ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទាហានថៃចាប់ពលករខ្មែរ ឆ្លងដែនខុសច្បាប់៦នាក់ រួមទាំងមេខ្យល់ជនជាតិថៃម្នាក់ទៀត បញ្ជូនទៅកាត់ក្ដីនៅតុលាការថៃ

77

 

បន្ទាយមានជ័យ៖ សមត្ថកិច្ចកម្ពុជាដែលប្រចាំការនៅព្រំដែនរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្រទេសថៃ បានឱ្យដឹងថា សមត្ថកិច្ចថៃបានឃាត់ខ្លួនពលករខ្មែរ ៦នាក់ រួមនឹងមេខ្យល់ជនជាតិថៃម្នាក់ទៀត ក្នុងពេលពួកគេលួច ឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ដោយសមត្ថកិច្ចថៃបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ខាងភាគីកម្ពុជាបានស្នើ សុំប្រជាពលរដ្ឋទាំងនេះត្រឡប់មកកម្ពុជាវិញដែរ ប៉ុន្តែភាគីថៃមិនអនុញ្ញាតឲ្យមកជាដាច់ខាត។

នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧ បានឲ្យដឹងថា នាវេលាម៉ោង ៣ រសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ មានកម្លាំងសមត្ថកិច្ចថៃបានឃាត់ពលករខ្មែរ ៦នាក់ (ស្រី ៣នាក់) ដែលបានលួចឆ្លងដែនចូលទឹកដីថៃ នៅចំណុចប៉ុស្តិ៍លេខ ៣ ស្ថិតក្នុងភូមិសូន្យសាម ឃុំថាប់ថៃ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ទល់នឹងភូមិសាស្ត្រ ប៉ុស្តិ៍ប្រាសាទត្បែង ភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបានបញ្ជាក់ទៀតថា ពលករខ្មែរទាំង៦នាក់នេះ គឺមកពីខេត្តសៀមរាប ៥នាក់ និងខេត្តបន្ទាយមានជ័យ ១នាក់។

ពាក់ព័ន្ធនឹងការឃាត់ខ្លួនពលករទាំង៦នាក់នេះ ក្រុមការងារទំនាក់ទំនងការងារព្រំដែនកម្ពុជា-ថៃ បានទំនាក់ទំនងស្នើសុំ ប្រជាពលរដ្ឋខាងលើឱ្យត្រឡប់មកកម្ពុជាវិញដែរ ប៉ុន្តែខាងភាគីថៃមិនអនុញ្ញាត តាមសំណើរបស់ភាគីកម្ពុជាជាដាច់ខាត។

តាមការឲ្យដឹងពីសមត្ថកិច្ចថៃ គេបានស្រាវជ្រាវរកឃើញមេខ្យល់ ១នាក់ ជាជនជាតិថៃ និងបានកសាងសំណុំរឿង បញ្ជូនទៅកាត់ក្ដីនៅតុលាការថៃទាំង៧នាក់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង