ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ពេលដែលអ្នកក្រក្លាយជាអ្នកមាន

89

 

ភ្នំពេញ ៖ វាជារឿងពិតដែលកើតមាននៅក្នុងសង្គមខ្មែរយើង ។ អញ្ចឹងហើយទើបបូរាណពោលថា ពេលដែលមិត្តភ័ក្តិយើងក្លាយជាអ្នកមាន ឬ ក្លាយជាអ្នកធំនោះយើងត្រូវគិតថា មិត្តភ័ក្តិរូបនោះបានបាត់បង់ទៅហើយ
ដែលគេហៅថាប្រភេទសត្វទា បានឡើងទ្រើងនោះ ទោះបីនៅពេលបានឡើង ហើយជួបការលំបាកក្នុងការទំលើទ្រនំថ្មី ដែលគេហៅថាទ្រើងនោះក៏ដោយ ក៏គេនៅតែទំដើម្បីចំអកឲ្យពពួកសត្វទាដូចគ្នា ដែលមួយជីវិតរស់នៅតែក្នុងភក់ជ្រាំ ស៊ីតែកន្ទក់លាយបាយ ហើយបើបានម្ចាស់ព្រលែងទៅវាលស្រែម្ដងៗ គ្រាន់បានខ្យងក្ដាមស៊ីនោះ គឺពិតជាអស្ចារ្យណាស់ ។

ប្រភេទសត្វទាដែលបានឡើងទ្រើង ពេលចុះដីម្ដងៗ ដើរដូចជាខ្ពើមដីយ៉ាងម៉េចទេ ហើយចូលចិត្តមើលលើ ដោយមិនខ្លាចជំពប់ជើងដួលឡើយ ។ មិនតែប៉ុណ្ណោះវាដើរស៊ីឆ្ងាយៗពីគេ ដើម្បីបញ្ជាក់ថាខ្លួនជាសត្វទា ដែលអស្ចារ្យជាងគេ ដូច្នេះមិនអាចស៊ីជាលក្ខណៈរួម ដូចសត្វទាដែលមិនស្គាល់ទ្រើងនោះបានឡើយ ។

ប្រភេទសត្វទាដែលលើកតម្កើងខ្លួនបែបនេះ ងាប់តែញយហ្នឹង ព្រោះពេលម្ចាស់ចង់ចាប់ខ្វៃ ឬ យកទៅឆាក្ដៅ ឬ យកទៅស្លម្ជូរគ្រឿង គឺគេចាប់យកពពួកទា ដែលមានអំណួតនេះ ទៅស៊ីមុនគេ ព្រោះវាធាត់ៗ និង ចូលចិត្តនៅដាច់ឆ្ងាយ ពីគេហើយងាយនឹងចាប់ ។

មនុស្សយើងវិញក៏បែបនេះដែរ អ្នកខ្លះបានឡើងធំ បែរជាមិនចុះជួយប្រជាជនទេ បែរជាទៅរំលោភយកដីប្រជាជន ហើយបើថ្ងៃណាធ្វើឬក្សជាចុះ ទៅជួយប្រជាជនវិញអ្ហេះ ដើរដូចជាខ្ពើមភ្លឺស្រែ ខ្លះទៅសុំផ្លែដូងប្រជាជនយកមកផ្ទះវិញក៏មានដែរ ។ បើនិយាយជាមួយប្រជាជនធ្វើដូចជាងើយៗ មុខឡើងលើ ហើយខ្លះទៀតសួរប្រជាជនថា មានសល់ដីទំនេរទេចង់ទិញក៏មានដែរ ។
ហេស ! ហេ ចរឹកបែបនេះលោតែអស់តំណែងវិញនោះ មិនខុសពីសត្វទា ដែលគេចាប់យកទៅខ្វៃនោះឡើយ ។ពេលធ្វើធំមិនគិតពីរឿងជួយជាតិ ជួយប្រជាជនទេ បែរជាគិតថាជាឱកាសសន្សំទ្រព្យទៅវិញ ។ បែបនេះសមតែចាប់មកធ្វើជាង៉ាំង៉ូវទេវើយ ។សង្ឃឹមថាស្រុកខ្មែរយើងមិនមាន អ្នកធំចរឹកទាបានឡើងទ្រើងបែបនេះទៅចុះ ។ សុំទោសអ្នកសរសេរនេះ ចរឹកដូចជាចង់ឆ្កួតបន្តិច ដូចជាឡឺកឺបន្តិចទេសូមញាតិញោម ខន្ដីកុំប្រកាន់ជាមួយមនុស្ស ដែលមិនសូវគ្រប់ ៕

អត្ថបទដែលជាប់ទាក់ទង