ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារជាប់អន្ទាក់ព្រាន សត្វទន្សោងឈ្មោល១ក្បាល ដែលជាទន្សោងទី៦ បានងាប់ក្នុងព្រៃសហគមន៍ម៉ុមប្រាំបី ក្នុងខេត្តកំពង់ស្ពឺ

50

 

កំពង់ស្ពឺ ៖ មន្ត្រីក្រុមអភិរក្សព្រៃឈើសហគមន៍ម៉ុមប្រាំបីនៃខេត្តកំពង់ស្ពឺ បានប្រទះឃើញសាកសពសត្វទន្សោងឈ្មោល ១ក្បាលនៅក្នុងព្រៃសហគមន៍ បន្ទាប់ពីសត្វទន្សោងឈ្មោលមួយនេះបានស្លាប់មកជាច្រើនថ្ងៃ។

សត្វដែលស្ទើរតែសល់តែគ្រោងឆ្អឹងត្រូវបានប្រទះឃើញ នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្នុងព្រៃសហគមន៍ ពេលក្រុមមន្ត្រីអភិរក្សសហគមន៍បានចេញល្បាត។

យោងតាមសម្តីរបស់លោក លីវ សារ៉ុម មន្ត្រីអភិរក្សសហគមន៍ព្រៃឈើម៉ុមប្រាំបី បានឱ្យដឹងថា ទន្សោងឈ្មោលខាងលើនេះ បានស្លាប់ដោយសារតែជាប់អន្ទាក់ព្រានព្រៃ វាបានរើបំរះពីអន្ទាក់របស់ព្រានរហូតដាច់ជើងម្ខាង ហើយបានរត់គេចចេញពីកន្លែងជាប់អន្ទាក់នោះ ដើររហូតដល់កន្លែងដែលវាបានស្លាប់។

លោក លីវ សារ៉ុម បានបញ្ជាក់ផងដែរថា សត្វទន្សោងឈ្មោមួយក្បាលនេះ គឺមានរបួសជាប់ខ្លួនរួចមកហើយ ខណៈវាធ្លាប់បានជាប់អន្ទាក់ព្រានម្តងរួចមកហើយកាលពីអំឡុងខែឧសភា កាលណោះក្រោយពេលវាមានរបួសវាបានដើរចូលមកចំកាមេរ៉ារបស់ក្រុមអភិរក្សដោយជើងម្ខាងមានរបួសធ្ងន់ធ្ងរ ឯរូបកាយក៏មានការស្គមស្គាំងផងដែរ។ ពេលនោះក្រុមការងារបានដាក់កម្លាំងចុះល្បាតរកកន្លែងវារស់នៅ ដើម្បីហៅក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃ មកជួយព្យាបាល ហើយតាំងពីពេលនោះរហូតមកដល់ថ្ងៃជួបវាបានស្លាប់ ពួកក្រុមអភិរក្សរបស់លោកមិនដែលបានប្រទះឃើញវាទេ។

ពាក់ព័ន្ធនឹងករណីប្រទះឃើញនេះដែរ លោក សឿន ឡាយ ប្រធានសហគមន៍ព្រៃឈើម៉ុមបី ក៏បានឱ្យដឹងដែរថា «វាជាទន្សោងទី៦ ហើយដែលបានស្លាប់ដោយជាប់អន្ទាក់។ ទន្សោងបារនេះវាជាប់អន្ទាក់រយៈពេឡយូរថ្ងៃបណ្តាលឱ្យដំបៅដាច់ជើង ដូច្នេះហើយទើបបណ្តាលឱ្យវាស្លាប់ព្រោះតែមិនអាចដើររកស៊ីបាន»។

ជាមួយនឹងការស្លាប់ទន្សោងបារនេះដែរ ប្រធានសហគមន៍ក៏បានបញ្ជាក់ដែរថាទន្សោងបារនេះ តែដើរជាគូជាទន្សោងមេ ១ក្បាលទៀត ដែលបច្ចុប្បន្នទន្សោងមេនោះ ក៏កំពុងមានរបួសជើងផងដែរ ពេលនេះក្រុមការងារកំពុងរុករកវាដើម្បីព្យាបាលជើងដែលរងរបួសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង