ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគបាលប៉ុស្តិ៍ម្នាក់ បើករថយន្តមិនប្រយ័ត្ន ធ្លាក់ពីលើទូកដរកំពង់ចម្លងព្រែកតូច ចូលទៅក្នុងទន្លេ

55

 

កណ្តាល ៖ កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ០៩និង២០នាទី នៅចំណុចកំពង់ចម្លងព្រែកតូច ស្ថិតក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មានករណីបើកឡានធ្លាក់ពីលើដរ ប៉ុន្តែមិនមានបណ្តាលឲ្យមានមនុស្សគ្រោះថ្នាក់ដោយសារករណីនេះទេ ។

យោងតាមរបាយការណ៍ របស់លេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ម្ចាស់រថយន្ត (ភេទប្រុស អាយុ៥១ឆ្នាំ) រួមដំណើរដោយមនុស្ស ៣នាក់ បានបើករថយន្តម៉ាកហាយឡិនឌ័រ ពណ៌ ស ចុះទូកដរ បណ្ដាលឱ្យជ្រុលធ្លាក់ពីទូកលិចចូល ទន្លេបាសាក់តែម្ដង ដោយត្រូវបានជួយសង្គ្រោះទាន់ពេលដោយអ្នកបើកទូកដរនិង ប្រជាពលរដ្ឋ ទើបមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះឡើយ។

រថយន្តមួយគ្រឿងនេះ ម៉ាកហាយឡែនឌើ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN 1302 បើកបរដោយឈ្មោះ សាម សុវ៉ាត់ ហៅប្លោក ភេទប្រុសអាយុ ៥១ឆ្នាំ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង មុខរបរ ជាមន្រ្តី នគបាលប៉ុស្តិ៍តាលន់ ស្រុកស្អាង ។

នៅក្នុងរថយន្តនេះ មានអ្នករួមដំណើរមានគ្នា ៤នាក់ ទី១-ឈ្មោះ ថាសុីធូ ភេទស្រី អាយុ៤១ឆ្នាំ ត្រូវជាប្រពន្ធ ទី២-ឈ្មោះ ឃុន សឿន ភេទស្រី អាយុ ៦៧ឆ្នាំ ត្រូវជាម្តាយ ទី៣-ឈ្មោះ សុវ៉ាត់ ចាន់សីហារ ភេទស្រី អាយុ១៤ឆ្នាំ ត្រូវជាកូន និងទី៤-សុវ៉ាត់ ចាន់បរមី ភេទស្រី អាយុ៩ឆ្នាំ ត្រូវជាកូន អ្នកទាំង៤មានទីលំនៅជាមួយគ្នា។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមនឹងក្រុមគ្រួសារ បានបើករថយន្តចុះទូកដរ បម្រុងឆ្លងទៅត្រើយខាងកើត លុះពេលបើកចុះដល់លើទូកដរ ជនរងគ្រោះបានជាន់ហ្គែរខ្លាំងពេក បណ្តាលឲ្យរថយន្តធ្លាក់ពីលើទូកដរ ចូលក្នុងទឹកតែម្តង។
ពេលនោះ អ្នកធ្វើដំណើរលើទូក និងទូកខ្មែរឥស្លាម បានជួយសង្គ្រោះទាន់ពេលវេលា ហើយមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតមនុស្សនោះទេ ។ បច្ចុប្បន្ន រថយន្តបានស្ទូចឡើងចេញពីទន្លេហើយ ៕

អត្ថបទដែលជាប់ទាក់ទង