ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល ចេញគោលការណ៍ណែនាំទូទៅស្តីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរក អង់ទីហ្សែនកូវីដ១៩

39

 

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល បានចេញគោលការណ៍ណែនាំទូទៅស្តីពី ការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរក អង់ទីហ្សែនកូវីដ១៩ ដែលមានចំនួន២៦ទំព័រ។ គោលការណ៍ណែនាំនេះរៀបចំដោយ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឹកូវីដ១៩។

នៅក្នុងអារម្ភកថា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ការមកដល់ជាបន្តបន្ទាប់នូវរលកទី ១ និងទី ២ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងការ ប្រឈមនឹងរលកទី ៣ បង្កឡើងដោយមេរោគបំប្លែងថ្មីដែលតា (Delta) បានដាក់សម្ពាធបន្ថែម និង បានបន្តគំរាមកំហែង ដល់សុខុមាលភាពប្រជាជន, សង្គម-សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលសាធារណៈរបស់កម្ពុជា ។
ការដាក់ចេញឱ្យអនុវត្តនូវ គោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់ តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នឹងក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការបន្ធូរបន្ថយនូវសម្ពាធ និង ការគំរាមកំហែងទាំងនេះ តាមរយៈការរុករក និងកំណត់មុខសញ្ញាអ្នកផ្ទុកមេរោគកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងទាន់ពេល ដើម្បីចូលរួមចំណែកប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ សំដៅគ្រប់គ្រងឱ្យបាននូវការឆ្លងរាលដាលនៅក្នុងសហគមន៍ និងឈានទៅដល់ការដាក់ឱ្យបើកដំណើរការពេញលេញជាបណ្តើរៗ នូវសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា គោលការណ៍ណែនាំទូទៅស្ដីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ គឺជាឯកសារណែនាំសាធារណៈដ៏មានប្រសិទ្ធភាព ដែលមានចក្ខុវិស័យវែងឆ្ងាយ នៅក្នុងការកំណត់មុខព្រួញយុទ្ធសាស្ត្រសំខាន់ៗ ដែលមានភាពស៊ីចង្វាក់គ្នាទៅនឹងការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ រួមមានការកាត់ផ្តាច់នូវខ្សែបណ្តាញនៃការនាំចូលមេរោគកូវីដ-១៩ ពីបរទេស ក៏ដូចជាការកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នៅពេលដែលមានការផ្ទុះនៃជំងឺនេះម្ដងៗ ឯកសារនេះ ក៏នឹងផ្តល់នូវគោលការណ៍គ្រឹះមួយចំនួនសម្រាប់អនុវត្តនៅតាមស្ថាប័នទូទៅ ទាំងសាធារណៈ និងឯកជន ដើម្បីឈានទៅរកការបើកដំណើរការពេញលេញជាបណ្ដើរៗនូវ សកម្មភាពសេវាកម្ម, ផលិតកម្ម និងសកម្មភាពសង្គម-សេដ្ឋកិច្ចផ្សេងទៀត ដែលកំពុងត្រូវបានរឹតត្បិត ។ ជាមួយគ្នានេះ ឯកសារនេះនឹងក្លាយទៅជាមគ្គុទេសក៍បង្ហាញផ្លូវដ៏មានប្រយោជន៍ ចំពោះការកំណត់ វិធានការនានា នាពេលខាងមុខ ដែលឆ្លើយតបទាន់ពេលវេលាទៅនឹងជំងឺកូវីដ-១៩ តាមរយៈការបើ ប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្តេចសូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ ក្រុមការងារនៃអនុគណៈកម្មការវាយតម្លៃ ផែនការ និងយុទ្ធសាស្ត្រ, ដែលចំណុះឱ្យគណៈកម្មការអន្តរ ក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងដែលស្ថិតក្រោមការដឹកនាំ និងសម្របសម្រួលរបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩, ដែលបានរៀបចំ គោលការណ៍ ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ ដ៏សំខាន់នេះ ។ សូមវាយតម្លៃខ្ពស់ចំពោះការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកពាក់ព័ន្ធទាំងអស់ ដែលបានគាំទ្រ និងផ្តល់កិច្ចសហការចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្រោម ស្មារតីបុរសកម្ម ក្នុងការរៀបចំឯកសារនេះឡើង ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានសូមណែនាំឱ្យក្រសួង-ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវឆន្ទៈទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅក្នុងបរិបទដ៏លំបាកនេះ ដើម្បីជាឧត្តមប្រយោជន៍ ជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង