ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៩៣នាក់

139

 

កំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៩៣នាក់ ក្នុងនោះ ស្រុកជើងព្រៃ ៣៤នាក់ ស្រុកបាធាយ ៣៤នាក់, ស្រុកព្រៃឈរ ០៩នាក់ កំពង់សៀម ០៦នាក់ និងមកពីខេត្តកំពង់ឆ្នាំង ០៣នាក់ ខេត្តកំពង់ធំ ០៧នាក់ និងករណីជាសះស្បើយចំនួន ២៣នាក់ ក្នុងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ដែលភាគច្រើនអ្នកប៉ះពាល់ជាមួយកម្មករកម្មការិនីរោងចក្រ។

នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្ត យកសំណាកលើអ្នកសង្ស័យចំនួន ៨០១នាក់ ទទួលបានលទ្ធផលតេស្តរហ័សកូវីដ-១៩ វិជ្ជមានកូវីដ-១៩ ចំនួន ៩៣នាក់។ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺទាំង ៩៣នាក់ មកសម្រាកព្យាបាលនៅមន្ទីរ ពេទ្យមេគង្គកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលនឹងអ្នកជំងឺកូវីដ-១៩ខាងលើបន្ថែមទៀត។

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធ និងធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ឬតាមរយៈលេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។

ដោយឡែក ករណ៏ជាសះស្បើយក្នុងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ មានចំនួន ២៣នាក់ (បូកយោង ចំនួន១២៨នាក់) និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គ ២៧០នាក់។ អ្នកជំងឺទាំង២៣នាក់ ត្រូវបាន ព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក និងត្រូវបាន អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ-ឃុំខាងលើ និង បងប្អូនប្រជាពលរដ្ឋររស់នៅក្នុងខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តកំពង់ឆ្នាំង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ “៣កុំ ៣ការពារ ” និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្ត យ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយ ស្មារតីទទួលខុសត្រូវ ខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ៕

អត្ថបទដែលជាប់ទាក់ទង