ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលករខ្មែរចាញ់បោកមេខ្យល់ ទៅធ្វើការខុសច្បាប់នៅម៉ាឡេស៊ី ត្រូវបានជួយអន្ដរាគមន៍ត្រលប់មកកម្ពុជាវិញ

60

 

ភ្នំពេញ៖ ពលករខ្មែរម្នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការងារនៅប្រទេសម៉ាឡេស៊ីដោយខុសច្បាប់នោះ ត្រូវបានមន្ត្រីទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ជួយអន្ដរាគមន៍ឱ្យត្រលប់មកប្រទេសកម្ពុជាវិញ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក គុយ កួង បានឱ្យដឹងថា ពលករខ្មែរដែលរងគ្រោះព្រោះការចាញ់បោកមេខ្យល់នេះ មានឈ្មោះ ប៉ិ ពឿន អាយុ ៤១ឆ្នាំ មានស្រុកកំណើតនៅភូមិត្រឡាចស ឃុំត្របែក ស្រុកកំចាយមារ ខេត្តព្រៃវែង។ បុរសរូបនេះ បានទៅធ្វើការនៅលើទូកនេសាទដោយខុសច្បាប់នៅតំបន់ Panchor រដ្ឋ Perak តាមរយៈមេខ្យល់កាលពីដើមឆ្នាំ២០២០។

ដោយមានអារម្មណ៍ថា ពលករបរទេសផ្សេងទៀត ដែលធ្វើការលើទូកនេសាទជាមួយគ្នា មានបំណងធ្វើបាបខ្លួន ពលកររូបនេះ បានសម្រេចចិត្តលោតពីលើទូកដោយបណ្តែតខ្លួនជាមួយពោងរយៈពេល ៤ថ្ងៃ ទើបត្រូវប៉ូលីសជើងទឹកប្រចាំតំបន់ Lumut រដ្ឋ Perak ជួយសង្រ្គោះ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១។

លោក គុយ កួង បានឱ្យដឹងទៀតថា ស្ថានទូតកម្ពុជា បានសហការជាមួយមន្រ្តីប៉ូលីសជើងទឹកប្រចាំតំបន់ បានឲ្យភ្នាក់ងារស្ម័គ្រចិត្ត នៅរដ្ឋ Perak ទៅទទួលពលកររងគ្រោះពីការិយាល័យប៉ូលីសជើងទឹក និងផ្តល់ការហូបចុក កន្លែងស្នាក់នៅជាបណ្តោះអាសន្ន នៅរដ្ឋ Penang។

ពលករមិនមានព័ត៌មានអ្វីទាំងអស់ ពាក់ព័ន្ធនឹងថៅកែទូក ហើយស្នើសុំស្ថានទូត ជួយអន្តរាគមន៍ឱ្យបានត្រឡប់មកកម្ពុជាវិញ។ ពលកររូបនេះ នឹងត្រឡប់ទៅកម្ពុជាវិញ តាមរយៈកម្មវិធី Repatriation Recalibration Plan ហើយនឹងទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះ អាកាសចរណ៍សិង្ហបូរីលេខ SQ158 ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៥៖៣០នាទីល្ងាច៕

អត្ថបទដែលជាប់ទាក់ទង