ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តីម្នាក់ដែលបានបន្លំលួចម្សៅទឹកដោះគោ១កំប៉ុង នៅផ្សារឡាក់គី ត្រូវព្រះរាជអាជ្ញាអប់រំ ឲ្យត្រឡប់ទៅផ្ទះវិញ

43

 

កណ្តាល ៖ ស្រ្តីម្នាក់ដែលបានបន្លំលួចម្សៅទឹកដោះគោ១កំប៉ុង ដើម្បីយកទៅឲ្យជីដូនដែលឈឺហូបបាយមិនកើតនៅផ្ទះ តែត្រូវសន្តិសុខផ្សារឡាក់គី ឃើញក៏បានឃាត់ខ្លួនឲ្យសមត្ថកិច្ច អធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ បន្ទាប់ពីពិនិត្យលទ្ធភាពជាក់ស្តែង និងដោយក្តីអាណិតអាសូរ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានអប់រំឲ្យគាត់ត្រឡប់ទៅផ្ទះវិញ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបជូនសាធារណជន និងគណនីហ្វេសប៊ុកឈ្មោះ រាជានុសិទ្ធ រាជ ដែលបានបង្ហោះផ្សព្វផ្សាយរូបភាព និងខ្លឹមសារថា លួចទឹកដោះគោ១កំប៉ុងយកឲ្យយាយឈឺនៅផ្ទះ ត្រូវចាប់វាយខ្នោះចូលគុក បទល្មើសធ្ងន់ណាស់មែនទេ?

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យក្រុមការងារប្រតិកម្មរហ័សខេត្ត ធ្វើការស្រាវជ្រាវឆ្លើយតបបំភ្លឺករណីខាងលើ។

ចំពោះករណីអំពើលួច នេះពិតជាមានមែន កើតហេតុកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី នៅចំណុចផ្សារឡាក់គីភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ដែលបុគ្គលឈ្មោះ យ៉ា ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបន្លំលួចម្សៅទឹកដោះគោ១កំប៉ុង ដើម្បីយកទៅឲ្យជីដូនដែលឈឺហូបបាយមិនកើតនៅផ្ទះ តែត្រូវសន្តិសុខផ្សារឡាក់គី ឃើញក៏បានឃាត់ខ្លួនឲ្យសមត្ថកិច្ច អធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ ប៉ុន្តែមិនមានចំណាត់ការផ្លូវច្បាប់ ដែលយកបុគ្គលឈ្មោះ យ៉ា ស្រីដា ទៅដាក់ទោសនោះទេ។

លើសពីនោះទៀតបន្ទាប់ពីពិនិត្យលទ្ធភាពជាក់ស្តែង និងដោយក្តីអាណិតអាសូរ ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បានអប់រំឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ហើយក្នុងនោះដែរ ឯកឧត្តមព្រះរាជអាជ្ញា បានឧបត្ថម្ភថវិកា ចំនួន១៥០ដុល្លារ បន្ថែម ដើម្បីយកទៅទិញទឹកដោះគោឲ្យជីដូនដែលកំពុងមានជម្ងឺ។ ដែលវាផ្ទុយពីការពិតដែលសាសាធារណជន និងបណ្តាញសង្គមមួយចំនួនមានការភាន់ច្រឡំថាជាការអនុវត្តច្បាប់តឹងរ៉ឹងចំពោះបុគ្គលដែលលួចម្សៅដោះគោនោះ៕

អត្ថបទដែលជាប់ទាក់ទង