ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍៖ រុស្ស៉ីសន្យាសហការជំរុញទេសចរខ្លួនឱ្យមកកម្ពុជាបន្ថែមទៀត ពេលស្ថានភាពកូវីដធូរស្រាល

10

 

ភ្នំពេញ៖ ភាគីរុស្ស៉ីបានទទួលយកសំណើរបស់ភាគីកម្ពុជា ក្នុងការបន្តកិច្ចសហការជំរុញទេសចរពីប្រទេសរបស់ខ្លួន ឱ្យមកទស្សនាប្រទេសកម្ពុជាបន្ថែមទៀត ពិសេសគឺក្នុងដំណាក់កាលដែលកម្ពុជាបើកទទួលយក «ទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំង» បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាល នាពេលខាងមុខ។

ការបញ្ជាក់នេះធ្វើឡើងក្នុងកិច្ចប្រជុំអនឡាញរវាងក្រសួងទេសចរណ៍ ដឹកនាំដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ជាមួយទីភ្នាក់ងារទេសចរណ៍សហព័ន្ធរុស្ស៉ី ដឹកនាំដោយលោក ឌីមីយាន ស្ម៉ីឡេវៀតស៍ (Demyan Smilevets) ប្រធានផ្នែកសហប្រតិបត្តិការអន្តរជាតិនៃទីភ្នាក់ងារទេសចរណ៍សហព័ន្ធរុស្ស៉ី។ កិច្ចប្រជុំទ្វេភាគីនេះ ត្រូវបានរៀបចំឡើងនៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។

ក្រោយបញ្ចប់កិច្ចប្រជុំ លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន នៃក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មានឱ្យដឹងថា លោក ឌីមីយាន ស្ម៉ីឡេវៀតស៍ ដែលជាតំណាងភាគីរុស្ស៉ី បានទទួលយកសំណើរបស់ភាគីកម្ពុជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជានឹងបើកទទួលយក «ទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំង» បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានធូរស្រាលនាពេលខាងមុខ។

លោក ទ្រី ឈីវ បានបន្តថា ការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសរុស្ស៉ីនេះនឹងប្រព្រឹត្តទៅបាន នៅពេលដែលភាគីកម្ពុជាមានការត្រៀមខ្លួនឱ្យបានស្រេចបាច់ជាមុនសិន ខណៈការងារទាំងនោះក៏ត្រូវបានភាគីទាំងពីរលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំនេះផងដែរ រួមមាន៖

* ការបណ្ដុះបណ្ដាលបំប៉នដល់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសារុស្ស៉ី

* ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ Road show តាមប្រព័ន្ធអនឡាញ និងការចូលរួមផ្ទាល់ដល់ក្រុមហ៊ុនទេសចរណ៍រុស្ស៉ី

* ការរៀបចំទស្សនកិច្ចសិក្សាផ្សព្វផ្សាយ ពិសេសលើគោលដៅទេសចរណ៍នៅកម្ពុជាពីក្រុមហ៊ុនទេសចរណ៍ និងសារព័ត៌មាន (Tailormade Farm Trip)

* ការគាំទ្ររបស់រុស្ស៉ីដល់ការអនុវត្ត «ផែនទីចង្អុលផ្លូវស្ដីពីផែនការស្ដារលើកស្ទួយ និងស្ដារវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិកូវីដ-១៩»

* សហការជំរុញការហោះហើរត្រង់រវាងកម្ពុជា-រុស្ស៉ី

* គំនិតផ្ដួចផ្ដើមរៀបចំឲ្យមានមជ្ឈមណ្ឌលទេសចរណ៍អាស៊ាន-រុស្ស៉ីជាដើម។

ក្នុងន័យនេះ លោក ទ្រី ឈីវ បានបញ្ជាក់ថា «ភាគីទាំងពីរនឹងរៀបចំជាផែនការការងារ សម្រាប់ឆ្នាំ២០២២-២០២៥ ដើម្បីអនុវត្តស្មារតីនៃកិច្ចសហប្រតិបត្តិការខាងលើ»។

នៅក្នុងកិច្ចប្រជុំនោះ លោក ថោង រដ្ឋសក្ដិ ក៏បានជម្រាបដល់ភាគីរុស្ស៉ីដែរថា ក្រោមការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ប្រទេសសមាជិកអាស៊ានបានអបអរសាទរចំពោះការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍អាស៊ាន-រុស្ស៉ី ជាពិសេសការជំរុញឲ្យមានការពិគ្រោះយោបល់អាស៊ាន-រុស្ស៉ី លើវិស័យទេសចរណ៍រហូតដល់កម្រិតរដ្ឋមន្ត្រីលើកទី១ ដែលគ្រោងនឹងរៀបចំនៅអំលុងនៃកិច្ចប្រជុំនានា នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ (ATF 2022) លើប្រធានបទមួយចំនួនទៀត ដូចជា ទេសចរណ៍សមុទ្រ (Marine Tourism) កីឡាទេសចរណ៍ (Sports Tourism) សំដៅជំរុញបន្ថែមទៀតក្នុងការវិនិយោគទេសចរណ៍តំបន់ឆ្នេរ និងគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ពេលខាងមុខ។

គួររំលឹកថា កន្លងមក ភាគីរុស្ស៉ីបានជួយបណ្ដុះបណ្ដាលដល់មន្ត្រីរាជការនៃក្រសួងទេសចរណ៍ ជាពិសេសបណ្ដុះបណ្ដាលបំប៉នដល់មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសារុស្ស៉ីបានច្រើន។ ទេសចររុស្ស៉ីមកទស្សនានៅកម្ពុជានៅមុនពេលមានវិបត្តិជំងឺកូវីដ-១៩ ក៏មានការកើនឡើងគួរកត់សម្គាល់ ជាពិសេសតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលជាគោលដៅប្រកបដោយភាពទាក់ទាញសម្រាប់ទេសចររុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង