ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យកំណាត់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) មុនធ្វើការប្រគល់-ទទួល និងដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ បណ្តោះអាសន្ន

27

 

កំពត ៖ នៅថ្ងៃពុធ ទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យការងារបច្ចេកទេសសាងសង់កំណាត់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត) មុនធ្វើការប្រគល់-ទទួល ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (China Road and Bridge Corporation) និងភាគីពាក់ព័ន្ធផងដែរ។

ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាធ្វើយ៉ាងណាឱ្យផ្លូវមានគុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស និងលក្ខខណ្ឌកិច្ចសន្យាសាងសង់។

ជាលទ្ធផល បន្ទាប់ពីការពិនិត្យដោយយកចិត្តទុកដាក់លើលក្ខណៈបច្ចេកទេសសាងសង់រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុនសាងសង់កែសម្រួល និងបំពេញបន្ថែមចំណុចខ្វះខាតដែលនៅសេសសល់មួយចំនួនតូច មុននឹងធ្វើការប្រគល់-ទទួលរវាងក្រសួង និងក្រុមហ៊ុនសាងសង់។

គួររំឮកផងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩ គីឡូម៉ែត្រ ប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd)។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងចូលរួមថែរក្សាទ្រព្យសម្បត្តិជាតិឱ្យបានគង់វង្ស អាចប្រើប្រាស់បានយូរអង្វែង ដោយហេតុថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងរកថវិកាមកសាងសង់ដោយលំបាក និងបានទទូចថា៖ សូមកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដែលបង្កឱ្យផ្លូវឆាប់ខូច បង្កគ្រោះថ្នាក់ចរាចរណ៍ កុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែក ក្នុងការកសាងប្រទេសជាតិ មាតុភូមិរបស់យើង ឱ្យកាន់តែរីកចម្រើន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូមអនុវត្តតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស បីកុំ បីការពារ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕

អត្ថបទដែលជាប់ទាក់ទង