ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបំបៅដោះកូនដោយសុវត្ថិភាព ក្នុងពេលរីករាលដាលនៃជំងឺកូវីដ-១៩

89

 

ភ្នំពេញ ៖ ប្រសិនបើអ្នកជាម្តាយ ឬជិតសម្រាលកូន វាជារឿងធម្មតាដែលអ្នកតែងមានចម្ងល់អំពីចំណេះដឹងមានសុវត្ថិភាព បំផុតសម្រាប់កូនអ្នក ក្នុងអំឡុងពេលរីករាលដាលជាសកលនៃជំងឺកូវីដ-១៩។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់អង្គការយូនីសេហ្វ កាលពីថ្ងៃទី៦ខែសីហាឆ្នាំ២០២១។

មានភស្តុតាងច្រើនលើសលប់ដែលគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយ។ គ្មានការរកឃើញ ណាមួយដែលថាមានការចម្លងមេរោគកូវីដ-១៩ តាមរយៈការបំបៅកូនដោយទឹកដោះម្តាយ ឬតាមរយៈការផ្តល់ទឹកដោះម្តាយនោះទេ។ ការបំបៅកូនដោយទឹកដោះម្តាយ និងការដាក់កូនឲ្យប៉ះនឹងស្បែករបស់អ្នក និងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅដំណាក់កាលដំបូង អាចជួយឲ្យកូនតូចរបស់អ្នកលូតលាស់ល្អប្រសើរនិងផ្តល់អត្ថប្រយោជន៍សុខភាពពេញមួយជីវិត។

ខាងក្រោមនេះ គឺជាចម្លើយខ្លះៗចំពោះសំណួរទូទៅសម្រាប់អ្នកម្ដាយទើបសម្រាលកូន និងស្ត្រីដែលជិតសម្រាលកូន ដែលអាចជួយផ្តល់ជាបទពិសោធ និងដើម្បីឲ្យកូនតូចរបស់អ្នកមានសុវត្ថិភាពបំផុត ទោះបីជាអ្នកមានអារម្មណ៍ថាខ្លួនមានសុខភាពមាំមួន ឬកំពុងមានអាការៈ និងរោគសញ្ញានៃជំងឺកូវីដក៏ដោយ។

តើខ្ញុំគួរបំបៅដោះកូនក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដែរឬទេ?
ត្រូវតែបំបៅដោះកូន! គ្មានភស្តុតាងណាដែលបញ្ជាក់ថាជំងឺកូវីដ-១៩ អាចឆ្លងតាមរយៈការបំបៅកូនដោយទឹកដោះនោះទេ។

ទឹកដោះម្តាយផ្តល់នូវអង្គបដិបក្ខដែលជួយឲ្យទារកនៅគ្រប់ទិសទីកាន់តែមានសុខភាពល្អមាំមួន និងការពារទារកទាំងនោះពីជំងឺឆ្លងជាច្រើន។ ការបំបៅកូនដោយទឹកដោះម្តាយ អាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់ចំពោះទារកទើបនឹងកើតនិងកូនតូចៗ ផ្តល់នូវអត្ថប្រយោជន៍សុខភាពពេញមួយជីវិតសម្រាប់កុមារជាទូទៅ និងធ្វើឲ្យសុខភាពរបស់អ្នកម្តាយរឹតតែប្រសើរឡើងផងដែរ។

គួរដាក់ទារកទើបនឹងកើតឲ្យប៉ះផ្ទាល់នឹងស្បែករបស់អ្នក។ ការដាក់ទារកទើបនឹងកើតឲ្យនៅជិតអ្នក អាចជួយឲ្យអ្នកចាប់ផ្តើមបំបៅកូនដោយទឹកដោះដំបូងបាន។ ពេលវេលាដំបូងបែបនេះពិតជាមានសារៈសំខាន់បំផុត ហើយត្រូវបានណែនាំឲ្យចាប់ផ្ដើមបំបៅកូនដោយទឹកដោះម្តាយ ក្នុងរយៈពេលមួយម៉ោងដំបូងបន្ទាប់ពីសម្រាលរួច។

ប្រសិនបើកូនតូចរបស់អ្នកមានអាយុទើបបាន៦ខែ ឬក្រោម៦ខែ គួរឲ្យកូននោះបៅទឹកដោះម្តាយតែមួយមុខគត់។ នៅពេលដែលកូនរបស់អ្នកអាយុលើសពី៦ខែ គួរបន្តបំបៅកូនដោយទឹកដោះរបស់អ្នក ហើយផ្តល់អាហារបន្ថែមដែលមានសុត្ថិភាព និងមានសុខភាពល្អ។

តើអ្នកអាចចម្លងមេរោគកូវីដ-១៩ ទៅ ឲ្យទារករបស់អ្នក តាមរយៈការបំបៅដោះដែរឬទេ?
រហូតមកដល់បច្ចុប្បន្ន មេរោគកូវីដ-១៩ ដែលសកម្ម (មេរោគដែលអាចបង្កការចម្លង) មិនត្រូវបានគេរកឃើញនៅក្នុងទឹកដោះរបស់ស្ត្រីម្តាយណាដែលមានផ្ទុកកូវីដ-១៩នោះទេ ដូច្នេះវាមិនទំនងថាជំងឺកូវីដ-១៩ អាចឆ្លងតាមរយៈទឹកដោះម្តាយឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសិក្សាស្រាវជ្រាវកំពុងបន្តធ្វើតេស្តលើទឹកដោះពីម្តាយដែលមានការបញ្ជាក់ និងសង្ស័យថាមានជំងឺកូវីដ-១៩។

ប្រសិនបើខ្ញុំមាន ឬសង្ស័យថាមានជំងឺកូវីដ-១៩ តើខ្ញុំគួរបំបៅដោះកូនដែរឬទេ?
ត្រូវតែបំបៅដោះកូន! អ្នកគួរតែបន្តបំបៅកូនដោយទឹកដោះរបស់អ្នកដោយមានវិធានការការប្រុងប្រយ័ត្នខ្ពស់បំផុត។ ការចម្លងមេរោគកូវីដ-១៩ តាមរយៈទឹកដោះម្តាយ និងការបំបៅដោះកូន មិនត្រូវបានរកឃើញនោះទេ។

វិធានការប្រុងប្រយ័ត្នរួមមាន ការពាក់ម៉ាស់ ការលាងសម្អាតដៃជាមួយសាប៊ូនិងទឹក ឬអាកុល ឬជែលលាងដៃ មុននិងក្រោយប៉ះពាល់កូនរបស់អ្នក និងឧស្សាហ៍លាងសម្អាត និងសម្លាប់មេរោគជាប្រចាំ ក្រោយពី បានប៉ះពាល់ របស់របរផ្សេងៗ។ អ្នកត្រូវលាងសម្អាតដើមទ្រូងរបស់អ្នក ប្រសិនបើអ្នកទើបតែក្អកបែរចំទ្រូង រួចហើយ។ បើមិនដូច្នោះទេ អ្នកមិនត្រូវការលាងសម្អាតសុដន់រៀងរាល់មុនពេលបំបៅដោះកូននោះទេ។

ប្រសិនបើខ្ញុំកំពុងបំបៅដោះកូន ឬកំពុងច្របាច់ទឹកដោះឲ្យកូន តើខ្ញុំគួរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែរឬទេ?
ត្រូវចាក់វ៉ាក់សាំង! វ៉ាក់សាំងកូវីដ -១៩ ត្រូវបានណែនាំសម្រាប់បុគ្គលដែលមានសុខភាពល្អដែលកំពុងបំបៅដោះកូន ឬកំពុងច្របាច់ទឹកដោះឲ្យកូន។

បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ-១៩ តើមានសុវត្ថិភាពដែរឬទេក្នុងការបន្តបំបៅកូនដោយទឹកដោះម្តាយ?
ពិតជាមានសុវត្ថិភាព! អ្នកគួរតែបន្តបំបៅកូនដោយទឹកដោះម្តាយ បន្ទាប់ពីចាក់វ៉ាក់សាំងរួចដើម្បីការពារកូនរបស់អ្នក។ គ្មានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ណាមួយដែលអនុម័តដោយអង្គការសុខភាពពិភពលោកហើយដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នមានផ្ទុកមេរោគមានជីវិតផ្ទាល់នោះទេ! ដូច្នេះគ្មានហានិភ័យនៃការចម្លងមេរោគនេះទៅកូនរបស់អ្នកតាមរយៈទឹកដោះម្តាយឡើយ។

ប្រសិនបើខ្ញុំមិនស្រួលខ្លួនខ្លាំង ហើយមិនអាចបំបៅដោះកូនបាន តើខ្ញុំគួរធ្វើយ៉ាងណា?
ប្រសិនបើអ្នកមានអារម្មណ៍មិនស្រួលខ្លួនខ្លាំង ហើយមិនអាចបំបៅដោះកូនបាន គួរព្យាយាមរកវិធីផ្សេងទៀតដើម្បីផ្តល់ទឹកដោះឲ្យកូនរបស់អ្នកប្រកបដោយសុវត្ថិភាព។ ព្យាយាមច្របាច់ទឹកដោះទុក និងបញ្ចុកកូន ដោយប្រើពែង ឬស្លាបព្រាដែលមានអនាម័យ។ អ្នកក៏អាចពិចារណារកទឹកដោះពីអ្នកម្ដាយដទៃទៀត ប្រសិនបើមានម្តាយណាម្នាក់រស់នៅនៅក្បែរជិតខាងគ្នា។ សូមនិយាយទៅកាន់អ្នកផ្ដល់ប្រឹក្សាផ្នែកបំបៅដោះកូន ឬគ្រូពេទ្យជំនាញផ្នែកថែទាំសុខភាពអំពីជម្រើសណាមួយដែលអ្នកអាចអនុវត្តជំនួសបាន។

ការច្របាច់ទឹកដោះម្តាយទុកឲ្យកូន ក៏មានសារៈសំខាន់ផងដែរដើម្បីឲ្យអ្នកនៅតែអាចបន្តផលិតទឹកដោះបាន ហើយអ្នកនៅតែអាចបំបៅកូនសារជាថ្មីបាន នៅពេលដែលអ្នកមានអារម្មណ៍ស្រួលខ្លួនឡើងវិញ។ ពុំមានការកំណត់ពេលវេលាឲ្យបានជាក់លាក់ថាតើត្រូវរង់ចាំយូរប៉ុនណា បន្ទាប់ពីមានការបញ្ជាក់ថាអ្នកពិតជាបានឆ្លងជំងឺកូវីដ-១៩ ឬសង្ស័យថាបានឆ្លងកូវីដ-១៩ នោះទេ។

ប្រសិនបើអ្នកមិនអាចច្របាច់ទឹកដោះទុកឲ្យកូនបាន ឬមិនអាចរកទឹកដោះជំនួយពីអ្នកម្ដាយដទៃទៀតបាន គួរពិចារណារក ស្ត្រីណាម្នាក់ ផ្សេងទៀតឲ្យបំបៅកូនរបស់អ្នកដោយទឹកដោះរបស់គាត់ផ្ទាល់តែម្តង។ ប្រសិនបើនេះគឺជាអ្វីដែលអាចទទួល យកបានស្របតាមទំនៀមទម្លាប់វប្បធម៌របស់អ្នក ឬផ្តល់នូវម្សៅទឹកដោះគោសម្រាប់ទារក ប្រសិនបើបានរៀបចំត្រឹមត្រូវ មានសុវត្ថិភាព និងត្រៀមរួចរាល់ហើយ។

ប្រសិនបើកូនខ្ញុំឈឺ តើខ្ញុំគួរតែបំបៅដោះកូនទៀតដែរឬទេ?
គួរបន្ត បំបៅដោះកូនជាធម្មតាចុះ បើទោះបីជាកូនឈឺក៏ដោយ។ មិនថាកូនតូចរបស់អ្នកឆ្លងជំងឺកូវីដ-១៩ ឬជំងឺអ្វីផ្សេងទៀតនោះទេ ជាការសំខាន់ណាស់ដែលត្រូវបន្តចិញ្ចឹមបីបាច់កូនតាមរយៈទឹកដោះម្តាយ។ ការបំបៅកូនដោយទឹកដោះម្តាយ អាចជួយជំរុញដល់ប្រព័ន្ធភាពស៊ាំរបស់ទារក ហើយអង្គបដិបក្ខរបស់អ្នកនឹងត្រូវបញ្ជូនទៅឲ្យទារក តាមរយៈទឹកដោះរបស់អ្នកដែលអាចជួយឲ្យទារកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនានាបាន។

តើខ្ញុំគួរអនុវត្តវិធានការប្រុងប្រយ័ត្នអ្វីខ្លះ ខណៈពេលកំពុងបំបៅដោះកូន?
អ្នកត្រូវគោរពតាមគោលការណ៍ណែនាំស្តីពីការលាងសម្អាតដៃ។ អ្នកគួរលាងសម្អាតដៃរបស់អ្នកជាមួយនឹងសាប៊ូ និងទឹកមុន ឬក្រោយពេលប៉ះពាល់កូនរបស់អ្នក។ អ្នកក៏អាចប្រើប្រាស់អាល់កុល ឬជែលសម្រាប់លាងសម្អាតដៃផងដែរ។ អ្វីដែលសំខាន់ផងដែរនោះ គឺត្រូវលាងសម្អាតនិងសម្លាប់មេរោគលើរបស់របរនានាដែលអ្នកបានប៉ះពាល់រួច។

សូមលាងសម្អាតឧបករណ៍បូមទឹកដោះ ដបច្រកទឹកដោះ និងសម្ភារសម្រាប់បញ្ចុកកូន បន្ទាប់ពីប្រើប្រាស់រួចជាធម្មតា៕

អត្ថបទដែលជាប់ទាក់ទង