ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្ដព្រះសីហនុ ចាក់វ៉ាក់សាំការពារជំងឺកូវីដ-១៩ ជូនកុមារ យុវជន បានជាង ២ម៉ឺននាក់

148

ព្រះសីហនុ: ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ រដ្ឋបាលរាជធានី-ខេត្ដ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ យុវជន ពីអាយុ ១២ ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ។ ក្នុងនោះខេត្ដព្រះសីហនុ ក៍បានបើកប្រតិបត្ដិការនេះក្នុងក្របខណ្ឌទូទាំងខេត្ដ ដែលមានក្រុងពីរ និងស្រុកបី (ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង ស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងហាវ) ក្រុមការការគ្រូពេទ្យ ចាក់បានសរុបចំនួន ២២.៣៨១នាក់ ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១។
យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកុមារ យុវជន នៅខេត្ដព្រះសីហនុ ឪពុកម្ដាយ ឬអាណាព្យាបាល បាននាំកូន ចៅ ក្មួយ ប្អូន ទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងច្រើនកុះករនៅទីតាំងចាក់វ៉ាក់សាំងទាំង ៩គោលដៅ ដែលរដ្ឋបាលខេត្ដព្រះសីហនុ បានរៀបចំកំណត់នៅក្នុងបណ្ដាក្រុង-ស្រុកទាំង៥។ អស់រយៈពលេប្រមាណ ១សប្តាហ៍នេះ ចំនួនកុមារ យុវជន ដែលមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មានការថយចុះទៅវិញដោយសារភាគច្រើនពួកគេ បានសម្រុកទៅចាក់នៅថ្ងៃដំបូង និងថ្ងៃបន្ទាប់ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ឱ្យបានជោគជ័យ និងឆាប់បានពួកគេ បានចូលរៀនជាធម្មតាវិញ។ ហើយពួកគេមកចាក់តិនៅថ្ងៃនេះ គឺដោយសារត្រូវរង់ចាំដល់ពេលចាក់ដូសទី២ ដែលគ្រូពេទ្យបានដាក់កំណត់ពេលណាត់ចាក់ម្ដងទៀត។ ឯកសារ ដែលត្រូវយកមកជាមួយ នូវប័ណ្ណស្នាក់នៅ ឬសៀវភៅគ្រួសារ ឬសំបុត្រកំណើតរបស់សាមីខ្លួន (កុមារ ឬយុវជន)។
នៅខេត្ដព្រះសីហនុ ថ្ងៃចាប់ផ្ដើមដំបូងក្នុងគម្រោងផែនការ មានទីតាំងចាក់វ៉ាក់សាំចំនួន ៩ទីតាំង ត្រូវបានរៀបចំប្រតិបត្ដិការព្រមគ្នា តែដោយពិនិត្យមើលឃើញតម្រូវការជាក់ស្ដែងរបស់កុមារ យុវជននៅក្នុងស្រុកព្រៃនប់ មានចំនួនកើនឡើងច្រើនលើសផែនការដែលបានគ្រោងទុក រដ្ឋបាលស្រុក-ខេត្ដ បានសម្រេចបើកកន្លែងចាក់វ៉ាក់សាំងនេះបន្ថែមចំនួនពីរទីតាំងទៀត រហូតដល់ ១១ទីតាំង ដែលរួមមាន៖ ទី១.នៅសាលាបឋមសិក្សា-វិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ដែលស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។ ទី២.នៅសាលាបឋមសិក្សា-អនុវិទ្យាល័យតេជោសែន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ទី៣.រីហ្សតបាកាស ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង។ ទី៤.វត្ដអូរចំណារ ស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់។ ទី៥.អនុវិទ្យាល័យសំរុង ស្ថិតនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់។ ទី៦.អនុវិទ្យាល័យទួលកែវ ស្ថិតនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃនប់។ ទី៧.វិទ្យាល័យ ហ៊ុន សែន កំពង់សីលា ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា។ ទី៨.សាលាបឋមសិក្សាគិរីវ័ន្ដ ស្ថិតនៅភូមិគិរីវ័ន្ដ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា។ និងទី៩.នៅវិទ្យាល័យស្ទឹងហាវ ស្ថិតភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ។ ១០.សាលាបឋមសិក្សាជើងគោ ស្ថិតនៅឃុំជើងគោ ស្រុកព្រៃនប់ និងទី១១.អនុវិទ្យាល័យអូរជ្រៅ ស្ថិតនៅក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់។ នេះជាការបញ្ជាក់ឱ្យដឹងពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្ដព្រះសីហនុ៕

អត្ថបទដែលជាប់ទាក់ទង