ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថខេត្តក្រចេះបញ្ជូនមេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងមេបញ្ជាការរងក្រុងក្រចេះ ទៅសាលាដំបូងខេត្ត

109

 

ភ្នំពេញ ៖ កងរាជអាវុធហត្ថខេត្តក្រចេះ នៅថ្ងៃទី១ខែវិច្ឆិកានេះ បានកសាងសំណុំរឿងបញ្ជូនខ្លួនលោក ទេព ហ៊ុយ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ និងលោក គឹម សុវណ្ណារិទ្ធិ ជាមេបញ្ជាការរងក្រុងក្រចេះ ទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី ក្នុងសំណុំរឿងហិង្សាដោយចេតនា ទៅលើក្មេងស្រីពីរនាក់ដែលជាកូនឈ្មួលបម្រើនៅក្នុងផ្ទះ។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចក៏បាននាំខ្លួនក្មេងស្រីរងគ្រោះ ទៅធ្វើត្រាប់ពីសកម្មភាពដែលក្រុមជនសង្ស័យវា.យដំលើរូបនាងផងដែរ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បានថ្លែងថា តាមក្រមព្រហ្មទណ្ឌ មាត្រា២១៩ “ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ៖ អំពើហិ.ង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល កាលបើអំពើហិង្សានេះត្រូវបានប្រព្រឹត្តទៅលើ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ”។ ដូច្នេះជនសង្ស័យជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ អាចនឹងប្រឈមការផ្តន្ទាទោសដូចរៀបរាប់ខាងលើ។ សូមបងប្អូនជឿជាក់លើកងរាជអាវុធហត្ថ ក្នុងការកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។

បើតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី សូមគោរពសម្រាបសួរបងប្អូនទាំងអស់ ថ្ងៃនេះ (៣១ តុលា ២០២១) ខ្ញុំបាទឆ្លៀតឱកាស បង្ហាញអំពីទិដ្ឋភាពច្បាប់ខ្លះៗ ដើម្បីឱ្យបងប្អូនយល់ដឹង និងរួមគ្នាគោរពច្បាប់ទាំងអស់គ្នា។

លោកបន្តថា ម្សិលមិញ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានអំពីការឃាត់ខ្លួនបុគ្គល ដែលប្រព្រឹត្តអំពើហិ.ង្សាទៅលើក្មេងស្រី ហើយបុគ្គលនោះ គឺជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ។

លោកថា ក្រោយពីប្រកាសព័ត៌មាន ក៏មានបងប្អូនយើង ចូលរួមបញ្ចេញមតិ (Comments) ផងដែរ។ តាមពិតការបញ្ចេញមតិមិនខុសទេ ប៉ុន្តែការជេរប្រមាថផ្សេងៗ ជាការណ៍មិនល្អ សម្រាប់សីលធម៌ ខ្ញុំបាទក៏យល់ដែរថា មកពីបងប្អូនខឹងនឹងអំពើល្មើសនិងអសីលធម៌របស់បុគ្គលនោះ។ ខ្ញុំបាទ ជាអ្នកនាំពាក្យ និងមានភារកិច្ចធ្វើការអប់រំចិត្តរបស់កងរាជអាវុធហត្ថ ខ្ញុំបាទសូមអភ័យទោស និងទទួលនូវកំហុសឆ្គងនេះទាំងស្រុង ពីព្រោះអាចមកពីការអប់រំមិនជ្រួតជ្រាបផងដែរ។ តាមច្បាប់គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ បុគ្គលម្នាក់ៗ ទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ។ ដូច្នេះនៅក្នុងករណីអំពើហិង្សានេះ កងរាជអាវុធហត្ថ ចាត់ការតាមនីតិវិធីយ៉ាងម៉ឺងម៉ាត់ចំពោះជនដែលប្រព្រឹត្តរួចហើយ។

តាមក្រមព្រហ្មទណ្ឌ មាត្រា២១៩._ ស្ថានទម្ងន់ទោសទាក់ទងទៅនឹងជនរងគ្រោះ ៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល កាលបើអំពើហិង្សានេះត្រូវបានប្រព្រឹត្តទៅលើ បុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ…។ ដូច្នេះជនសង្ស័យអាចនឹងប្រឈមការផ្តន្ទាទោសដូចរៀបរាប់ខាងលើ។ សូមបងប្អូនជឿជាក់លើកងរាជអាវុធហត្ថ ក្នុងការកសាងសំណុំរឿងនេះបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។ សូមចាំថា ការផ្តន្ទាទោស មិនមែនមានន័យជាការសងសឹកនោះទេ គឺជាការអប់រំស្តារនិតិសម្បទាបុគ្គលនោះ ឱ្យមករួមរស់ក្នុងសង្គមវិញ។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបញ្ជាឲ្យសមត្ថកិច្ចចាត់វិធានការចំពោះជនល្មើសផ្សេងទៀត ដែលពាក់ព័ន្ធនៅក្នុងអំពើហិង្សា និងទារុណកម្មនេះថែមទៀតផង ពោលមិនលើកលែងឲ្យជាដាច់ខាត។

នាយឧត្តមសេនីយ៍ សៅ សុខា ចាត់ទុកថា ទង្វើបែបនេះជាពាល រឿងអសីលធម៌ និងមិនអាចទទួលយកបាននោះឡើយ ហើយនាយឧត្តមសេនីយ៍ ក៏មិនទុកឲ្យមានមន្រ្តីអាវុធហត្ថបែបនេះ នៅក្នុងជួរអង្គភាពទៀតឡើយ។

បើតាមនាយឧត្តមសេនីយ៍ សៅ សុខា «ខ្ញុំឱ្យបង្ក្រាបទាំងអស់ ចំពោះអ្នកពាក់ព័ន្ធប៉ុន្មាន ពីព្រោះវាជារឿងពាលដល់ថ្នាក់ហ្នឹង គ្មានដឹងសីលធម៌ ធ្វើបាបកូនក្មេងតូចៗ អត់បានទេ រឿងនេះខ្ញុំម៉ឺងម៉ាត់ដាច់ខាត ពួកប្រព្រឹត្តបទល្មើសទាំងនេះ ខ្ញុំមិនទុកនៅក្នុងអង្គភាពជាដាច់ខាត ទោះបីស័ក្តិប៉ុណ្ណា ក៏មិនឱ្យរួចខ្លួនដែរ ពីព្រោះវាជាករណីឃោរ.ឃៅ ព្រៃផ្សៃ ដែលខ្ញុំមិនអាចទទួល យកបានឡើយ ជាពិសេសទៅលើក្មេងតូចៗទៀត» ។

សូមបញ្ជាក់ថា លោក ទេព ហ៊ុយ មេបញ្ជាការអាវុធហត្ថក្រុងក្រចេះ ខេត្តក្រចេះ ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនបន្ទាប់ពីបានប្រើហិង្សា និងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើក្មេងស្រីពីរនាក់ ដែលជាឈ្នួលបម្រើក្នុងផ្ទះ រហូតត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា អំពីការបើកការស៊ើបអង្កេតបឋម ដោយមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ លើករណីប្រើអំពើហិង្សាទៅលើក្មេងស្រី ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្តាលឱ្យរងរបួស ពេលបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ បាននិងកំពុងធ្វើការស៊ើបអង្កេតបឋម តាមនីតិវិធី ដោយមានការដឹក នាំ និងសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ។

លោក ឧត្តមសេនីយ៍តី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់ថា ឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ ឋានន្តរសក្តិវរសេនីយ៍ត្រី មុខងារមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវ បានឃាត់ខ្លួន នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ មូលហេតុ បុគ្គលនេះ បានប្រព្រឹត្តអំពើហិង្សាទៅលើ ក្មេងស្រីដែលជាកូនឈ្នួល (អ្នកបម្រើនៅផ្ទះ)។ ទន្ទឹមនឹងនោះ ក៏បានឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធ នឹងការប្រព្រឹត្តបទល្មើសផងដែរ។

កន្លងទៅ កងរាជអាវុធហត្ថ បានដាក់ចេញនូវទិសស្លោក “ចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប” ជាមួយគ្នានោះដែរ ក្រោមការ គ្រប់គ្រង ដឹកនាំ បញ្ហារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បុគ្គលគ្រប់រូប ដែលប្រព្រឹត្តបទល្មើសត្រូវតែបង្ក្រាប និងអនុវត្តតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង