រដ្ឋបាលខេត្តព្រះសីហនុ បិទបញ្ចប់ការលក់ដូរគ្រឿង ឧបភោគបរិភោគដោយ ប្រើប្រាស់មធ្យោបាយចល័តរបស់រដ្ឋបាលខេត្ត ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ
ព្រះសីហនុ៖ ដោយយោងតាមស្ថានភាពជាក់ស្តែង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមទីផ្សារមានសកម្មភាពឆ្លងរាលដាលលឿន មានទំហំធំ ហើយងាយឆ្លងបន្តចូល ក្នុងសហគមន៍យ៉ាងឆាប់រហ័សធ្វើឱ្យមានការលំបាកគ្រប់គ្រងស្ថានការណ៍ និងងាយរងគ្រោះថ្នាក់ជាទីបំផុត ក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទអាជីវកម្មលក់ដូរទាំងអស់នៅក្នុងក្រុងព្រះសីហនុ មានដូចជា ផ្សាររដ្ឋ ផ្សារឯកជន ផ្សារលក់ដូរប្រមូលផ្តុំ និងហាមឃាត់ការលក់ដូរនៅ តាមទីសាធារណៈដែលគ្មានសុវត្ថិភាព និងគ្មានសណ្តាប់ធ្នាប់។
ជាមួយគ្នានោះដែរ ដើម្បីធានាដល់ការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ សម្រាប់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ ជាបណ្តោះអាសន្ន រដ្ឋបាលខេត្ត បានរៀបចំជាផ្សាររៀបរយ និងបានសហការជាមួយវិស័យឯកជន ព្រមទាំងយុវជន អ.ម.ត ដោយប្រើប្រាស់មធ្យោបាយ ចល័តលក់ដូរគ្រឿងឧបភោគបរិភោគ ក្នុងតម្លៃសមរម្យ និងដឹកជញ្ជូនដល់គេហដ្ឋានប្រជាពលរដ្ឋដោយមិនគិតថ្លៃ ក្នុងកំឡុងពេលនៃការបិទខ្ទប់ក្រុងព្រះសីហនុនា ពេលកន្លងមក។ គិតត្រឹមរយៈពេលចុងក្រោយនេះ រដ្ឋបាលខេត្តសង្កេតឃើញថា ការលក់ដូរគ្រឿងឧបភោគបរិភោគតាម មធ្យោបាយចល័តហាក់មិនសូវ មានបងប្អូនមកទិញឡើយ ដូច្នេះរដ្ឋបាលខេត្ត សម្រេចបញ្ឈប់ការលក់ដូរគ្រឿងឧបភោគបរិភោគ ដោយប្រើប្រាស់មធ្យោបាយចល័ត របស់រដ្ឋបាលខេត្ត ចាប់ពីពេលនេះតទៅ។
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្ត សូមលើកចិត្តឱ្យបងប្អូន អាជីវករលក់ដូរតាមលំនៅឋាន តាមផ្សារម៉ាត និងទីតាំងរៀបរយផ្សេងទៀត ដោយអនុវត្តតាមគោលការណ៍ណែនាំ ពីស្តង់ដារសុវត្ថិភាពដែល ដាក់ចេញដោយរដ្ឋបាលខេត្ត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕