អភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់ RAPID TEST ចំនួន ៥.០០០ ឈុត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត
ព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគល់ RAPID TEST ចំនួន ៥.០០០ ឈុត ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ជូនដល់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា Rapid Test ចំនួន ៥.០០០នេះ គឺជាជំនួយឧបត្ថម្ភពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកជូនដល់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់តេស្តរកមេរោគកូវីដ-១៩ នៅខេត្តព្រះសីហនុ ម្យ៉ាងទៀត Rapid Testនេះ ជាឧបករណ៍តេស្តរកមេរោគកូវីដបានលឿន និងទាន់ពេលវេលាដើម្បីយើងធ្វើការគ្រប់គ្រង និងកាត់ផ្តាច់ការចម្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើង ។
ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបន្តថាគុណតម្លៃនៃ Rapid Test ធ្វើឱ្យយើងគ្រប់គ្រងជំងឺកូវីដ-១៩ កុំឱ្យឆ្លងរាលដាលចូលក្នុងសហគមន៍ ដោយសារការតេស្តយើងប្រើរយៈពេលពី១៥ ទៅ ២០នាទីតែប៉ុណ្ណោះ ប្រសិនបើតេស្តឃើញវេជ្ជមានកូវីដ-១៩ ក្រុមគ្រូពេទ្យយើង និងយកពួកគាត់ទៅកាន់មណ្ឌលព្យាបាល ដោយកាត់ផ្តាច់មិនឱ្យមានការចម្លង បន្តទៅអ្នកដទៃទៀត ប្រសិនយើងតេស្តដោយប្រើ P C R ម៉ាស៊ីនវិភាគរកមេរោគកូវីដ-១៩ វាមានរយៈពេលវែង អាចពីមួយថ្ងៃឈានដល់ពីរថ្ងៃ ដូច្នេះវាមានហានិភ័យក្នុង ការឆ្លងរាលដាលចូលក្នុងក្រុមគ្រួសារ និងសហគមន៍របស់យើង ទន្ទឹមនោះក្នុងនាមរដ្ឋបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ សូមថ្លែងអំណរគុណឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា ណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ព ជើងគោក ដែលបានឧបត្ថម្ភនូវ Rapid Test មកខេត្តព្រះសីហនុនាពេលនេះ ដើម្បីចូលរួមការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ បានទាន់ពេលវេលា ៕