ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ចុះពិនិត្យអគារសម្រាប់ ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ នៅក្នុងបរិវេណ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

40

ខេត្តព្រះសីហនុ៖នៅរសៀលថ្ងៃអង្គារ ២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកប្រធានពន្ធនាគារ លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការរងខេត្ត និងលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត។

អាគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលជាពិរុទ្ធជន ឬជនដែលត្រូវចោទនេះ ស្ថិតនៅខាងក្រោមអគារជំងឺសួតមាន០៤បន្ទប់ និងអាចដាក់អ្នកជំងឺកូវីដ-១៩ បានរហូតដល់៤០នាក់ ឬអាចលើសនេះ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំឱ្យប្រធានពន្ធនាគារខេត្ត នៅពេលដែលមានពិរុទ្ធជន ឬជនជាប់ចោទ ធ្វើតេស្តរកឃើញមានវិជ្ជមានកូវីដ-១៩ ត្រូវយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយទី១. យើងអាចគ្រប់គ្រងសន្តិសុខ បានល្អក្នុងការព្យាបាល។ ទី២. កាត់ផ្តាច់ការចម្លង ទៅអ្នកទោសដ៏ទៃទៀត នៅក្នុងពន្ធនាគារ។ ម្យ៉ាងទៀតសកម្មភាព បង្ការទុកមុននេះ គឺជាវិធានការដ៏ល្អមួយ សម្រាប់ការគ្រប់គ្រង តាមដានអ្នកជំងឺកូវីដ មិនបង្កឱ្យឆ្លងទៅអ្នកដទៃ៕

អត្ថបទដែលជាប់ទាក់ទង