ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកដួង តារា ប្រាប់ឲ្យក្រុមហ៊ុន GoldFX ដំណោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ រាប់រយនាក់ដែលបានដាក់លិខិត សុំអន្តរាគមន៍ពី សម្តេចតេជោនាយករដ្ឋមន្រ្តី

143

ភ្នំពេញ៖ លោកដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅ តំណាងក្រុមហ៊ុនGoldFX Investment Co., Ltd (GFX) ដល់ពេលវេលាល្អសមស្របហើយ ដែលត្រូវមានដំណោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋរាប់រយនាក់ ដែលបានដាក់លិខិត សុំអន្តរាគមន៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រោះលោកក៏មិនអាច ទទួលរងនូវទំនួលខុសត្រូវនេះ ដែលគ្មានការកំណត់ ពេលវេលាច្បាស់លាស់ សម្រាប់ដោះស្រាយជូន បងប្អូនប្រជាពលរដ្ឋបានដែរ។

លោកដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានសរសេរសារលើហ្វេសប៊ុកផ្លួវការថា GoldFX Investment Co., Ltd (GFX)
ជំនឿលើការវិនិយោគដែលមានការទទួលខុសត្រូវ។

លោកបន្តថា រយៈពេលជាង៣ខែហើយ ដែលបងប្អូនប្រជាពលរដ្ឋរាប់រយនាក់ បានដាក់លិខិតសុំ អន្តរាគមន៍គោរពជូន សម្តេចតេជោនាយករដ្ឋមន្រ្តី (ចាប់តាំងពីខែមេសា ឆ្នាំ២០២១ មកដល់សព្វថ្ងៃ) អំពីការបាត់បង់សាច់ប្រាក់ ដែលពួកគាត់បាន ដាក់វិនិយោគ (Forex) ជាមួយក្រុមហ៊ុន GoldFX Investment Co., Ltd ។

កន្លងមក លោកដួង តារា បានជួបប្រជុំពិភាក្សាជាមួយ លោក ប៊ុន គិរីរិទ្ឋ តំណាងក្រុមហ៊ុន GFX ទាំងតាមរយៈការប្រជុំ Online ផង និងផ្ទាល់ផងដែលក្រុមហ៊ុន បានបញ្ជាក់ច្បាស់ថា៖

១)ក្រុមហ៊ុនមានឆន្ទៈដោះស្រាយជូនបងប្អូនដោយមិនគេចវេសឡើយ។
២)ក្រុមហ៊ុនមិនមានបំណង បិទក្រុមហ៊ុនហើយគម្រាម ថាមិនដោះស្រាយដូច ពាក្យចចាមអារាមនោះទេ។
៣)យោងតាមស្ថាន ភាពបច្ចុប្បន្ន ក្រុមហ៊ុនសូមប៉ះប៉ូវជូនបងប្អូនចំនួន (៣០%) ជាមុនសិន ហើយនៅតែដោះស្រាយ ជូនបងប្អូនអតិថិជនទាំងអស់ជាបន្តទៀត។

ក្រុមហ៊ុនសូមអរគុណបងប្អូន ដែលបានរក្សាភាពស្ងប់ស្ងៀម កន្លងមកហើយព្យាយាម ដោះស្រាយជាមួយគ្នា ដោយសន្តិវិធីដោយមានខ្ញុំជួយសម្របសម្រួល។

លោកបានបញ្ជាក់ថា “ខ្ញុំបានបញ្ជាក់ប្រាប់ទៅ តំណាងក្រុមហ៊ុនដែរថា ពេលនេះជាពេលវេលា ល្អសមស្របហើយដែល ត្រូវមានដំណោះស្រាយ ជូនពួកគាត់ ព្រោះខ្ញុំក៏មិនអាចទទួល រងនូវទំនួលខុសត្រូវនេះ ដែលគ្មានការកំណត់ពេល វេលាច្បាស់លាស់សម្រាប់ ដោះស្រាយជូន បងប្អូនប្រជាពលរដ្ឋបានដែរ”។

នៅថ្ងៃទី ២០ កក្កដា កន្លងទៅនេះ លោក ប៊ុន គិរីរិទ្ឋ តំណាងក្រុមហ៊ុនក៏បាន បញ្ជាក់ប្រាប់ខ្ញុំថា ក្រុមហ៊ុនបានចាត់ចែង មេធាវីអោយធ្វើការ ជាមួយក្រុមការងារហើយ ដូច្នេះសូមបងប្អូន ជ្រាបជាព័ត៌មាន។

លោកបានថ្លែងមានជំនឿមុតមាំ លើការទទួលខុស ត្រូវរបស់ក្រុមហ៊ុន GFX ហើយសង្ឃឹមថា ដំណោះស្រាយសមរម្យ នឹងមានសម្រាប់បងប្អូនទាំងអស់គ្នា ក្នុងពេលឆាប់ៗខាងមុខនេះ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និងសូមមានចិត្តអាណិត ស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែងដោយ គ្មានការរើសអើង។

សូមបញ្ជាក់ថា ពលរដ្ឋជាអតិថិជនដែល បានដាក់ប្រាក់វិនិយោគ ជាមួយក្រុមហ៊ុន GOLDFX INVESTMENT Co., LTD ប្រមាណជា១០០នាក់ បាននាំគ្នាមកតវ៉ាទាមទារ ឲ្យម្ចាស់ក្រុមហ៊ុនចេញ មុខដោះស្រាយបញ្ហា និង បានចោទក្រុមហ៊ុនថា បានបោកប្រាក់អតិថិជន។

នាពេលកន្លងមក អតិថិជនមកតវ៉ា នៅទីស្នាក់ការ ក្រុមហ៊ុន GOLDFX INVESTMENT Co., LTD ក្រោយដាក់លុយវិនិយោគទុន ជាមួយក្រុមហ៊ុន GFX Investment តែឥឡូវបាត់លុយអស់ពីកុង តែក្រុមហ៊ុនមិនទាន់ មានដំណោះស្រាយ ប៉ុន្តែទោះយ៉ាងណា តំណាងក្រុមហ៊ុន ពុំបានចេញមកជួបចរចា ជាមួយអតិថិជន របស់ខ្លួននោះទេ គឺនៅពួនសម្ងំក្នុងក្រុមហ៊ុនតែម្តង បើទោះបីជាអតិថិជនស្រែក តវ៉ាទាមទារយ៉ាង ណាក៏ដោយ។

ប្រជាពលរដ្ឋដែលវិនិយោគ លុយជាមួយក្រុមហ៊ុន GoldFX Investment តាមប្រព័ន្ធជួញដូរហិរញ្ញវត្ថុ Forex បានចេញមុ​ខ​​តវ៉ាទាមទារឱ្យក្រុមហ៊ុនទទួល ខុសត្រូវផ្តល់ដំ​ណោះ​​ស្រាយសំណងសមរម្យមួយ ចំពោះបញ្ហាបាត់លុ​យ ពីគណនីរ​បស់ពួកគេ។

សូមបញ្ជាក់ថា ក្នុងលិខិតផ្ញើជូន និយតករមូលបត្រកម្ពុជា ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២​០២១ ក្រុមហ៊ុនលើកឡើងថា ខ្លួនបានស្រាវជ្រាវឃើ​ញគណៈគ្រប់​គ្រ​ងមួ​យចំនួន បានកិបកេងប្រវ័ញ្ច លុយរបស់អតិថិជន និងរបស់ក្រុមហ៊ុនជាច្រើន ដែលតម្រូវឱ្យក្រុមហ៊ុន ត្រូវព្យួរប្រតិ​បត្តិការជួញដូរជា បណ្តោះអាសន្ន។ ហើយបើយោងតាមឯកសារមួយ ដែលក្រុមហ៊ុន Gold FX Investment Co.,Ltd បានស្នើរទៅកាន់ អគ្គនាយកនីយ័តករមូលបត្រកម្ពុជា ដោយបានបញ្ជាក់ថា ដោយសារមានការសង្ស័យ ទៅលើប្រតិបត្តិការ និងប្រព័ន្ធហិរញ្ញវត្ថុនៅ ក្នុងក្រុមហ៊ុន ខាងក្រុមហ៊ុនបាន ចាប់ផ្តើមត្រួតពិនិត្យឯកសារ ឡើងវិញ និងបានធ្វើសវនកម្មក្នុង ក្រុមហ៊ុន ទើបដឹងច្បាស់ថា គណៈគ្រប់គ្រង់មួយចំនួននៅក្នុងក្រុមហ៊ុនបានកិបកេងប្រវ័ញ្ចប្រាក់របស់ក្រុមហ៊ុន និងប្រាក់របស់អតិថិជន យ៉ាងច្រើន ដែលក្រុមហ៊ុនកំពុង ចាត់ការដោះស្រាយ តាមយុត្តាធិការ។ ក្នុងអំឡុងពេលដោះស្រាយេះ ដើម្បីរក្សា និងកម្រិតផលប៉ះពាល់ ដល់អតិថិជន ក្រុមហ៊ុនបានសម្រេច ផ្អាកប្រតិបត្តិការចាប់ពិថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះតទៅរហូតដល់ មានការសម្រេចថ្មី។

ចំណែកនិយតករមូលបត្រកម្ពុជា បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃទី៣០ ខែមីនា ស្នើឱ្យអ្នកវិនិយោគ នៅក្រុមហ៊ុន GoldFX ដែ​លបានផ្ញើសារចូលទំព័រ ហ្វេសប៊ុករបស់ខ្លួន និងអ្នកដែលមានបំណងប្តឹង ឱ្យបំពេញ ពាក្យបណ្ដឹងដាក់មក និយតករមូលបត្រកម្ពុជា។

សូមបញ្ជាក់ថា មានប្រជាជនមួយចំនួន បានកើតទុក្ខមិនសុខចិត្ត ព្រោះតែខ្លួនបាន ខាតបង់លុយកាក់ច្រើន ទៅលើការវិនិយោគ ជាមួយក្រុមហ៊ុន GFX Investment តាមរយៈការ Trading ដែលសរុបរួមទាំងអស់គ្នា ប្រហែលជាង ២០លានដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង