ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្តសៀមរាប ចេញដីកាបង្គាប់ ឱ្យឃុំខ្លួនជនត្រូវចោទ ចំនួន ២នាក់ទៀត ដែលធ្វើឱ្យឆ្លងរាលដាល ជំងឺកូវីដ ១៩

39

 

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញវិធានការរដ្ឋបាលនានា ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងនោះ មានការបិទជាបណ្តោះអាសន្ននូវការជួបជុំប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ និងមណ្ឌលកម្សាន្តមនុស្សពេញវ័យជាដើម។ ចំពោះបុគ្គលទាំងឡាយណា ដែលល្មើសនឹងវិធានការទប់ស្កាត់ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។

ជាក់ស្តែងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបាន បញ្ជូនសំណុំរឿងចំនួន ១ករណីបន្ថែមទៀត ពីបទចោទបើកកន្លែងផឹកសុី នៅចំណុចហាងហេងហេងបាខែង២ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងបាននាំខ្លួនជនសង្ស័យចំនួន០២នាក់ មកសាកសួរពីដំណើររឿងនៃការលួចបើកកន្លែងផឹកស៉ីខាងលើ។ ក្រោយពីបានសាកសួររួចមក ជនសង្ស័យទាំង០២នាក់ ត្រូវបានចៅក្រមសើបសួរសាលាដំបូងខេត្តសៀមរាប សម្រេចបង្គាប់ឱ្យឃុំខ្លួននៅពន្ធនាគារខេត្ត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១តែម្តង។

ជនត្រូវចោទដែលត្រូវបានបង្គាប់ឱ្យឃុំខ្លួនទាំង២រូប ដូចមានរាយនាមខាងក្រោម៖ ១-ឈ្មោះ អាន សត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរថៅកែហាងហេងហេងបាខែង២។
២-ឈ្មោះ សាយ ឡាស្កាហ៍ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ មេកាហាងហេងហេងបាខែង២។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសូមអំពាវនាវ ដល់ម្ចាស់អាជីវកម្មទាំងអស់ ចូលរួមអនុវត្តតាមការណែនាំ របស់រដ្ឋបាលខេត្ត ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។

សូមម្ចាស់អាជីវកម្មដ្ឋានទាំងអស់ ចូលរួមសហការជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ថ្នាក់ ដើម្បីកាត់ផ្តាច់ជំងឺកូវីដ-១៩ ចេញពីសហគមន៍ ដែលនឹងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គមរបស់យើងវិលទៅរកប្រក្រតីភាពឡើងវិញ៕​

អត្ថបទដែលជាប់ទាក់ទង