ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្តកែប ច្រានចោលព័ត៌មាន ដែលបានផ្សព្វផ្សាយថា មានវត្ថុបុរាណទម្ងន់ជិត ៥គីឡូក្រាមតម្លៃជាង ៤០ម៉ឺនដុល្លារ បាត់ដំណឹងនៅខេត្តកែប

295

 

ខេត្តកែប៖ ឆ្លើយតបព័ត៌មានចុះផ្សាយខាងលើនេះ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកែប បានរៀបចំធ្វើសន្និសីទសារព័ត៌មាន មួយក្នុងគោលបំណង ដើម្បីបកស្រាយបំភ្លឺដល់សាធារណជន ទូទៅជុំវិញ ករណីរូបចម្លាក់០១ ដែលកន្លងមកមានប្រជានេសាទបាន ប្រគល់ជូនរដ្ឋបាលខេត្តកែបយកមករក្សាទុក ដើម្បីឱ្យអ្នកជំនាញធ្វើការពិនិត្យស្រាវជ្រាវ កំណត់អត្តសញ្ញាណឱ្យបានច្បាស់លាស់ថាតើចម្លាក់នេះមានទម្រង់ និងរចនាបទជារូបអ្វី ធ្វើឡើងពីអ្វី របស់បុរាណឬក៏មិនមែន ហើយមានតម្លៃប៉ុណ្ណា។ ក្នុងសន្និសីទសារព័ត៌មានប្រើពេលជិត១ម៉ោង វាគ្មិនដែលជាអ្នកនាំពាក្យរបស់រដ្ឋបាលខេត្ត និងមន្ត្រីជំនាញបានបញ្ជាក់ថា អាជ្ញាធរខេត្តកែបកំពុងរក្សាទុករូបចម្លាក់នេះ នៅទីកន្លែងសុវត្ថិភាពមិនបានបាត់ទៅណានោះទេ។ ទោះយ៉ាងណាយើងក៏នៅមិនទាន់ អាចកំណត់អត្តសញ្ញាណឱ្យបាច្បាស់លាស់១០០%នៅឡើយ។

លោក អុឹង វុទ្ធី នាយករដ្ឋបាល និងជាអនុប្រធានអ្នកនាំពាក្យរដ្ឋបាលខេត្តកែប បានឱ្យដឹងថា រូបចម្លាក់ដែលមានទម្ងន់ប្រមាណជិត ៥គីឡូក្រាមនេះ រដ្ឋបាលខេត្តកំពុងរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវ ពីប្រវត្តិនៃរូបចម្លាក់នេះអាជ្ញាធរ មិនទាន់អាចកំណត់បានទេថា ជារបស់បុរាណឬយ៉ាងណា ហើយមានតម្លៃប៉ុណ្ណានោះទេ។ សម្រាប់ការធ្វើសន្និសីទសារព័ត៌មានថ្ងៃនេះ រដ្ឋបាលខេត្តចង់បង្ហាញទៅកាន់សាធារណជនថា រូបចម្លាក់ដែលអ្នកនេសាទបានប្រគល់ ជូនអាជ្ញាធរខេត្តកែប គឺនៅរក្សាទុកនៅទីកន្លែងសុវត្ថិភាពហើយ មិនបានបាត់ទៅណាដូចការចុះផ្សាយ របស់សារព័ត៌មានមួយចំនួននោះទេ។ ព័ត៌មានដែលថារូបចម្លាក់បានបាត់ ហើយមានតម្លៃរហូតដល់ជាង៤០ម៉ឺនដុល្លារ មិនពិតទេគឺគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។

អាជ្ញាធរខេត្តបានទទួលរូបចម្លាក់ពីអ្នកនេសាទ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងការយឺតយ៉ាវក្នុងការពិនិត្យ ដោយសារគិតថានេះជារូបចម្លាក់ធម្មតា មិនបានចាត់ទុកថាជា ចម្លាក់បុរាណអ្វីនោះទេ ទើបមិនបានស្វះស្វែងស្រាវជ្រាវ។ រីឯការទទួលយករូបចម្លាក់ មកទុក គឺដើម្បីការពារមិនឱ្យធ្លាក់ដល់ដៃជនទុច្ចរិត ដែលមានបំណងមិនល្អដោយ ប្រការណាមួយក្នុងគោលបំណងផ្សេង។

លោក តុង ភោ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកែប ក៏បានជម្រាបជូនពីសារ បាននៃដំណើររឿងរូបចម្លាក់នេះ និងបានគូសបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការធ្វើសន្និសីទសារព័ត៌មាននេះ លោកនឹងរៀបចំរបាយការណ៍ ដាក់ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្ប: ស្នើសុំចាត់មន្រ្តីជំនាញចុះមក ធ្វើការស្រាវជ្រាវលម្អិត បន្ថែមអំពីរូបចម្លាក់មួយនេះ សម្រាប់បង្ហាញភាពប្រាកដប្រជា បន្ថែមជូនមហាជនបានជ្រាប។

ពាក់ព័ន្ធស្ថានភាពនៃរូបចម្លាក់ខាងលើ មន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្ត បានបញ្ជាក់ថារូបចម្លាក់នេះ អាចធ្វើឡើងតាមលំនាំនៃរឿងទេវកថាណាមួយ មានទម្រង់ជាព្រះនរាយណ៍ទ្រង់គង់លើសត្វគ្រុឌ និងព្រហស្ថស្តាំ កាន់នាគរាជដែលមានរចនាបទលើសពីទម្រង់វត្ថុបុរាណ។ មន្រ្តីជំនាញរូបនោះបានសន្និដ្ឋានជាជំហ៊ានដំបូងថា រូបចម្លាក់នេះមិនមែនជារូបចម្លាក់បុរាណទេ ដោយឡែកវត្ថុធាតុដើមយកមក ធ្វើរូបចម្លាក់នេះគឺអាច ធ្វើឡើងពី លោហធាតុស្ពាន់សម្រាប់តាំងលម្អជាធម្មតាប៉ុណ្ណោះ។

លោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងនគរបាលខេត្តកែប ក៏បានសំណូមពរដល់ អ្នកសារព័ត៌មានទាំងអស់ មុននឹងធ្វើការផ្សព្វផ្សាយព័ត៌មាន ត្រូវតែប្រមូលទិន្នន័យព័ត៌មាន វិភាគព័ត៌មានឱ្យបាន គ្រប់ជ្រុងជ្រោយ វាយតម្លៃព័ត៌មាន និងសន្និដ្ឋានឱ្យបានច្បាស់លាស់មុននឹងចុះផ្សាយ ចៀសវាងផ្សាយព័ត៌មាន មិនពិតដែលនាំអោយ សាធារណ:ជនមានការ ភ័ន្តច្រឡំ ប៉ះពាល់ដល់អ្នកដ៏ទៃ ដល់ស្ថាប័ន និងប្រាស់ចាកក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មានទៀតផង។

គួរបញ្ជាក់ថា រូបចម្លាក់ខាងលើ បានជាប់មកជាមួយ មងរបស់អ្នកនេសាទ នៅសមុទ្រនៃខេត្តព្រះសីហនុ ដោយអ្នកនេសាទឈ្មោះ កាន់ ថា ភេទប្រុស អាយុ ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ សេង ស៊ីថា អាយុ ២៧ឆ្នាំ នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ហើយអាជ្ញាធរខេត្តកែប បានទទួលយកមករក្សាទុកនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង