ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតចិន ៖ ប្រទេសចំនួន៤៨ បានផ្ញើសារលិខិត ទៅកាន់អគ្គនាយក WHO ជំទាស់នឹងការយកបញ្ហាប្រភពដើម នៃជំងឺវីរុសកូវីដ ធ្វើជាឈ្នាន់នយោបាយ

67

ភ្នំពេញ ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញផ្សាយព័ត៌មានថា នាថ្ងៃទី១៥ ខែកក្កដា ប្រទេសចំនួន ៤៤ បានដាក់សារលិខិតរួមគ្នាទៅកាន់លោកTedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក(WHO) ស្តីពីបញ្ហាស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដ-១៩។

ហើយប្រទេស ៤ ផ្សេងទៀតបានផ្ញើសារលិខិតដាច់ដោយឡែក ដោយរីករាយស្វាគមន៍នឹងWHO ចេញផ្សាយរបាយការណ៍ស្រាវជ្រាវរួមគ្នា រវាងចិននិងWHO ដោយពួកគេយល់ឃើញថា របាយការណ៍ខាងលើនេះ គួរតែក្លាយទៅជាមូលដ្ឋាន និងមគ្គុទ្ទេសក៍ ក្នុងការជំរុញកិច្ចការស្វែងរកប្រភពដើម សម្រាប់សកលលោក។ បានសង្កត់ធ្ងន់ អំពីការស្វែងរកប្រភពដើមនៃជំងឺវីរុស គឺជាភារកិច្ចវិទ្យាសាស្ត្រ ដែលទាមទារឱ្យអ្នកជំនាញវិទ្យាសាស្ត្រ ធ្វើការសិក្សាស្រាវជ្រាវជាសកល មិនអាចយកបញ្ហានេះ ធ្វើជាឈ្នាន់នយោបាយបានឡើយ។ បានអំពាវនាវដល់លេខាធិការដ្ឋាន នៃអង្គការWHO សហការជាមួយប្រទេសជាសមាជិក ដើម្បីជំរុញកិច្ចការស្រាវជ្រាវមួយនេះ ដោយផ្អែកលើសេចក្តីសម្រេចរួមគ្នា ដែលពាក់ព័ន្ធនឹងសន្និបាតសុខភាពពិភពលោក។

ស្ថានទូតចិន បានបញ្ជាក់ថា ប្រទេសទាំង ៤៨ ខាងលើនេះ បានបញ្ចេញសំឡេងសច្ចធម៌យ៉ាងខ្លាំងក្លា វាមានលក្ខណៈផ្ទុយស្រឡះ ជាមួយប្រទេសមួយចំនួនតូច ដែលត្រូវបានបង្ខំដោយសហរដ្ឋអាមេរិក ក្នុងការធ្វើនយោបាយផ្តេសផ្តាស ប្រឆាំងជាមួយវិទ្យាសាស្រ្ត និងបំភាន់ការពិត។ នេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញ ពីការការពារភាពសុចរិត របស់សហគមន៍អន្តរជាតិ និងបង្ហាញពីប្រទេស ដែលតែងប្រកាន់ខ្ជាប់ ភាពសច្ចធម៌ យុត្តិធម៌ និងត្រឹមត្រូវនៅតែមានជាច្រើន៕

អត្ថបទដែលជាប់ទាក់ទង