បន្តផ្អាកដំណើរការអាជីវកម្មផ្សារបែកចាន ជាបណ្ដោះអាសន្ន
ខេត្តកណ្ដាល ៖ រដ្ឋបាលខេត្តកណ្ដាល ចេញសេចក្ដីសម្រេចស្តីពី ការបន្តផ្អាកដំណើរការអាជីវកម្មផ្សារបែកចាន ជាបណ្ដោះអាសន្ន ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ត្រូវបន្តផ្អាកជាបណ្ដោះអាសន្ន ដំណើរការអាជីវកម្មផ្សារបែកចាន ដែលស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលមានថិរវេលារអនុវត្តរយៈពេល ៧(ប្រាំពីរ)ថ្ងៃ បន្តទៀត គិតចាប់ពី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធ្វើការរៀបចំ សណ្តាប់ធ្នាប់ របៀបរៀបរយឡើងវិញ ឱ្យល្អប្រសើរនៅទីតាំងលក់ដូរ ក្នុងផ្សារបែកចាន។
ក្នុងអំឡុងពេលនៃការបន្តផ្អាកជាបណ្តោះអាសន្ន បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ ផ្ទាល់ ឬដោយប្រយោលក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទីតាំងខាងលើ ត្រូវបន្តចូលរួមសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងយកសំណាក ទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែក អង្គស្នួល ព្រមទាំងបន្តចូលរួមអនុវត្តវិធានការ “៣ ការពារ-៣ កុំ” របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាលជាចាំបាច់៕