ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិននៅដើមខែមករា ឆ្នាំ២០២២ សំដៅជំរុញរំហូរវិនិយោគ និងពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរ

66

 

ភ្នំពេញ ៖ ឯកឧត្តមសុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍នូវការចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិននៅដើមខែមករា ឆ្នាំ២០២២ សំដៅជំរុញរំហូរវិនិយោគ និងពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរ។

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ពិធីចុះហត្ថលេខាលើអនុស្សារណះនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិនស្តីពីការបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការ វិនិយោគនិងសេដ្ឋកិច្ច ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម រិន ហុងពី អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម សុខ សុភ័ក្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា។ ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៍សំខាន់ដែលក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិត ចិន និងក្រសួងពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងគោលបំណងរួមគ្នាលើកកម្ពស់គំនិត ផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ ភ្ជាប់ជាមួយគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥ នៃព្រះរាជាណាចក្រកម្ពុជា, រួមគ្នាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទ្វេភាគី, ពង្រឹងការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យផ្សេងៗ និងធ្វើឱ្យប្រសើរឡើងនូវ យន្តការកិច្ចសហប្រតិបត្តិការវិនិយោគក្នុងក្របខ័ណ្ឌនៃគណៈកម្មការស្តីពីកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច និង ពាណិជ្ជកម្មចិន-កម្ពុជា។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ ចំពោះអនុស្សារណៈយោគយល់នេះ និងសម្ដែងនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា នឹងជំរុញរំហូរវិនិយោគ និងពាណិជ្ជកម្មទ្វេទិសរវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃជំនួបកំពូលរវាងប្រមុខរដ្ឋាភិបាលតាម ប្រព័ន្ធវីដេអូកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ដ្រីបាន ផ្នួសបញ្ជាក់អំពីការប្រកាសឱ្យប្រើច្បាប់ថ្មីស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០២១ កន្លងទៅ ស្របពេលដែលកម្ពុជាកំពុងស្ថិតក្នុងដំណើរការបើកសកម្មភាពធុរកិច្ច និង កិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលន អត្រាចាក់វ៉ាក់សាំងខ្ពស់ជូនប្រជាជន និងជំនឿទុកចិត្តពីវិនិយោគិន និងភ្ញៀវទេសចរស្ថិតក្នុងដំណាក់កាលនៃជំងឺរាតត្បាតនេះ។
ឯកឧត្តមក៏បានកត់សម្គាល់នូវសមិទ្ធផលជាទីមោទនៈនៃកិច្ចសហប្រតិបត្តិការ វិនិយោគផងដែរ តាមរយៈទំហំទុនវិនិយោគដ៍ច្រើន របស់វិនិយោគិនចិននៅកម្ពុជា ដែលធ្វើឱ្យការ វិនិយោគចិនឈរនៅចំណាត់ថ្នាក់ទី១ ដែលនឹងជួយជំរុញ និងពន្លឿនសមត្ថភាពកម្ពុជាក្នុងការស្តារ សង្គម- សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវី៥-១៩។

ក្រៅពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចផងដែរ អំពីការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដ៏សន្ធឹកសន្ធាប់ពីមិត្តចិនតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ ដែល បានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងជាបុរេលក្ខខ័ណ្ឌសម្រាប់ ការអភិវឌ្ឍខឿនសេដ្ឋកិច្ច-សង្គមកម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍នូវការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិននៅដើមខែមករា ឆ្នាំ២០២២ សំដៅជំរុញរំហូរវិនិយោគ និងពាណិជ្ជកម្មទៅវិញទៅមករវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង