេញ លិខិត មួយជម្រាបមក- ឯកឧត្តម លោកជំទាវ អគ្គនាយក នាយក ប្រធាន មន្ទីរពេទ្យជាតិ – លោកកស្រីប្រធាន មជ្ឈមណ្ឌល ជាតិគាំពារមាតា និងទារក លោក លោកស្រីបធានមន្ទីរពេទ្យបង្អែក រាជធានី-ខេត្ត ស្រុក-ខណ្ឌ ស្តីពីសេចក្តី ក្រើនរំលឹក ដើម្បីធានាឱ្យមានប្រក្រតីភាព ក្នុងការផ្តល់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យសាធារណៈ ក្នុងស្ថានភាពដែល មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ដោយយោង៖នីតិវិធីប្រតិបត្តិស្តង់ដារ ស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ជំងឺកូវីដ ១៩ នៅមូលដ្ឋាន សុខាភិបាល និងកន្លែងថែទាំអ្នកជំងឺនៅកម្ពុជា ដែលបានដាក់ឱ្យអនុវត្តនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលបានកត់សម្គាល់ឃើញថា ក្នុងកាលទេសៈដែលជំងឺកូវីដ-១៩ កំពុងរីករាលដាល ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយក នាយក ប្រធានមន្ទីរពេទ្យ បានយកចិត្តទុកដាក់ក្នុង ការអនុវត្តន៍នូវវិធានការបង្ការ និងត្រួត ពិនិត្យការចម្លងរោគ និងបានរៀបចំចាត់ចែងក្នុងការផ្តល់សេវាព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅ តាមបណ្តាមន្ទីរពេទ្យ សាធារណៈ ដើម្បីបង្កើន ប្រសិទ្ធភាព និងធានាឱ្យមានប្រក្រតីភាព ក្នុងការផ្តល់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យ សាធារណៈ ក្រសួងសូមធ្វើ ការណែនាំក្រើនរំលឹកបន្ថែម ដូចខាងក្រោម៖

សម្រាប់អ្នកជំងឺទូទៅ និងសង្គ្រោះបន្ទាន់ ចូលមកមន្ទីរពេទ្យ គ្រូពេទ្យអាចប្រើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ សម្រាប់ធ្វើការញែកអ្នកជំងឺ (Triage) ប្រសិនបើចាំបាច់។

រៀបចំឱ្យមានបន្ទប់ដាច់ដោយឡែកបន្ថែម សម្រាប់ផ្តល់សេវាព្យាបាល សង្គ្រោះបន្ទាន់ វះកាត់ និង សម្ភព តាមលក្ខណៈ បច្ចេកទេសដល់អ្នកជំងឺ ដែលបានរកឃើញវិជ្ជមានកូវីដ-១៩ ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគ្មានការរើសអើង រហូតដល់អ្នកជំងឺមានស្ថានភាពធូរស្រាលសមស្រប មុននឹងបញ្ជូនទៅមន្ទីរពេទ្យ ព្យាបាលជំងឺកូវីដ-១៩ ដែលកំណត់ ដោយក្រសួងសុខាភិបាល។

មន្ទីរពេទ្យត្រូវបន្តធានានិរន្តរភាព សេវាសុខាភិបាលជាសារវន្ត ដោយផ្តល់សេវាជូនដល់គ្រប់អ្នកជំងឺ ដែលមកទទួលសេវា នៅក្នុងមូលដ្ឋានសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង