ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រុស្ស៉ី ព្រមានអាមេរិក ទុកជាមុន៖ «កុំដកទ័ពចេញ ពីអាហ្វហ្គានីស្ថាន រួចយកទៅដាក់នៅប្រទេសក្បែរៗនោះឲ្យសោះ»

90

ម៉ូស្គូ៖ រុស្ស៊ីបានព្រមានទីក្រុងវ៉ាស៊ីនតោន កុំឱ្យដាក់មូលដ្ឋានទ័ព ឬដាក់ពង្រាយកងទ័ពរបស់ខ្លួន ទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាល បន្ទាប់ពីការដកកងទ័ពអាមេរិក ចេញពីប្រទេសអាហ្វហ្គានីស្ថាន ជិតសម្រេចជាស្ថាពរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នៅព្រឹកថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។

ការព្រមានខាងលើធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) និងត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ ខណៈសហរដ្ឋអាមេរិកបានដកកងទ័ព ចេញពីអាហ្វហ្គានីស្ថានជាង ៩០ភាគរយហើយ។ លោក Sergei Ryabkov បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ការពង្រាយកងទ័ព ឬការដាក់មូលដ្ឋានទ័ពអាមេរិកជាអចិន្រ្តៃយ៍ នៅតាមបណ្ដាប្រទេសក្បែរខាងអាហ្វហ្គានីស្ថាន គឺជារឿងមិនអាចទទួលយកបាន… យើងបានប្រាប់សហរដ្ឋអាមេរិកដោយផ្ទាល់ដែរថា ការធ្វើបែបនេះមិនត្រឹមតែផ្លាស់ប្ដូរការយល់ឃើញរបស់រុស្ស៊ី ចំពោះអ្វីដែលកំពុងកើតឡើងប៉ុណ្ណោះទេ តែវាក៏នឹងផ្លាស់ប្ដូរទាំងស្រុវនូវទំនាក់ទំនង របស់ពួកយើងជាមួយសហរដ្ឋអាមេរិកផងដែរ»

បើតាមលោក Sergei Ryabkov នៅក្នុងជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅឯទីក្រុងហ្សឺណែវ ប្រទេសស្វីសកាលពីខែមិថុនាកន្លងទៅ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក៏បានលើកឡើងពីបញ្ហាខាងលើ នៅក្នុងកិច្ចប្រជុំនោះផងដែរ។ ម្យ៉ាងវិញទៀតក្រៅតែពីព្រមានសហរដ្ឋអាមេរិក រុស្ស៊ីថែមទាំងបានព្រមានកុំឱ្យបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ីកណ្ដាលទទួលស្វាគមន៍ កងទ័ពអាមេរិកទៀតផង៕

អត្ថបទដែលជាប់ទាក់ទង