ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

WHO “យើងកំពុងតែ ប្រណាំងប្រជែង ជាមួយនឹងវីរុសកូវីដ-១៩បំប្លែងថ្មី៖ សូមធ្វើ សកម្មភាពនៅថ្ងៃនេះ ដើម្បីកុំឲ្យស្តាយក្រោយនៅថ្ងៃស្អែក”

236

ភ្នំពេញ ៖ អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានជាបន្ទាន់មួយ ក្នុងគោលបំណងអំពាវនាវដល់រាជរដ្ឋបាភិបាល និងប្រជាជនកម្ពុជាពង្រឹងស្មារតីចូលរួមក្នុងសកម្មភាពប្រយុទ្ធនឹងវីរុសកូវីដ១៩បំប្លែងថ្មី ទម្រង់ដែលតា (Delta variant) ឱ្យបានសកម្មខ្លាំងក្លាបំផុត។

តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយឡាន (Li Ailan) បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះថា «យើងកំពុងប្រណាំងប្រជែងជាមួយវីរុសកូវីដ-១៩ បំប្លែងថ្មី៖ សូមធ្វើសកម្មភាពនៅថ្ងៃនេះ ដើម្បីកុំឱ្យស្ដាយក្រោយនៅថ្ងៃស្អែក»។

លោកស្រី លី អាយឡាន (Li Ailan) បានបញ្ជាក់ថា ជំងឺរាតត្បាត នៅឆ្ងាយពីទីបញ្ចប់។ ចំនួនករណីឆ្លងវីរុសកូវីដ-១៩ និងករណីស្លាប់ដោយសារជំងឺ កូវីដ-១៩ ប្រចាំថ្ងៃ នៅតែមានកម្រិតខ្ពស់នៅក្នុងប្រទេសកម្ពុជាដែលស្ថិតនៅក្នុងដំណាក់កាល ចម្លងទី២ (ការចម្លងកម្រិតសហគមន៍នៅតាមតំបន់) ដោយមេរោគនេះបានរីករាលដាលយ៉ាងខ្លាំង នៅក្នុងសហគមន៍។ វីរុសកូវីដ-១៩បំប្លែងថ្មីទម្រង់ឌែលតា (Delta variant) ត្រូវបានរកឃើញក្នុង ចំណោមពលករចំណាកស្រុកដែលវិលត្រឡប់មកកម្ពុជាវិញ តាមច្រកព្រំដែនគោក ហើយឥឡូវ នេះបានឆ្លងចូលទៅក្នុងសហគមន៍ហើយ។ វីរុសកូវីដ-១៩បំប្លែងថ្មីទម្រង់ឌែលតា (Delta variant) ឆ្លងរាលដាលលឿនជាងវីរុស កូវីដ-១៩ទម្រង់ផ្សេងទៀត ហើយវាជាវីរុសកូវីដ-១៩បំប្លែងថ្មីដែល គេស្គាល់ថាងាយឆ្លងបំផុតនាពេលបច្ចុប្បន្ននេះ។ នៅក្នុងប្រទេសជាច្រើន វីរុសកូវីដ-១៩បំប្លែងថ្មី ទម្រង់ឌែលតា(Delta variant) នេះ បានទៅជំនួសវីរុសកូវីដ-១៩ទម្រង់ផ្សេងៗទៀតដែលកំពុង ចរាចរយ៉ាងឆាប់រហ័សដែលនាំឲ្យមានការកើនឡើងនូវករណីឆ្លង និងការចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យ។ វីរុសកូវីដ-១៩បំប្លែងថ្មីទម្រង់ឌែលតា (Delta variant) កំពុងបណ្ដាលឲ្យមានការបំផ្លិច បំផ្លាញនៅទូទាំងពិភពលោក ហើយ វីរុសកូវីដ-១៩បំប្លែងថ្មីជាច្រើនទៀតដែលមានសក្តានុពល បង្ករគ្រោះថ្នាក់ខ្លាំងជាងនេះ នឹងលេចរូបរាងមកបន្ថែមទៀត ប្រសិនបើយើងមិនទប់ស្កាត់វីរុស កូវីដ-១៩បំប្លែងថ្មីទម្រង់ឌែលតា(Delta variant) នេះទេ។

លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា “យើងកំពុងតែប្រណាំងប្រជែងជាមួយនឹងវីរុសបំប្លែងថ្មីទម្រង់ផ្សេងៗជាច្រើន។យើងត្រូវតែធ្វើសកម្មភាពនៅថ្ងៃនេះ ហើយយើងត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ដើម្បីកុំឲ្យមានការស្តាយក្រោយនៅថ្ងៃស្អែក។ អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា កំពុងធ្វើការយ៉ាងជិតស្និទជាមួយក្រសួងសុខាភិបាល និងដៃគូ ដើម្បីអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង ការឆ្លើយតបចំពោះជំងឺកូវីដ-១៩។ រាជរដ្ឋាភិបាល បន្តចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ការ ចម្លង និងស្វែងរកការចូលរួមពីអ្នករាល់គ្នា ដើម្បីប្រកាន់ខ្ជាប់នូវវិធានការសាធារណៈ និងសុវិត្ថិភាព ផ្ទាល់ខ្លួន ហើយសំខាន់គឺលើកកំពស់ការចូលរួមក្នុងការអនុវត្តនូវវិធានការសាធារណៈ និងសុវត្ថិភាពផ្ទាល់ខ្លួន នៅក្នុងចំណោមសហគមន៍របស់ពួកគាត់។”

អង្គការសុខភាពពិភពលោក បានផ្តល់ប្រឹក្សា និងផ្តោតលើការគាំទ្រនៅក្នុងផ្នែកសំខាន់ៗ សម្រាប់ការឆ្លើយតបរហ័ស៖ (១) ទប់ស្កាត់ការចម្លងតាមរយៈការរកឃើញបានឆាប់ ការវិភាគ ស្ថានភាព ក៏ដូចជាអន្តរាគមន៍សុខភាពសាធារណៈមិនមែនឱសថ និងវិធានការសង្គមចំគោល ដៅ និងរួមបញ្ចូលគ្នា (២) ពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងធានាអាទិភាពដល់ បុគ្គលិកសុខាភិបាល មនុស្សចាស់ បុគ្គលដែលមានជំងឺប្រចាំកាយ និងប្រជាជនងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដទៃទៀត ហើយនិង (៣) បង្កើនសមត្ថភាពថែទាំអ្នកជំងឺ និងការផ្តល់ សេវាសុខភាព ជាពិសេសសមត្ថភាព ប្រសិទ្ធភាពនៃការថែទាំអ្នកជំងឺសង្គ្រោះបន្ទាន់ និងការ តាមដានពិនិត្យមើលខ្សែបន្ទាត់ក្រហម។

លោកស្រីវេជ្ជបណ្ឌិត Li Ailan បានមានប្រសាសន៍ថា “ប្រទេសកម្ពុជា កំពុងស្ថិតក្នុងពេលវេលា ដ៏សំខាន់មួយ។ រាជរដ្ឋាភិបាល បានធ្វើសេចក្ដីសម្រេចចិត្តម៉ឹងម៉ាត់មួយចំនួនរួមទាំងការបិទខ្ទប់ ភូមិសាស្ត្រខេត្តចំនួន៨ដែលភាគច្រើននៅជាប់ព្រំដែន និងបានដាក់ចេញយុទ្ធនាការពង្រឹងវិធាន ការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅទូទាំងប្រទេស ដែលជាជំហាន សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺនេះ ជាពិសេសជាការឆ្លើយតបទៅនឹង វីរុសកូវីដ-១៩បំប្លែងថ្មីទម្រង់ឌែលតា(Delta variant) តែម្ដង។”

មិនមានវិធានការតែមួយណាអាចទប់ស្កាត់ការចម្លងបានទេ គឺទាមទារឲ្យមានការរួមបញ្ចូលគ្នា ប្រកបដោយប្រសិទ្ធភាព នៃវិធានការសុខភាពសាធារណៈ និងសង្គមដែលផ្អែកលើហានិភ័យ។ ទីតាំង និងសកម្មភាពដែលត្រូវចៀសវាងទាំងបីប្រភេទ (3Cs) គួរតែត្រូវបានផ្អាក លុះត្រាតែ ហានិភ័យត្រូវបានកាត់បន្ថយបានច្រើនជាមុនសិន ហើយវិធានការផ្អែកលើប្រជាជនដូចជាការ បញ្ឈប់ការធ្វើដំណើរដែលមិនចាំបាច់ និងការរឹតបន្តឹងការប្រមូលផ្តុំ (ជាពិសេសក្នុងកន្លែងបិទជិត) ត្រូវតែអនុវត្តឲ្យបានពេញលេញ ហើយអនុញ្ញាតឲ្យអាជីវកម្មដែលមានសុវត្ថិភាពប្រសើរ បន្តបើកដំណើរការ។ ការដាក់ចេញនូវវិធានការកាត់បន្ថយហានិភ័យនៅក្នុងវិស័យអាជីវកម្ម និង នៅកន្លែងធ្វើការ គឺចាំបាច់ដើម្បីធានាដល់ការបើកអាជីវកម្មឡើងវិញប្រកបដោយសុវត្ថិភាព។

ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស្របទៅតាមវិធានសុខភាពសាធារណៈបានត្រឹមត្រូវ នឹងកំណត់ពីជោគជ័យនៃអន្តរាគមន៍ទាំងនេះ។ វាចាំបាច់ណាស់ដែលត្រូវពិនិត្យតាមដាន និងក សម្រួលវិធានការដោយផ្អែកលើស្ថានភាពអេពីដេមីសាស្ត្រ និងប្រសិទ្ធភាពនៃអន្តរាគមន៍។

លោកស្រីវេជ្ជបណ្ឌិត Li Ailan បានមានប្រសាសន៍បន្ថែមថា “ខ្ញុំសូមអំពាវនាវឲ្យអ្នករាល់គ្នាចាត់ វិធានការដែលត្រូវបានណែនាំ និងចាំបាច់នានា ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពារ អ្នកដទៃទៀតពីការឆ្លងរោគ។ សកម្មភាពរួមរបស់យើង នឹងកំណត់ជោគជ័យ ឬក៏បរាជ័យរបស់ យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ យើងត្រូវតែរួមគ្នា និងធ្វើសកម្មភាពរួមគ្នា ដើម្បី ជួយសង្គ្រោះអាយុជីវិត ការពារប្រព័ន្ធសុខាភិបាល និងកាត់បន្ថយផលប៉ះពាល់ដល់សង្គម។”

យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅកម្ពុជា បានដំណើរការទៅយ៉ាងល្អ ហើយនៅ តែជាយុទ្ធសាស្ត្រដ៏សំខាន់មួយ។ រហូតមកទល់នឹងពេលនេះ វ៉ាក់សាំងទាំងអស់ដែលត្រូវបាន ចុះបញ្ជីប្រើប្រាស់បន្ទាន់ដោយអង្គការសុខភាពពិភពលោកទាំងអស់ ការពារមិនឲ្យវិវត្តទៅជា ឈឺធ្ងន់ មិនចូលទៅសម្រាកនៅមន្ទីរពេទ្យ និងការស្លាប់នៅពេលប្រឈមនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលគួរឲ្យព្រួយបារម្ភណាមួយ រួមទាំងមេរោគកូវីដ-១៩បំប្លែងថ្មីទម្រង់ឌែលតា(Delta variant) ផងដែរ។ នេះគឺជាសញ្ញាល្អមួយ ប៉ុន្តែចាំបាច់ត្រូវចាក់វ៉ាក់សាំងការពារឲ្យបានគ្រប់ចំនួន ដូស ហើយវាសំខាន់ណាស់ដែលត្រូវចាំថាវ៉ាក់សាំង មិនផ្តល់ការការពារពេញលេញ (១០០ភាគ រយ) នោះទេ ដូច្នេះប្រជាពលរដ្ឋត្រូវបន្តអនុវត្តតាមវិធានការសុខភាពសាធារណៈ និងវិធានការ សង្គមដទៃទៀតផងដែរ។

អង្គការសុខភាពពិភពលោក សូមផ្តល់អនុសាសន៍យ៉ាងមុតមាំថា មនុស្សគ្រប់រូប ដោយមិនគិត ពីស្ថានភាពថាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ហើយឬក៏នៅនោះទេ ត្រូវបន្តអនុវត្តវិធាន ការបង្ការដូចជាត្រូវពាក់ម៉ាស់ រក្សាគម្លាតពីគ្នា លាងដៃជាមួយនឹងសាប៊ូ ឬដែលឲ្យបានញឹក ញាប់ ដោយត្រូវចៀសវាងការប្រមូលផ្ដុំ ហើយត្រូវនៅផ្ទះប្រសិនបើមិនស្រួលខ្លួន និងត្រូវស្វែង រកជំនួយពីគ្រូពេទ្យនៅមណ្ឌលសុខភាពដែលនៅជិតបំផុតជាបន្ទាន់។

អង្គការសុខភាពពិភពលោក សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនខ្លាចនឿយ ហត់របស់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ហើយនឹងបន្តគាំទ្រការឆ្លើយតបជាបន្ត ដោយសហការយ៉ាងជិតស្និទជាមួយនឹងដៃគូ ដើម្បីទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩ និងកាត់ បន្ថយផលប៉ះពាល់ដល់សង្គមនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង