ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតអ្នកបើកឡានរៀបចំសណ្តាប់ធ្នាប់ សាលាខណ្ឌដង្កោម្នាក់ ត្រូវបានប៉ូលិសខណ្ឌដង្កោ ឃាត់ខ្លួនតាមដីកា របស់តុលាការ ពីបទឆបោកនិងក្លែងឯកសណ្ឋាននគរបាលជាតិ

115

 

ភ្នំពេញ ÷ កម្លាំងជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឃាត់ខ្លួនអតីតអ្នកបើករថយន្ត សន្តិសុខសណ្តាប់ធ្នាប់សាលាខណ្ឌដង្កោម្នាក់ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស ឆបោក, ប្រើប្រាស់ដោយខុសច្បាប់នូវសម្លៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសាធារណៈ និងក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅរាជធានីភ្នំពេញ អំឡុងខែកញ្ញា ឆ្នាំ២០២០ និងអំឡុងខែមិថុនា ឆ្នាំ២០២១ ។

ឃាត់ខ្លួននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី ត្រង់ចំណុចភូមិវិហារសួគ៌ ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ នាង ណុយ ហៅ ម៉ាប់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅភូមិខ្វិត សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា៖​ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៤និង៤០នាទី ជនរងគ្រោះឈ្មោះ អៀ សៅរី ភេទស្រី អាយុ២៩ឆ្នាំ បានជិះរថយន្តឈ្នួលពីផ្ទះស្ថិនៅភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មកសួរសុខទុក្ខឈ្មោះ សុង វិច្ឆិកា ភេទប្រុស អាយុ២៩ឆ្នាំ (ត្រូវជាប្តីរបស់ជនរងគ្រោះឈ្មោះ អៀ សៅរី) ដែលត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់ខ្លួនពីបទលួច កំពុងឃុំខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះឈ្មោះ អៀ សៅរី មកដល់ភ្នំពេញ ក៏បានហៅកង់បីជិះមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ហើយបុរសម្នាក់មិនស្គាល់ឈ្មោះ អាយុ៣៥ឆ្នាំ (ជាអ្នករត់កង់បី) ប្រើលេខទូរស័ព្ទ០៩៦ ៩៩ ៩៦ ២៥៥ ក៏បាននិយាយប្រាប់ជនរងគ្រោះឈ្មោះ អៀ សៅរី ថា បើចង់ជួយប្តីឲ្យចេញមានសេរីភាព ឈ្មោះ នាង ណុយ ហៅ ម៉ាប់ ភេទប្រុស អាយុ៣៩ឆ្នាំ ប្រើលេខទូរស័ព្ទ ០៩៧ ៧៧ ៥១ ៦៦៩ អាចជួយឱ្យរួចខ្លួនបាន ។

ពេលនោះជនរងគ្រោះ ឈ្មោះ អៀ សៅរី ក៏បានទាក់ទងតាមលេខទូរស័ព្ទខាងលើទៅជួបជនសង្ស័យឈ្មោះ នាង ណុយ ហៅ ម៉ាប់ នៅមុខសាលាខណ្ឌដង្កោ ដែលមានទីតាំងនៅជាប់និងរបងអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមផ្លូវ២១៧ ស្ថិតនៅភូមិថ្មីដែរ ។ ពេលជនរងគ្រោះឈ្មោះ អៀ សៅរី បានជួបជនសង្ស័យ រួចជនសង្ស័យប្រាប់ជនរងគ្រោះឈ្មោះ អៀ សៅរី ថា រូបគេ (ជនសង្ស័យ) ជាមន្ត្រីនគរបាលនៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ មានឋានន្តរសក្តិ អនុសេនីយ៍ឯក ដោយបានបង្ហាញកាតសម្គាល់ខ្លួននគរបាលជាតិ ឱ្យជនរងគ្រោះឈ្មោះ អៀ សៅរី ឃើញ រួចនិយាយទារលុយចំនួន៣០០០ ដុល្លារអាមេរិកពីជនរងគ្រោះ ដើម្បីយកទៅជួបអធិការរង ទទួលបន្ទុកផែននគរបាលយុត្តិធម៌ ជាថ្នូរ នឹងការដោះលែងឈ្មោះ សុង វិច្ឆិកា ឲ្យមានសេរីភាពវិញ ។ បន្ទាប់មកជនរងគ្រោះឈ្មោះ អៀ សៅរី ក៏បានតថ្លៃឲ្យតម្លៃចំនួន ១៧០០ ដុល្លារអាមេរិក រួចក៏មានការឯកភាពគ្នា ហើយជនរងគ្រោះក៏បានប្រគល់លុយ ចំនួន២,៤០០,០០០រៀល ឲ្យទៅជនសង្ស័យ សិន រួចនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ អៀ សៅរី ក៏បានផ្ញើលុយតាមវីងចំនួន ១,២០០,០០០ រៀល (មួយលានពីរសែនរៀល) ឲ្យទៅជនសង្ស័យ តាមលេខ 0977751669, នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះឈ្មោះ អៀ សៅរី បានផ្ញើលុយតាមវីងឱ្យទៅជនសង្ស័យចំនួន៤០០,០០០រៀល(បួនសែនរៀន) រហូតដល់ថ្ងៃទី០១ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីជនសង្ស័យបានទទួលលុយពីជនរងគ្រោះឈ្មោះ អៀ សៅរី រួចក៏ធ្វើការទំនាក់ទំនងគ្នាលែងបាន បិទទូរស័ព្ទគេចខ្លួនបាត់ ហើយជនរងគ្រោះឈ្មោះ អៀ សៅរី ក៏បានមករាយការណ៍ ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតែម្តង។ លុះដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះ ឈ្មោះ សំ សម្បត្តិ ភេទស្រី អាយុ៤៧ឆ្នាំ បានមករាយការណ៍ និងដាក់ពាក្យបណ្តឹងទៅ លើជនសង្ស័យឈ្មោះ នាង ណុយ ហៅ ម៉ាប់ ខាងលើ ម្នាក់ទៀត ពីបទ ឆបោក (លុយចំនួន២៤០០ដុល្លារអាមេរិក) ដើម្បីយកទៅរត់ការផ្ទេរកម្មសិទ្ធដី និងផ្ទះសម្បែង ឲ្យជនរងគ្រោះ ឈ្មោះ សំ សម្បត្តិ កាលពីថ្ងៃទីមិនចាំ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្ទះលេខ២៧P ផ្លូវលេខ៤ បុរីលឹមឈាងហាក់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្រោយពីជនសង្ស័យទទួលយកលុយចំនួនខាងលើ និងឯកសារពាក់ព័ន្ធការកាត់ផ្ទេរកម្មសិទ្ធផ្ទះសម្បែង ពីជនរងគ្រោះឈ្មោះ សំ សម្បត្តិ រួចក៏បានគេចខ្លនបាត់ សូម្បីតែជនរងគ្រោះឈ្មោះ សំ សម្បត្តិ ព្យាយាមតាមរយៈទូរស័ព្ទ និងព្យាយាមទាក់ទងទៅជួបដោះស្រាយគ្នាផ្ទាល់ ក៏មិនបានជួបជនសង្ស័យដែរ យកទាំងលុយ និងឯកសាររបស់ជនរងគ្រោះឈ្មោះ សំ សម្បត្តិ គេចខ្លួនបាត់មិនជួបដោះស្រាយ ជាមួយជនរងគ្រោះឈ្មោះ សំ សម្បត្តិ ឡើយ ។ ដើម្បីឲ្យជនសង្ស័យចូលខ្លួនមកបំភ្លឺជូនសមត្ថកិច្ចក្នុងបណ្តឹង របស់ប្រជាពលរដ្ឋទាំងពីរនាក់ខាងលើ ពីបទឆបោក(លុយ)និងការក្លែងបន្លំឯកសណ្ឋាននគរបាលជាតិនិងការប្រើប្រាស់កាត សម្គាល់ខ្លួននគរបាលជាតិក្លែង តែជនសង្ស័យពុំបាននៅបំពេញការងារជាប្រជាការពារសាលាខណ្ឌដង្កោទៀតទេ គឺបានគេចខ្លួនបាត់តែម្តង។
បន្ទាប់មកសមត្ថកិច្ចបានធ្វើរបាយការណ៍សុំដីកាបញ្ជាឱ្យចូលខ្លួនលេខ០០២/២១របក ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ លើជនសង្ស័យឈ្មោះ នាង ណុយ ហៅ ម៉ាប់ ទៅសាលាដំបូងរាជ ធានីភ្នំពេញ ហើយលោកស្រី សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធនីភ្នំពេញ បានចេញដីកាបញ្ជាឱ្យចូលខ្លួនលេខ១៨៥ អ.យ.ថ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ លើជនសង្ស័យឈ្មោះ នាង ណុយ ហៅ ម៉ាប់ ឱ្យបានមុនថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ។ ហើយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនខាងលើ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ នាង ណុយ ហៅ ម៉ាប់ បានត្រង់ចំណុចភូមិវិហារសួគ៌ ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល យកមកធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង