ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរចុះដករបាំងថ្ម និងសម្របសម្រួលបញ្ចុះថ្លៃ បន្ទប់ជូនកម្មករ នៅតំបន់បិទខ្ទប់នៅសង្កាត់ស្ទឹងមានជ័យទី១

494

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ អមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានអញ្ជើញចុះដកប៉ារ៉ាស់នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ១ និងបន្តចុះសម្របសម្រួលកម្មករ កម្មការិនី ដែលតវ៉ាអោយម្ចាស់ផ្ទះជួលបញ្ចុះតម្លៃ ថ្លៃឈ្នួល ថ្លៃទឹក-ភ្លើង ចំនួន ៤០៤ បន្ទប់ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានធ្វើការសម្របសម្រួល រវាងម្ចាស់ផ្ទះជួល និងកម្មករ កម្មការិនី ដែលបានទាមទារ ឲ្យមានការបញ្ចុះថ្លៃផ្ទះជួល ហើយ ឯកឧត្ដម បានបន្តថា ដោយសារតែពួកគាត់គ្មានការងារធ្វើ ក្នុងកំឡុងពេលបិទខ្ទប់ នៃតំបន់ក្រហម ដោយមិនអនុញ្ញាតឲ្យពួកគាត់ចេញពីផ្ទះ ដើម្បីបំពេញការងារផ្សេងៗ និងគ្មានប្រាក់ចំណូលដើម្បី ដោះស្រាយជីវភាពប្រចាំថ្ងៃ ។
ក្នុងការចុះសម្របសម្រួលនេះដែរ ឯកឩត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ឯកឧត្ដម នឹងសុំការយោគយល់ពី ភាគីខាងម្ចាស់ផ្ទះជួល ដើម្បីបញ្ចុះថ្លៃឈ្នួលតាម ការស្នើសុំរបស់ កម្មករ កម្មការិនី ។
សូមបញ្ជាក់ផងដែរថា ក្នុងមួយបន្ទប់ ថ្លៃឈ្នួល ៥០ដុល្លារ ហើយកម្មករ កម្មការិនី ស្នើសុំនៅត្រឹម ២៥ដុល្លារ ក្នុងមួយបន្ទប់ ។

អត្ថបទដែលជាប់ទាក់ទង