ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន ភ្នាក់ងារក្រុមហ៊ុនយូនីស៊ីធី Unicity Make Life Better ២នាក់ ក្រោយម្ចាស់បំណុល និងជនរងគ្រោះ សហការប្ដឹងអំពីគំនិតទុច្ចរិត បោកប្រាស់លក់អាហារបំប៉នសុខភាព

134

 

កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា លោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីពាក់ព័ន្ធ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ អះអាងថា ជាភ្នាក់ងារ តំណាងចែកចាយរបស់ក្រុមហ៊ុន យូនីសុធី Unicity Make Life Better ប្រចាំខេត្ដកំពង់ស្ពឺ អំពីគំនិតទុច្ចរិត បោកប្រាស់តាមរបៀបចាស់លក់អាហារបំប៉នសុខភាព។

ជនសង្ស័យឈ្មោះ ១-ឈ្មោះ វ៉ិត សុខរឺន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន យូនីសុីធី មានទីលំនៅភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ ២-ឈ្មោះ ជា ប៊ីន ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន យូនីសុីធី មានទីលំនៅ ភូមិក្រាំងពង្រ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅ អយ្យការចាត់ការនីតិវិធីបន្ដ ។

អង្គហេតុ ដែលនាំឱ្យម្ចាស់បំណុលនិងជនរងគ្រោះ ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច ឲ្យជួយផ្ដល់ភាពយុត្ដិធម៌ ជូនពួកគាត់ដោយសារតែ ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ជនទាំងពីរនាក់ខាងលើ បានអះអាងថា គាត់ជាបុគ្គលិកក្រុមហ៊ុន យូនីសុីធី លក់ឱសថអាហារបំប៉នសុខភាព ដែលមានគុណភាពនិងការទទួលបានភាពជឿជាក់ ពីមនុស្សរាប់លាននាក់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសបណ្ដាប្រទេសមួយចំនួន នៅលើពិភពលោក ដោយការផ្ដល់ជូននៅការណែនាំ ប្រឹក្សាយោបល់ពីសំណាក់អ្នកជំនាញ (វេជ្ជសាស្រ្ដ) មកពីបរទេស និងមានវេជ្ជបណ្ឌិតល្បីៗ ដែលបានបញ្ចប់ថ្នាក់បណ្ឌិត លើផ្នែកសុខភាពរាង្គកាយមនុស្ស ព្យាបាលជំម្ងឺដោយប្រើឱសថអាហារបំប៉នសុខភាព ញាំចូលទៅខាងក្នុងព្យាបាលជួសជុលសិរីរាង្គ ផ្នែកខាងក្នុងប្រកបដោយ ភាពជោគជ័យ១០០% ដោយមិនចាំបាច់ការព្យាបាលជំម្ងឺ ដោយការចាក់ថ្នាំ ព្យួរសេរ៉ូម។

បន្ថែមពីនោះពួកគេបានបញ្ចុះបញ្ចូល ឱ្យអតិថិជនរបស់ពួកគេយល់ និងទទួលយកនូវគំនិតវិភាគ នៃអាការៈជំម្ងឺជឿជាក់ឥតកែប្រែ ដោយការធានា និងលើកយកឧទាហរណ៍ជាក់ស្ដែង ពីមនុស្សណាម្នាក់ ដែលធ្លាប់ឈឺរាប់ខែឆ្នាំហើយ បានធូរស្បើយបន្ទាប់ពីបានប្រើប្រាស់ នូវឱសថអាហារបំប៉នសុខភាព របស់ក្រុមហ៊ុនគេមួយរយៈពេលខ្លី ដើម្បីយកមកធ្វើជាទេវតាប្រែធាតុ បន្លំភ្នែក ផ្ដល់ក្ដីសង្ឍឹមសម្រាប់អតិថិជនថ្មី របស់ពួកគេបន្ដបន្ទាប់ទៀត។

បន្ទាប់ពីការជឿជាក់មកពួកគេបានព្យាយាម អូសទាញឲ្យអតិថិជន ប្រើប្រាស់ផលិតផល ដោយបានប្រាក់ចំណេញមកវិញ និងមានឱកាសរកប្រាក់ចំណូល បានមកពីការឃោសនា លក់ផលិតផលរបស់ក្រុមហ៊ុនគេបន្ដ ផ្លាស់ប្ដូរឋានៈពី អ្នកប្រើប្រាស់ធម្មតា ទៅជាភ្នាក់ងារចែកចាយ កម្រិតបឋម និងអ្នកខ្លះក្លាយជា ប្រធានផ្នែកគ្រប់គ្រងតំបន់ក៏មាន ដោយការយកប្រាក់សុទ្ធ មកធ្វើការទិញកញ្ចប់វិនិយោគជាមួយក្រុមហ៊ុន។

ជាក់ស្ដែងម្ចាស់បំណុលជាជនរងគ្រោះ ត្រូវបានតំណាងភ្នាក់ងារទាំងពីរនាក់ខាងលើ រួមជាមួយបក្ខពួក ៤នាក់ផ្សេងទៀត ណែនាំឱ្យទិញកញ្ចប់តម្លៃ ២៥,០០០ ដុល្លាអាមេរិក ដោយសន្យាផ្ដល់ភាគលាភ ក្នុងមួយខែ ចំនួន ៣,០០០ ដុល្លាអាមេរិក និងទទួលបានកាតមាសពីក្រុមហ៊ុន សម្រាប់ការបំពេញការងារនឹងទៅថៃ្ងអនាគត ចូលនិវត្ដន៍ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពី ១,៥០០ ដុល្លាអាមេរិក ទៅ ៣,៥០០ ដុល្លាអាមេរិក មានឱកាសទៅបរទេស ដើរលេងតាមទ្វីបអរ៉ុប និងអាស៊ី។ ល។

ក្រោយពីការពន្យល់រួច ម្ចាស់បំណុលជាជនរងគ្រោះ បានយល់ព្រម ប៉ុន្ដែមិនមានប្រាក់គ្រប់ចំនួន ពួកគេបានបង្គាប់ ឱ្យជនរងគ្រោះយកទ្រព្យផ្ទាល់ខ្លួន ទៅដាក់បញ្ចាំយកប្រាក់ ដោយបានណែនាំទីផ្សារទទួលបញ្ចាំឯកជន ងាយឆាប់រហ័សមិនចាំបាច់រត់ការស្មុគស្មាញយូរឡើយ និងបានធានាថា ក្នុងករណីខែដំបូង ក្រុមហ៊ុនជួយចេញថ្លៃការប្រាក់ ចំនួន ០២ខែ ។

ក្រោយពីទទួលបានប្រាក់ដល់ដៃ ពួកគេហើយ គឺគេចខ្លួនជារៀង រហូតមិនមានអ្វីដូចការសន្យា គ្រាដំបូងគឺចេះតែសន្យា រកលេសនេះលេសនោះថា ក្រុមហ៊ុនកំពុងតែចាត់ចែង នាំអតិថិជនទៅក្រៅប្រទេស និងកំពុងនាំផលិតផលថ្មីចូលមកទៀត « កុំភ័យថវិកាមិនបាត់បង់ទេ »។

សមត្ថកិច្ចស្នើសុំឱ្យពលរដ្ឋ ដែលជួបបញ្ហាដូចខាងលើ សូមមេត្ដាបញ្ឈប់ជាបន្ទាន់ កុំឱ្យលង់ចាញ់កលល្បិចក្រុមនេះបន្ដ និងស្នើថាបើមានរឿងរ៉ាវ ដូចក្នុងករណីខាងលើ សូមមកដាក់ពាក្យបណ្ដឹង ដើម្បីសមត្ថកិច្ចជួយផ្ដល់យុត្ដិធម៌ជូន៕

អត្ថបទដែលជាប់ទាក់ទង