ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលផ្លូវចូលខាងកើតប្រាសាទបន្ទាយស្រីឡើងវិញ

127

 

សៀមរាប ៖ ក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលឡើងវិញនូវ ផ្លូវចូលផ្នែកខាងកើតនៃប្រាសាទបន្ទាយស្រី ដើម្បីសង្គ្រោះឲ្យរួចផុតពីគ្រោះថ្នាក់ផ្សេងៗ។
បច្ចុប្បន្ននេះ ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងបន្តធ្វើការជួសជុលផ្លូវចូលពីខាងកើតដែលក្រាលដោយថ្មបាយក្រៀម ចន្លោះខ្លោងងទ្វារទី៣និងទី៤មានសភាពទ្រុឌទ្រោមខ្លាំង ។

ប្រាសាទបន្ទាយស្រីដែលមានឈ្មោះដើម ស្រីត្រិភុវនមហេស្វរៈ នេះត្រូវបានចាប់ផ្តើមសាងឡើងដោយព្រះរាជគ្រូព្រាហ្មណ៍ម្នាក់ឈ្មោះថា យជ្ញវរហ នាអំឡុងសតវត្សរ៍ទី១០ក្រោមរជ្ជកាលរបស់ព្រះបាទ រាជឥន្រ្ទវរ្ម័នទី២ (រវាង គ.ស. ឆ្នាំ៩៤៤ដល់៩៦៨) និងកសាងរួចរាល់ ជាស្ថាពរនៅក្រោមរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ (គ.សឆ្នាំ៩៦៨-១០០១)ដើម្បីឧទ្ទិសដល់ព្រះសិវៈ។

លោក សារ៉ាយ គឹមហួល មន្រ្តីបច្ចេកទេស និងជាអ្នកទទួលខុសត្រូវកិច្ចការអភិរក្សប្រាសាទបន្ទាយស្រី បានឱ្យដឹងនៅថ្ងៃទី១៩ ខែឧសភា នេះថា៖ ផ្លូវចូលប្រាសាទពីខាងកើតនេះមានប្រវែង៥៧ម៉ែត្រ ទទឹង៣,៣ម៉ែត្រ ក្រាលដោយថ្មបាយក្រៀម។ លោកថា ការជួសជុលនេះ គឺធ្វើទៅតាមបច្ចេកទេសបុរាណទាំងអស់។ ចំពោះថ្មដែលបាត់បង់ បែកបាក់ និងពុកផុយ ក្រុមការងារមិនបានប្រើប្រាស់ថ្មបាយក្រៀមថ្មីមកជំនួសទេ គឺប្រើប្រាស់កំបោរបាយអរពិសេសម្យ៉ាង ដែលផ្សំឡើងតាមរបៀបបុរាណរួមមាន កំបោរលៀស ម្សៅឥដ្ឋ ម្សៅថ្មបាយក្រៀមហ្មត់ ម្សៅថ្មបាយក្រៀមគ្រើម ខ្សាច់ និងស្ករត្នោត មកបំពេញជំនួសថ្មបាយក្រៀមដែលបានបាត់ឬខូច ធ្វើយ៉ាងណាឱ្យមានលក្ខណះស្រដៀងថ្មបាយក្រៀម។ មកដល់ពេលនេះក្រុមការងារបានធ្វើការជួសជុលបានជិត៥០% ភាគរយហើយ។

គួរបញ្ជាក់ថា ដើម្បីសង្រ្គោះប្រាសាទនេះ ឱ្យរួចផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុល ទល់ទ្រ នៅតាមបណ្តាចំណុចខូចខាតដែលប្រឈមនឹងគ្រោះថ្នាក់ជាច្រើនកន្លែងរួចមកហើយ។ បើតាមលោក គឹមហួល កត្តាអាយុកាល ការប្រែប្រួលនៃធម្មជាតិ រួមផ្សំនឹងកត្តាផ្សេងៗទៀត បានធ្វើឱ្យប្រាសាទបន្ទាយស្រីដ៏អស្ចារ្យមួយនេះទទួល រងនូវការខូចខាតនិងមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង៕

 

អត្ថបទដែលជាប់ទាក់ទង