ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មវិធីវោហារឆ្នើម បង្កើតឡើង ដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្សកម្រិតវិទ្យាល័យ បានបញ្ចេញទេព្យកោសល្យ សមត្ថភាព ចំណេះដឹងភាសាអង់គ្លេស

53

 

បាត់ដំបង ៖ នៅព្រឹកថ្ងៃអាទិត្យទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីបិទកម្មវិធី «វោហារឆ្នើម» ខេត្តបាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ វគ្គផ្ដាច់ព្រ័ត្រ តាមប្រព័ន្ធវីដេអូសន្និសីទZoom។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង កម្មវិធី «វោហារឆ្នើម» ខេត្តបាត់ដំបង មានការអញ្ជើញចូលរួមពីឯកឧត្តម អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ស សុខា សហស្ថាបនិកកម្មវិធី «វោហារឆ្នើម» ព្រមទាំងឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង អភិបាលខេត្តបាត់ដំបង ព្រៃវែង បន្ទាយមានជ័យ អគ្គនាយក ប្រធានបណ្ឌិត្យសភានគរបាលជាតិ សាកលវិទ្យាធិការ ប្រធាន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារអភិវឌ្ឍន៍យុវជនខេត្ត និងអង្គពិធីមួយចំនួនទៀត។

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ ប្រធានប្រតិបត្តិកម្មវិធី “វោហារឆ្នើម” បានរាយការណ៍ជូនសម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី និងអង្គពិធីថា កម្មវិធីវោហារឆ្នើម បង្កើតឡើង ដើម្បីផ្ដល់ឱកាសឱ្យសិស្សានុសិស្សកម្រិតវិទ្យាល័យ បានបញ្ចេញទេព្យកោសល្យ សមត្ថភាព ចំណេះដឹងភាសាអង់គ្លេស ដែលបានសិក្សាពីលោកគ្រូអ្នកគ្រូនៅតាមសាលារៀន និងតាមរយៈកម្មវិធីបំប៉នតាមរយៈវគ្គបណ្ដុះបណ្ដាលដើម្បីបង្ហាញ និងធ្វើការប្រកួតប្រជែងជាបុគ្គល និងជាក្រុម ចូលរួមវាស់ស្ទង់នូវសមត្ថភាព និងស្របតាមការគោលនយោបាយ កំណែទម្រង់វិស័យវិស័យអប់រំរបស់រាជរដ្ឋាភិបាល។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេច្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងអបអរសាទរ ចំពោះបេក្ខជនជ័យលាភីលេខ១ និងលេខ២ និងថ្លែងអំណរគុណ ព្រមទាំងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ របស់គណៈកម្មការ ក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងក្រសួងអប់រំយុវជន និងកីឡា ក្នុងនោះមានឯកឧត្តម ស សុខា ដែលបានផ្ដួចផ្ដើមបង្កើតកម្មវិធី វោហារឆ្នើម នេះឡើង ក្នុងន័យដើម្បីបំផុសការសិក្សារៀនសូត្រ របស់សិស្សានុសិស្ស បើទោះបីជាពេលនេះកំពុងមានការប្រឈមមុខ និងការរីករាលដាលជំងឺកូវីដ-19 ក៏ដោយ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី បានបន្តថារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់ ការអប់រំនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងលទ្ធផលខ្ពស់ ហើយជាមួយគ្នានេះ ក៏បានដាក់ចេញគោលនយោបាយជាតិ ស្ដីពីការអប់រំមួយជីវិតដែលក្លាយជាប្រធានបទដ៏សំខាន់នៅកម្ពុជា ជាមួយនឹងការលើកទឹកចិត្ត ឱ្យមានការសិក្សាភាសាបរទេសគ្រប់កម្រិត និងអនុញ្ញាតឱ្យវិស័យឯកជន បើកការបណ្ដុះបណ្ដាលទាំងភាសាបរទេស ចំណេះដឹងទូទៅ និងការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈ។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីគុណតម្លៃស្មើគ្នា រវាងអ្នករៀនចំណេះដឹងទូទៅថ្នាក់បរិញ្ញបត្រ ឬក្រោយបរិញ្ញាបត្រ និងអ្នករៀនជំនាញវិជ្ជាជីវៈ និងបានបន្ថែមក្នុងន័យដើមថា« អ៊ីចឹងហើយបានជាខ្ញុំនិយាយថា រវាងអ្នកដែលមានទ្រឹស្ដី មានទស្សនទាន ការយល់ដឹង គឺជាការចាំបាច់ ប៉ុន្តែអ្នកមានជំនាញ មានបទពិសោធន៍គឺជាបញ្ហាដ៏សំខាន់មិនអាចខ្វះបាន ហើយបើបូកចំណុចទាំងនេះជាមួយគ្នាវា នឹងធ្វើមនុស្សហ្នឹងកាន់តែខ្លាំង បើបូកទាំងលក្ខណសម្បត្តិរបស់មនុស្សទៀតនោះ»។

សម្ដេចក្រឡាហោមបន្តថា ការរៀនភាសាអង់គ្លេស ឬភាសាបរទេស និងការបង្កើតកម្មវិធីប្រកួតប្រជែង ដូចកម្មវិធី វោហាឆ្នើម នេះ មិនមែនជាការផ្ដល់តម្លៃដល់ភាសាបរទេស ហើយមើលរំលងភាសាជាតិនោះទេ។ សម្ដេចបានបន្តថា«ភាសាខ្មែរយើង កើតមកគឺចេះហើយ បញ្ហាគឺចេះតែនិយាយ តែមិនចេះអាន និងចេះសរសេរដែល យើងមានការអប់រំបណ្ដុះបណ្ដាលហើយ មានន័យថា បន្ទាប់ពីភាសាកំណើត ការចេះភាសាបរទេសកាន់តែច្រើនកាន់តែល្អ ទោះជាភាសាបរទេសនោះ ជាភាសាប្រទេសសត្រូវរបស់យើងក៏ដោយ សំខាន់គឺភាសាបរទេស ដែលប្រើជាអន្តរជាតិ និងចេះប្រើភាសាប្រទេសជិតខាង»។

សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ឱ្យពិនិត្យលទ្ធភាព រៀបចំបើកការប្រកួតកម្មវិធី វោហារឆ្នើម លើភាសាចិនមួយទៀត ដោយសម្ដេចបានសង្កត់ធ្ងន់ថាបច្ចុប្បន្ន ភាសាបរទេសដែល មានមនុស្សជាតិប្រើប្រាស់ច្រើនជាងគេ និងកំពុងមានឥទ្ធិពល ដូចភាសាអង់គ្លេសដែរនោះ គឺភាសាចិន ហើយថាភាសាចិននេះ ក៏កំពុងមានតម្រូវការខ្ពស់ទាំងទីផ្សារ ការងារក្រៅប្រទេស និងក្នុងប្រទេសកម្ពុជាតែម្ដង។ សម្ដេចក៏បានឱ្យណែនាំឱ្យយកបទពិសោធន៍នៃរៀបចំកម្មវិធី វោហារឆ្នើម នៅព្រៃវែង និងបាត់ដំបង រៀបចំកម្មវិធីវោហារឆ្នើម នៅខេត្តបន្ទាយមានជ័យ ឱ្យបានកាន់តែល្អបន្ថែមទៀត។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដល់ការលើកទឹកចិត្តដល់បេក្ខជនដែលមិនជាប់ជ័យលាភី ដោយសម្ដេចបានសង្កត់ធ្ងន់ថា «នេះមិនមែនជាការបរាជ័យទេ ព្រោះការបរាជ័យលើកដំបូង គឺជាការចាប់ផ្ដើមឈានទៅរកជោគជ័យ សូមកុំទម្លាក់ចោលក្ដីសង្ឃឹម ដ្បិតយ៉ាងហោចណាស់យើងមានមេរៀន និងបទពិសោធន៍ថ្មីមួយ សម្រាប់ការដណ្ដើម យកជោគជ័យនៅថ្ងៃខាងមុខ។ ចំណែកអ្នកជោគជ័យក៏ត្រូវបន្តការខិតខំ ដើម្បីសម្រេចគោលដៅដែលខ្លួន ចង់បាននាពេលអនាគត។ គឺគោលដៅដែលអាចជាការទទួល បានការងារសមស្របនឹងសមត្ថភាព ហើយទទួលបានកម្រៃសមនឹងការងារ ទាំងវិស័យឯកជន និងសាធារណៈ»។

សូមបញ្ជាក់ថាសម្រាប់កម្មវិធី «វោហារឆ្នើម» ខេត្តបាត់ដំបង ការប្រកួតប្រជែងនិយាយភាសាអង់គ្លេសជាសាធារណៈ វគ្គផ្ដាច់ព្រ័ត្រនាថ្ងៃនេះ ជ័យលាភីលេខ១ វិញ្ញាសារឯកបុគ្គលបានទៅលើបេក្ខនារី San Nika Marie លេខ២ បានទៅលើបេក្ខនារី Heang Kemhouy។ ចំណែកម្ចាស់ជ័យលាភីលេខ១ វិញ្ញាសារជជែកជាក្រុម បានទៅលើក្រុមបេក្ខជន Seng Maomeng បេក្ខនារី Mony Marida បេក្ខនារី Pov Viriya និងលេខ២ បានទៅលើក្រុមបេក្ខនារី Chhor Youkheng បេក្ខនារី Pa Sopheavoleak និងបេក្ខនារី Lim Kunthea ៕

អត្ថបទដែលជាប់ទាក់ទង