ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ វិធីបញ្ចប់ដោយគ្មានអ្នកចាញ់

66

ភ្នំពេញ ៖ រឿងអ្វីក៏ដោយប្រសិនបើម្ខាងៗ ចង់ឈ្នះរឿងៗខ្លួននោះអ្វីៗ នឹងមិនងាយបញ្ចប់នោះទេ គឺជម្រើសចុងក្រោយមានតែបង្ហូរឈាម តាមរបៀបប្រើកម្លាំងបាយ យកចាញ់ ឈ្នះតែប៉ុណ្ណោះ ។

លោកគង្គ ប៊ុនឈឿន ដែលគេផ្ដល់រហស្សនាមថា ជាម្ចាស់កវីស្ទឹងសង្កែនោះ បានសរសេរថាទឹកស្ទឹងសង្កែ ប្រៀបបាននឹងទឹកខ្មៅ ដែលកវីគ្រប់រូបជ្រលក់ប៉ាក់កា សរសេរមិនចេះរីងស្ងួតឡើយ ។ លោកបន្តថា ស្ទឹងសង្កែបានលាក់ទុក នូវអាថ៌កំបាំងច្រើនរាប់រយម៉ឺនរឿង ។ តែនោះវាជារឿងពីមុន ។
ស្ទឹងសង្កែក្នុងសម័យសង្គ្រាម ក៏កាន់តែមានអាថ៌កំបាំងច្រើនទៀត គឺមីននៅក្នុងដី និង មីននៅលើចុងឈើ។ អាថ៌កំបាំងសម័យសង្គ្រាម គឺជាអាថ៌កំបាំង ដែលមនុស្សចាស់បន្សល់ទុក ឲ្យហើយអ្នករងគ្រោះ ដោយសារមីនមិនមែនអ្នកបង្កើតសង្គ្រាមនោះ មកទេ គឺក្មេងជំនាន់ក្រោយតែម្ដង ។ ខ្លះដាច់ជើង ដាច់ដៃ ពិការភ្នែក ស្លាប់ ខ្លះនៅមានជីវិតដែលរស់នៅ លំបាកជាងស្លាប់ទៅទៀត ។
ក្មេងជំនាន់នេះ បន្ទាប់ពីខំបញ្ចប់សង្គ្រាម តាមរយៈនយោបាយឈ្នះ ! ឈ្នះ មកនោះកំពុងតែខិតខំលុបចោល នូវអាថ៌កំបាំងដ៏ឃោរឃៅ ដែលមានរាប់សិបរឿង នៅតាមមាត់ស្ទឹងសង្កែ ដើម្បីបបួលគ្នាបំភ្លេចរឿងឈឺចាប់ ។ នឹកឃើញរឿងនេះ ធ្វើឲ្យនាយខ្ញុំនឹកឃើញរឿងមួយ ក្នុងជាតិជាតកដែលសត្វចំនួន៣ប្រភេទ បញ្ចប់ជម្លោះដោយគ្មានអ្នកចាញ់ អ្នកឈ្នះ គឺឈ្នះទាំងអស់គ្នា ។ នោះគឺរឿងសត្វទទា សត្វដំរី និងសត្វស្វា ។
សត្វទាំ៣ប្រភេទនេះ រស់នៅក្នុងព្រៃជាមួយគ្នា តែមិនត្រូវគ្នាទេ ព្រោះម្ខាងៗសុទ្ធអួតថាខ្លួនខ្លាំងរៀងៗខ្លួន ។
ដំរីអួតថាសត្វស្វា និងសត្វទទាមិនដឹងជា មានស្អីអួតទេមាឌប៉ុណ្ណេះៗ អញជាន់តែមួយជើង ឬ វ័ធតែមួយភ្លុកបើមិនស្លាប់ទេ ភ្នាល់ឯស្វាឮដូច្នោះ ក៏ចំអកទៅវិញថាដំរីជាសត្វធំ អត់ប្រយោជន៍ ស្មានតែលោតទាន់យើងឬ បើចង់ជាន់យើងៗ គ្រាន់តែលោកគេចក៏ហត់ស្លាប់ដែរ តែបើយើងលោតឡើងចុងឈើ ទៀតមិនដឹងជាធ្វើស្អីយើងឡើយ ។
សត្វទទាក៏ចំអកទៅវិញដែរថា ពួកអ្នកឯងអួតតែខ្លាំង តែមិនចេះហោះហើរដូចយើងទេ យើងអាចហោះពីលើពួកឯង ហើយបើអញច្រឡឺម តែបន្តិចអញជុះអាចម៍ដាក់ក្បាលពួកឯងទៀត ក៏បានដែរ ។ បន្ទាប់រ៉ាំរ៉ៃក្នុងជម្លោះយូរពេកនោះ សត្វទាំង៣ក៏បបួលគ្នា រិះរកវិធីបញ្ចប់ជម្លោះ ដើម្បីកុំឲ្យអ្នកស្រករក្រោយ របស់ពួកគេរស់ក្នុងមរតក នៃជម្លោះនេះតទៅទៀត ។ ថ្ងៃមួយសត្វទាំង៣ប្រភេទ បានណាត់ជួបគ្នា ដើម្បីចរចាគ្នា នៅក្រោមដើមឈើ ដែលធំជាងគេនៅក្នុងព្រៃនេះ ។ ការចរចានេះ មានលក្ខខណ្ឌថា បើនរណាមករស់នៅក្នុងព្រៃនេះ មុនគេនឹងត្រូវលើកតម្កើង ឲ្យធ្វើជាមេគេ ឬ ជាអ្នកដឹកនាំគេនៅក្នុងព្រៃនេះ ។

ដំរីដែលអាងតែមាឌធំនោះ បាននិយាយមុនថា ខ្ញុំជាដំរីបានមករស់នៅក្នុងព្រៃនេះ តាំងតែពីដើមឈើ ដែលយើងកំពុងតែជ្រកនេះ មានកំពស់ត្រឹមពោះខ្ញុំឯណោះ ។ ឮដូច្នោះស្វាក៏តបទៅវិញថា អញ្ចឹងដំរីឯងមករស់នៅទីនេះ ក្រោយខ្ញុំទេ ព្រោះខ្ញុំមករស់នៅទីនេះ តាំងពីដើមឈើនេះទើប តែលាស់ត្រួយឯណោះ ហើយកាលនោះ ខ្ញុំក៏ស៊ីត្រួយដើមឈើនេះ ជាអាហារទៀតផង ។
សត្វទទាឮបែបនោះ ក៏តបថាអញ្ចឹងអ្នកទាំង២ មករស់នៅក្នុងព្រៃនេះ ក្រោយខ្ញុំទេ ព្រោះដើមឈើនេះ ខ្ញុំជាអ្នកពាំគ្រាប់វាពីព្រៃផ្សេង មកទម្លាក់ឲ្យដុះនៅទីនេះទេ ។
ឮទទានិយាយបែបនេះ ទាំងស្វា ទាំងដំរីបានឯកភាពតាមព្រម ទាំងលើកទទាឲ្យធ្វើជាមេ គេក្នុងព្រៃនោះ រហូតមកដោយសុខសាន្ដ។
សត្វប្រភេទផ្សេងគ្នា នៅនិយាយគ្នាបញ្ចប់ជម្លោះ បានចុះមនុស្សយើងចេះនិយាយភាសា តែមួយរឿងអ្វីដែលថា បញ្ចប់មិនបាននោះសំខាន់ គឺនិយាយគ្នាដោយស្មោះត្រង់ ដោយមិនលេងរបៀបចាប់ដៃ ជាន់ជើងទៅវាចប់ដោយគ្មានបញ្ហា ៕

លីងវីដេអូខាងក្រោម៖

https://www.facebook.com/watch/?extid=NS-UNK-UNK-UNK-IOS_GK0T-GK1C&v=318033793362077


អត្ថបទដែលជាប់ទាក់ទង