ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសុខាភិបាល ជូនដំណឹងឲ្យពលរដ្ឋត្រូវពង្រឹងការអនុវត្តវិធានការការពារ ការចម្លងវីរុសកូវីដ១៩បំប្លែងថ្មី

329

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនព័ត៌មានស្ដីពីការពង្រឹងការអនុវត្ត វិធានការការពារ ការចម្លងវីរុសកូវីដ១៩ (រួមទាំងពពួកបំប្លែងថ្មី) ជាពិសេសបុគ្គលត្រូវចូលរួមជាចាំបាច់ឲ្យបានត្រឹមត្រូវ ខ្ជាប់ខ្ជួន និងម៉ត់ចត់។

ក្រសួងសុខាភិបាល បានអះអាងថា តាមរយៈការធ្វើតេស្តលើពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃ ឃើញថាមានការនាំចូលនូវជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទ ដែលតា(Delta) មានច្រើនករណីដកពិសោធន៍ការចម្លងនៃវីរុសនេះ នៅប្រទេសមួយចំនួន មានភាពសាហាវខ្លាំងជាងវីរុសកូវីដ-១៩ បំប្លែងមុនៗ ប្រហែល ដល់ទៅ ១៥ដង ខ្លាំងជាងការចម្លងពីពេលកន្លងទៅ។

ទន្ទឹមនឹងនោះ យើងក៏មិនដឹងថា វីរុសកូវីដ-១៩ នេះ មានអត្តចរិកបែបណា និងនៅកន្លែងណាដែរ រហូតដល់បច្ចុប្បន្ននេះ ហើយក៏មិនអាចដឹងដែរថា តើបុគ្គលដែលបានឆ្លងវីរុសនេះបានប៉ះពាល់អ្វីខ្លះដែលមានវត្តមានវីរុសនេះ ហើយបុគ្គល ដែលកើតជំងឺកូវីដ-១៩ នេះក៏ប្រហែលជាមិនដឹងខ្លួនថាឆ្លងផង។

ក្រសួងបញ្ជាក់ទៀតថា វ៉ាក់សាំង គឺជាឧបករណ៍ដែលអាចជួយ កាត់បន្ថយនូវភាពឈឺធ្ងន់ធ្ងរ ការសម្រាកនៅមន្ទីរពេទ្យ និងអត្រាស្លាប់។ ប៉ុន្តែអ្វីដែលអ្នកវិទ្យាសាស្ត្រ បានស្រាវជ្រាវដឹងនោះ គឺបណ្តាលមកពីកង្វះខាត ក្នុងការអនុវត្តន៍វិធានការការពារខ្លួនបានត្រឹមត្រូវ និងដោយម៉ត់ចត់ ជាពិសេស ហានិភ័យខ្ពស់នៅពេលដែលបុគ្គលចល័ត ធ្វើដំណើរចេញពីផ្ទះ ពីកន្លែងមួយទៅកន្លែងមួយ ដោយភ្លេចអនុវត្តន៍វិធានការការពារខ្លួន ឬអនុវត្តមិនបានខ្ជាប់ខ្លួន និងគត់មុត នូវវិធានការការពារខ្លួន។

បច្ចុប្បន្នក្រសួងសង្កេតឃើញថា បុគ្គលមានការភ្លេចខ្លួន ដែលបណ្តាលឲ្យការអនុវត្តន៍វិធានការការពាររបស់បុគ្គល មានភាពធូររលុង ជាពិសេសនៅតាមទីប្រជុំជន។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តាមរយៈសេចក្ដីជូនព័ត៌មាននេះ បានក្រើនរំលឹកហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់ សាធារណជន ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឲ្យបន្តការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះដោយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅរបស់ខ្លួន ឲ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមាននៅក្នុងប្រទេសកម្ពុជា ជាយថាហេតុណាមួយ។

ដូច្នេះ ការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ដើរតួនាទីសំខាន់ណាស់ គឺដើម្បីការពារបុគ្គលខ្លួនឯង ក្រុមគ្រួសារខ្លួន និងសហគមន៍របស់ខ្លួន និងអ្នកដទៃ ឲ្យបានរស់នៅប្រកបដោយសុវត្ថិភាព និងអាចរក្សាជីវភាររស់នៅ ដោយអាចប្រព្រឹត្តការប្រកបមុខរបរចិញ្ចឹមជីវិតបាន។ នេះមានន័យថា ប្រជាពលរដ្ឋទាំងអស់ទាមទារអនុវត្តនូវ៖

*៣ការពារ៖
១៖ ពាក់ម៉ាស់៖ ជាពិសេសនៅពេលកំពុងពាក់ម៉ាស់ សូមកុំយកដៃប៉ះផ្ទៃមុខនៃម៉ាស់ ឬ ទាញម៉ាស់ដាក់ក្រោមចង្ការ និងត្រូវដូរម៉ាស់ថ្មី នៅពេលវាសើម
២៖ លាងដៃឱ្យញឹកញាប់ ជាមួយសាប៊ូក្នុងរយៈពេល ៤០វិនាទី ឬ ជាមួយអាល់កុលដែលក្នុងរយៈពេល ២០វិនាទី
៣៖ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង៖ ទោះបីជាបងប្អូន សមាជិកគ្រួសារ សាច់ញាតិ ដែលមានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីអ្នក ឬក៏មិត្តភ័ក្តជិតស្និទ្ធក៏ដោយ។

*៣កុំ៖
១៖ កុំទៅកន្លែងមានមនុស្សកុះករច្រើន ក្នុងន័យនេះរាប់ទាំង ការជួបជុំផឹកស៊ីជាលក្ខណៈគ្រួសារ សាច់ញាតិដែលមានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីអ្នក ឬ មិត្តភ័ក្តជិតស្និទ្ធ
២៖ កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
៣៖ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា សូម្បីតែសមាជិកគ្រួសារ សាច់ញាតិ ដែលមានការស្នាក់នៅក្នុងគេហដ្ឋានផ្សេងពីអ្នក ឬ មិត្តភ័ក្តជិតស្និទ្ធ។

ការអនុវត្តន៍វិធានការ ៣កុំ គឺត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់ និងសូមអាជ្ញាធរមូលដ្ឋានជំរុញការអនុវត្តន៍ ៣ការពារ និង៣កុំ នេះឲ្យបានល្អប្រសើររួមជាមួយ នឹងការតាមដាន ព្រមទាំងដាក់ចេញនូវការអនុវត្តន៍ច្បាប់ជាធរមានផងដែរ។

ក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ របស់ប្រជាពលរដ្ឋទាំងអស់ ហើយក្រសួងក៏សូមអំពាវនាវដល់ សាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមការណែនាំខាងលើនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែក កាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ និងការចម្លងវីរុសកូដ-១៩ ពីបុគ្គលម្នាក់ទៅម្នាក់ ជាពិសេសត្រូវចូលរួមការពារការចម្លងវីរុសបំប្លែងថ្មី នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង