ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីយោធាផ្កាយ២ម្នាក់ ឈ្មោះ សូយ ចាន់សឿន ដែលបានប្រើហិង្សា និងបង្ខាំងស្រ្តីម្នាក់យ៉ាងធ្ងន់ធ្ងរ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានហើយ

73

កំពង់ស្ពឺ ៖ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះថា មន្រ្តីយោធាផ្កាយ២ម្នាក់ ឈ្មោះ សូយ ចាន់សឿន ដែលបានប្រើហិង្សា និងបង្ខាំងស្រ្តីម្នាក់យ៉ាងធ្ងន់ធ្ងរ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនបានហើយ តាមដីការរបស់សាលាដំបូងខេត្តកំពង់ស្ពឺ។

មន្រ្តីយោធារូបនេះមានឈ្មោះ សូយ ចាន់សឿន ជាឧត្តមសេនីយ៍ទោ និងមានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ។ ជនត្រូវបានតំណាងអយ្យការចោទប្រកាន់ ពី «ប្រើហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់» ទៅស្រ្តីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក បានឃាត់មន្រ្តីយោធារូបនេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ។ នៅពេលនេះកំពុងធ្វើការសួរនាំ ដើម្បីចាត់ការបន្តទៀត។

តាមដំណើរឿង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹក ជនរងគ្រោះមានឈ្មោះ ឌួង ហេម៉ាលីស អាយុ៤១ឆ្នាំ និងឈ្មោះ សូយ ចាន់សឿន បានជិះរថយន្តជាមួយគ្នា គោលបំណងទៅកងរាជអាវុធហត្ថខេត្តកណ្តាល ដោយឈ្មោះ សូយ ចាន់សឿន ជាអ្នកបើករថយន្ត លុះពេលធ្វើដំណើរជិតដល់រង្វង់មូលក្រុងតាខ្មៅ ឈ្មោះ សូយ ចាន់សឿន និងឈ្មោះ ឌួង ហេម៉ាលីស បានទាស់ពាក្យសំដីជាមួយគ្នា។

ស្រាប់តែឈ្មោះ សូយ ចាន់សឿន ខឹង ក៏បានឈប់រថយន្ត រួចធ្វើសកម្មភាពវាយទៅលើឈ្មោះ ឌួង ហេម៉ាលីស ជាច្រើនដៃត្រូវចំមុខ, ភ្នែក, ផ្កាម, ចង្កា និងទ្រូង ព្រមទាំងយកកាំភ្លើងគំរាមបាញ់បំបាក់ជើងឈ្មោះ ឌួង ហេម៉ាលីស ថែមទៀតប្រសិនបើឈ្មោះ ឌួង ហេម៉ាលីស ហ៊ានចុះពីលើរថយន្ត។

បន្ទាប់មកឈ្មោះ សូយ ចាន់សឿន បានបើករថយន្តដឹកឈ្មោះ ឌួង ហេម៉ាលីស ឡើងមកភ្នំពេញ រួចបន្តដំណើរមកដល់សង្កាត់កណ្តោលដុំ ខេត្តកំពង់ស្ពឺ ដោយពេលធ្វើដំណើរតាមផ្លូវឈ្មោះ សូយ ចាន់សឿន បានវាយធ្វើបាបឈ្មោះ ឌួង ហេម៉ាលីស ជាច្រើនដៃបន្ថែមទៀត បណ្តាលឱ្យមានរបួសស្នាម និងបានដឹកឈ្មោះ ឌួង ហេម៉ាលីស បន្តមកផ្ទះ កូនចៅរបស់ខ្លួនឈ្មោះ ស្រី សម្បត្តិ ស្ថិតនៅភូមិទឹកចេញ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងបានបង្ខាំងឈ្មោះ ឌួង ហេម៉ាលីស ទុកនៅក្នុងបន្ទប់នៃផ្ទះនោះ តាំងពីម៉ោង ១៥ និង០០នាទី រសៀលដល់ម៉ោង១៩ និង០០នាទី ដោយឈ្មោះ សូយ ចាន់សឿន អង្គុយនៅមុខផ្ទះ មិនឲ្យឈ្មោះ ឌួង ហេម៉ាលីស ចេញពីផ្ទះនោះទេ រហូតដល់ មានសមត្ថកិច្ចនគរបាលមកដល់ ទើបសមត្ថកិច្ចបាននាំឈ្មោះ ឌួង ហេម៉ាលីស ចេញពីផ្ទះនោះមកព្យាបាលរបួសនៅមន្ទីរពេទ្យ។

ក្រោយចេញពីមន្ទីរពេទ្យ ឈ្មោះ ឌួង ហេម៉ាលីស ក៏បានមកដាក់ពាក្យបណ្ដឹងនៅអយ្យការខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់។ អំពើខាងលើជាបទល្មើស៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុសច្បាប់ ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ២១៨ និងមាត្រា ២៥៣ ចំណុច១ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង