ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីបើកនៃពិព័រណ៍ នាំចូលនិងនាំចេញ ផលិតផលចិនលើកទី១៣០

74

ប្រទេសចិន ៖ នាថ្ងៃទី១៤ខែតុលា ពិធីបើកនៃពិព័រណ៍នាំចូលនិងនាំចេញផលិតផលចិនលើកទី១៣០(The 130th China Import and Export Fair)ត្រូវបានរៀបចំឡើងនៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន ដែលកម្មវិធីពិព័រណ៍ខាងលើនេះក្រោមប្រធានបទ“លើកកម្ពស់វដ្តទ្វេក្នុងក្នុងប្រទេសនិងអន្តរជាតិ”។ ឯកឧត្តម Xi Jinping ប្រធានាធិបតីចិនបានផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម Li Keqiang នាយករដ្ឋមន្រ្តីចិនបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកខាងលើ។ ថ្នាក់ដឹកនាំប្រទេសនិងអង្គការអន្តរជាតិមានដូចជា ប្រទេសប៉េរូ រ៉ុស្ស៊ី ហុងគ្រី ម៉ាឡេស៊ី កូតឌីវ័រ និងសន្និសីទពាណិជ្ជកម្មនិងការអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិបានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធVideo Conference។

ឯកឧត្តម Xi Jinping បានបង្ហាញក្នុងសារលិខិតរបស់លោកថា ចាប់តាំងពីបង្កើតពិព័រណ៍នាំចូលនិងនាំចេញផលិតផលចិនអស់រយៈពេល៦៥ឆ្នាំកន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបម្រើពាណិជ្ជកម្មអន្តរជាតិ លើកកម្ពស់ការតភ្ជាប់រវាងក្នុងនិងក្រៅ និងបានជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ។ នាពេលបច្ចុប្បន្ននេះ ក្រោមការផ្លាស់ប្តូរនៃពិភពលោកនិងក្រោមការគំរាមកំហែងនៃជំងឺវីរុសកូវីដ១៩ដែលពុំធ្លាប់មានពីមុនមកអស់រយៈពេលមួយរយឆ្នាំ ពាណិជ្ជកម្មសេដ្ឋកិច្ចលើពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងខ្លាំង។ ពិព័រណ៍ខាងលើបានដើរតួនាទីសម្រាប់ការកសាងលំនាំអភិវឌ្ឍថ្មី ច្នៃប្រឌិតថ្មីនូវយន្តការ លើកកម្ពស់ប្រភេទសេវាកម្មកាន់តែសម្បូរបែប ពង្រីកមុខងារ និងខិតខំបង្កើតវេទិកាដ៏សំខាន់សម្រាប់ប្រទេសចិនយ៉ាងពេញលេញដើម្បីបើកចំហសម្រាប់ក្រៅប្រទេស ជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្មអន្តរជាតិដែលមានគុណភាពខ្ពស់ និងវដ្តទ្វេដែលតភ្ជាប់រវាងក្នុងប្រទេសនិងអន្តរជាតិ។ ភាគីចិនរីករាយសហការជាមួយបណ្តាប្រទេសលើពិភពលោក ប្រកាន់ខ្ជាប់ពហុភាគីនិយមពិតប្រាកដ ជំរុញការកសាងសេដ្ឋកិច្ចពិភពលោកកម្រិតខ្ពស់និងប្រកបដោយលក្ខណៈបើកចំហ។

ឯកឧត្តម Li Keqiang មានប្រសាសន៍ថា ចាប់តាំងពីបង្កើតពិព័រណ៍នាំចូលនិងនាំចេញផលិតផលចិនអស់រយៈពេល៦៥ឆ្នាំកន្លងមក បានឆ្លងកាត់ពុះពារព្យុះភ្លៀងយ៉ាងច្រើន ទទួលបានសមិទ្ធផលផ្លែផ្កាអនេកគួរឱ្យកត់សម្គាល់។ ឯកឧត្តម Xi Jinping បានផ្ញើសារលិខិតអបអរសាទរក្នុងពិធីខាងលើ នេះបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិនដែលតែងគោរពយកការបើកចំហយ៉ាងទូលំទូលាយនិងជំរុញពាណិជ្ជកម្មសេរី។ ប្រវត្តិសាស្រ្តនៃពិព័រណ៍ខាងលើ គឺជាប្រវត្តិសាស្ត្រនៃការបើកចំហយ៉ាងទូលំទូលាយនិងការបញ្ចូលគ្នានៃសេដ្ឋកិច្ចពិភពលោក។ ក៏ជាប្រវត្តិសាស្រ្តនៃឱកាសអភិវឌ្ឍចិនដែលមានការចែករំលែករួមពីសហគ្រាសនៃបណ្ដាប្រទេសនិងសម្រេចបានអត្ថប្រយោជន៍និងជោគជ័យរួម។ កំណែទម្រង់បើកចំហជាគោលនយោបាយជាតិមូលដ្ឋានរបស់ចិន និងក៏ជាកម្លាំងចលករមូលដ្ឋានសម្រាប់ជំរុញការអភិវឌ្ឍន៍ចិននាថ្ងៃមុខ។ ការអភិវឌ្ឍន៍ចិននឹងជំរុញទៅមុខក្នុងកំណែទម្រង់និងបោះជំហានទៅមុខក្នុងការបើកចំហ។ យើងរីករាយចែករំលែករួមនូវឱកាសអភិវឌ្ឍរួមនិងគំនូរប្លង់អភិវឌ្ឍន៍ដែលគូសរួមគ្នាជាមួយបណ្ដាប្រទេសលើពិភពលោក ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍កាន់តែល្អប្រសើរ។

ពិព័រណ៍នាំចូលនិងនាំចេញផលិតផលចិនលើកនេះ ត្រូវបានរៀបចំឡើងលើកដំបូងក្រោមទម្រង់OnlineនិងOffline មានក្រុមហ៊ុនសហគ្រាសជាង៧៨០០កន្លែងបានចូលរួមពិព័រណ៍ដោយផ្ទាល់ និងមានក្រុមហ៊ុនសហគ្រាសនិងក្រុមហ៊ុនបញ្ជាទិញលើពិភពលោកជាង២៦០០០កន្លែងបានចូលរួមពិព័រណ៍ខាងលើដោយតាមរយៈOnline។ អ្នកតំណាងរដ្ឋាភិបាលបរទេស អង្គការអន្តរជាតិ និងប្រធានក្រុមហ៊ុនក្រៅប្រទេសជាង១០០រូបបានអញ្ជើញចូលរួមតាមរយៈOnlineផងដែរ៕

អត្ថបទដែលជាប់ទាក់ទង